​អាវុធហត្ថ រាជធានី​ភ្នំពេញ បានបង្ហាញ​មុខ ជនសង្ស័យ​១៨​នាក់ មុន​បញ្ជូនទៅ​តុលាការ​

ភ្នំពេញ:  នៅ​ព្រឹក ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០១៥ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បានបង្ហាញ​មុខ និង​បញ្ជូន​ជនសង្ស័យ​១៨​នាក់ រួម​និង​វត្ថុតាង​គ្រឿងញៀន​ក្រាម​ពណ៌​ស​ថ្លា សរុប​ចំនួន​៣៦​កញ្ចប់ ព្រមទាំង​សម្ភារៈប្រើប្រាស់​មួយចំនួន បន្ទាប់ពី​បានធ្វើការ​ស្រាវជ្រាវ និង​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ពាក់ព័ន្ធ ករណី​គ្រឿងញៀន​ជា​បន្ត​បន្ទាប់មក​នោះ​។​

​លោក​វរសេនីយ៍ ប៉ាន់ សុភាព នាយការិយាល័យ​ស្រាវជ្រាវ ប្រឆាំង​បទល្មើស​គ្រឿងញៀន កងរាជអាវុធហត្ថ​រាជធានី បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០១៥ ការិយាល័យ​បង្ក្រាប​គ្រឿងញៀន នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ សហការ​ជាមួយ​អាវុធហត្ថ​ខណ្ឌដូនពេញ ឃាត់ខ្លួន​បាន​ជនសង្ស័យ​១​នាក់ នៅ​ចំណតរថយន្ត​ផ្សារ​សូរិយា​ម៉​ល សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ ហើយ​បាន​ដកហូត​គ្រឿងញៀន​៧​កញ្ចប់ និង​សម្ភារៈ​សម្រាប់​សេព​មួយចំនួនទៀត​។​

​នៅ​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៥ ការិយាល័យ​បង្ក្រាប​គ្រឿងញៀន​នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​សហការ​ជាមួយ​អាវុធហត្ថ​ខណ្ឌ​ជ្រោយចង្វា​ឃាត់ខ្លួន​បាន​ជនសង្ស័យ​២​នាក់ នៅ​ភូមិ​៣ សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា ដោយ​ដកហូត​បាន​គ្រឿងញៀន​២០​កញ្ចប់​។ នៅ​ថ្ងៃ​ដដែល​នេះ​ផងដែរ ការិយាល័យ​បង្ក្រាប​គ្រឿងញៀន​នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​សហការ​ជាមួយ​អាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ឃាត់ខ្លួន​បាន​ជនសង្ស័យ​១២​នាក់ នៅផ្ទះ​សំណាក់​វិមាន​អង្គរជ័យ ផ្លូវ​វេ​ង​ស្រេង ភូមិ​ចោមចៅ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ដោយ​ដកហូត​បាន​គ្រឿងញៀន​៥​កញ្ចប់ និង​សម្ភារៈ​សម្រាប់​សេព​មួយចំនួនទៀត​។​

​លោក​វរសេនីយ៍ ប៉ាន់ សុភាព បន្តថា នៅ​យប់​ថ្ងៃទី​២១​ឈានចូល​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៥ អាវុធហត្ថ​ខណ្ឌចំការមន ឃាត់ខ្លួន​បាន​ជនសង្ស័យ​១​នាក់​នៅលើ​ផ្លូវ​៥០៨ សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន ដោយ​ដកហូត​បាន​គ្រឿងញៀន​១​កញ្ចប់ និង​អាវុធហត្ថ​ខណ្ឌទួលគោក​សហការ​ជាមួយ​ការិយាល័យ​បង្ក្រាប​គ្រឿងញៀន​នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​បាន​ជនសង្ស័យ​២​នាក់ នៅ​ផ្លូវ​១៩២ សង្កាត់​ទឹកល្អក់​២ និង​បន្ទប់​ជួល​គ្មាន​លេខ ភូមិ​១០ ផ្លូវលំ សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក ដោយ​ដកហូត​គ្រឿងញៀន​បាន​៣​កញ្ចប់​។​

​លោក​វរសេនីយ៍ ប៉ាន់ សុភាព នាយការិយាល័យ​ស្រាវជ្រាវ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​កងរាជអាវុធហត្ថ​រាជធានី បាន​បញ្ជាក់ថា ជនសង្ស័យ​ទាំង​១៨​នាក់​និង​វត្ថុតាង ត្រូវបាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕V​/S