បទល្មើស​នេសាទ​ក្នុងស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ កើតឡើង​យ៉ាង​ពេញបន្ទុក​សមត្ថកិច្ច​មិន​បង្ក្រាប

បទល្មើស​នេសាទ​ក្នុង​តំបន់​បឹង​ទន្លេសាប ឃុំ​ផាត់​សណ្ដាយ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ កំពុង​កើតឡើង​យ៉ាង​អនាធិបតេយ្យ ហើយ​មន្ត្រីរដ្ឋបាល​ជល​ផល​និង​សមត្ថកិច្ច​ពាក់ព័ន្ធ មិន​ចាត់វិធានការ​បង្ក្រាប​នោះទេ ព្រោះ​ខ្លាច​បាត់បង់​ផលប្រយោជន៍​។ ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ផាត់​សណ្ដាយ បាន​អំពាវនាវ​ឲ្យ​លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​នេសាទ​ក្នុង​មូលដ្ឋាន​របស់​ពួកគាត់​ជាបន្ទាន់ ព្រោះ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ស្រុក​កំពង់ស្វាយ និង​លោក ប៉ែន សុវណ្ណារិទ្ធ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកំពង់ធំ មិន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​យ៉ាង​រាលដាល​នោះឡើយ​។

ប្រភពពី​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ផាត់​សណ្ដាយ ស្រុក​កំពង់ស្វាយ បាន​ឲ្យ​ដឹងថា មន្ត្រី​អាជ្ញាធរ​ឃុំ អាជ្ញាធរ​ស្រុក និង​មន្ត្រីរដ្ឋបាល​ជលផល មិន​យកចិត្តទុកដាក់​បង្ក្រាប​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​ដូចជា របាំង​ណ​រ៉ាវ ឬ​របាំង​ព្រួល នៅ​បឹង​ទន្លេសាប​នោះទេ​។ ប្រការនេះ​ធ្វើ​ឲ្យ​ក្រុម​ជនល្មើស​កាន់តែ​បង្កើន​សកម្មភាព​ប្រើ​ឧបករណ៍​ខុសច្បាប់​យ៉ាង​គឃ្លើន គ្មាន​ញញើត​អ្វី​ទាំងអស់​បណ្ដាល​ឲ្យ​ធនធាន​មច្ឆជាតិ​ត្រូវ​ប្រឈម​នឹង​មហន្តរាយ​។ មន្ត្រីរដ្ឋបាល​ជលផល​និង​សមត្ថកិច្ច​ពាក់ព័ន្ធ គិតគូរ​តែ​រឿង​ផលប្រយោជន៍​ប៉ុណ្ណោះ ហើយ​ទុក​ឲ្យ​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​កើតឡើង​កាន់តែច្រើន​។

ប្រជា​នេសាទ​ជា​លក្ខណៈ​គ្រួសារ​ក្នុង​ឃុំ​ផាត់​សណ្ដាយ បាន​ឲ្យ​ដឹងថា មន្ត្រីរដ្ឋបាល​ជលផល​និង​មន្ត្រី​អាជ្ញាធរ ព្រមទាំង​សមត្ថកិច្ច​ពាក់ព័ន្ធ គឺជា​អ្នក​ឃុបឃិត​បើកដៃ​ឲ្យ​ជនល្មើស​ប្រើ​ឧបករណ៍​ខុសច្បាប់​បំផ្លាញ​ធនធាន​មច្ឆជាតិ​តាម​អំពើ​ចិត្ត​។ ជាក់ស្ដែង​របាំង​ណ​រ៉ាវ​ប្រវែង​បណ្ដោយ​ពី​១០០០​ម៉ែត្រ​ដល់​១៥០០​ម៉ែត្រ ត្រូវបាន​គេ​ដាក់​នៅលើ​ផ្ទៃ​បឹង​ទន្លេសាប​ក្នុង​ឃុំ​ផាត់​សណ្ដាយ​យ៉ាង​ពេញបន្ទុក ហើយ​ពេល​សមត្ថកិច្ច​ជំនាញ​ចុះទៅ​គេ​គ្រាន់តែ​ពន្លិច​ទៅក្នុង​ទឹក​គឺជា​ការ​ស្រេច​។ បញ្ហា​នេះ លោក អេង ជា​សាន អគ្គ​នាយ​រដ្ឋបាល​ជល​ផល មិនត្រូវ​មើលរំលង​តែ​ទៅទៀត​ទេ ព្រោះ​មន្ត្រីរដ្ឋបាល​ជលផល​ស្រុក​កំពង់ស្វាយ និង​លោក ប៉ែន សុវណ្ណារិទ្ធ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកំពង់ធំ ត្រូវ​ប្រជាពលរដ្ឋ​រិះគន់ថា ជា​អ្នក​ឃុបឃិត​ឲ្យ​មាន​បទល្មើស​នេសាទ ដើម្បី​ប្រមូល​ផលប្រយោជន៍​យ៉ាង​សុខ​ស្រួល​បំផុត​។

SR-168លោក អេង ជាសាន អគ្គនាយករដ្ឋបាលជលផល imageឧបករណ៍នេសាទខុសច្បាប់ក្នុងបឹងទន្លេសាប នៃឃុំផាត់សណ្ដាយ