លោក វ៉ូ វណ្ណា ប្រធាន​សាខាគយ​ខេត្តកណ្ដាល កំពុង​ល្បីល្បាញ​ខាង​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ​និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​

កាល​នៅ​ធ្វើជា​មេ​គយ​ច្រក​អន្តរជាតិ​ត្រពាំង​ផ្លុ​ង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ លោក វ៉ូ វណ្ណា បាន​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​បន្លំ​ប្រភេទ​ទំនិញ​ស្រេច​តែ​អំពើ​ចិត្ត ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​ដែល​ឈ្មួញ​ខិលខូច​ផ្ដល់​ឲ្យ​។ ឥឡូវនេះ​ពេល​បាន​កាន់តំណែង​ជា​ប្រធាន​សាខាគយ​ខេត្តកណ្ដាល លោក វ៉ូ វណ្ណា នៅតែ​អនុវត្តន៍​ដូច​ពេលដែល​ខ្លួន​ធ្វើជា​មេ​គយ​នៅ​ច្រកទ្វារ​អន្តរជាតិ​ត្រពាំង​ផ្លុ​ង​ដដែល​។ ប្រភពពី​មន្ត្រី​គយ​តូចតាច​ក្នុង​ខេត្តកណ្ដាល បាន​ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​ធំៗ​ក្នុងនោះ មាន​ឧត្ដម​សេនិយ៍​មួយចំនួន​ផងដែរ នាំចូល​ទំនិញគេចពន្ធ​និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់យ៉ាង​អនាធិបតេយ្យ​។

ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ក្នុងតួនាទី​ជា​ប្រធាន​សាខាគយ​ខេត្តកណ្ដាល លោក វ៉ូ វណ្ណា កំពុង​កាក់កប​ក្នុងការ​ឃុបឃិត​ឲ្យ​ឈ្មួញ​ជា​ឧត្ដមសេនីយ៍​នៃ​កងកម្លាំងប្រដាប់អាវុធ​មួយចំនួន​នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់ ឆ្លងកាត់​ទឹកដី​ខេត្តកណ្ដាល​យ៉ាង​គគ្រឹកគគ្រេង​។ អាច​និយាយបានថា ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ​និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​ឆ្លងកាត់​ផ្លូវជាតិ​លេខ​២១​បេ ផ្លូវជាតិ​លេខ​២ និង​ផ្លូវជាតិ​លេខ​៣ គឺជា​ប្រភព​ចំណូល​ដ៏​កាក់កប​របស់លោក វ៉ូ វណ្ណា​។ បញ្ហា​នេះ លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏ដូចជា​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ មិនត្រូវ​មើលរំលង​សកម្មភាព​បំផ្លាញ​ចំណូល​ពន្ធ​រដ្ឋ​របស់លោក វ៉ូ វណ្ណា និង​បក្ខពួក​នោះទេ​។

ប្រភព​ដែល​ស្និទ្ធ​នឹង​លោក វ៉ូ វណ្ណា បាន​ឲ្យ​ដឹងថា ឈ្មួញ​ជា​ឧត្ដមសេនីយ៍​កងកម្លាំង​ប្រដាប់អាវុធ​មួយចំនួន បាន​នាំចូល​ទំនិញគេចពន្ធ ទំនិញ​ខុសច្បាប់ ទំនិញ​បង់ពន្ធ​មិន​គ្រប់ គ្រឿងសំណង់ និង​ទំនិញ​ចាប់ហួយ​ជាដើម យ៉ាង​ពេញបន្ទុក​ធ្វើ​ឲ្យ​ផ្លូវជាតិ​លេខ​២១​បេ ពី​ច្រក​ជ្រៃ​ធំ​មក​ក្រុង​តាខ្មៅ ស្ទើរ​ខូច​អស់​ទៅហើយ​។ ក្នុង​តំណែង​ជា​ប្រធាន​សាខាគយ​ខេត្តកណ្ដាល លោក វ៉ូ វណ្ណា មិន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​ឲ្យ​ស្របទៅតាម​បទបញ្ជា​និង​គោលការណ៍​កែទម្រង់​ស៊ីជម្រៅ​របស់​រដ្ឋាភិបាល លោក ហ៊ុន សែន នោះទេ​។ ផ្ទុយទៅវិញ​លោក វ៉ូ វណ្ណា កំពុងតែ​ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​ខុសច្បាប់ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់ ដឹកជញ្ជូន​ឆ្លងកាត់​ទឹកដី​ខេត្តកណ្ដាល យ៉ាង​រលូន​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​យ៉ាង​ក្រអឺតក្រទម​បំផុត​។ ទំនិញ​ទាំងនោះ​ឈ្មួញ​ដឹកជញ្ជូន​ឆ្លងកាត់​ផ្លូវជាតិ​លេខ​២១​បេ ផ្លូវជាតិ​លេខ​២ ផ្លូវជាតិ​លេខ​៣ និង​ផ្លូវជាតិ​មួយចំនួនទៀត ចូលមក​រាជធានី​ភ្នំពេញ ហើយ​ចែកចាយ​លើ​ទីផ្សារ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​៕

W@t-18102លោក វ៉ូ វណ្ណា ប្រធានសាខាគយខេត្តកណ្ដាល