គយ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ច្រក​អន្តរជាតិ​អូរ​យ៉ា​ដាវ បើកដៃ​ឲ្យ​ឈ្មួញ​យួន​នាំចូល​ទំនិញ​ចាប់ហួយ​យ៉ាង​ពេញបន្ទុក​

​ប្រភពពី​ប្រជាពលរដ្ឋ​និង​អាជីវករ​នាំចូល​ទំនិញ​ពី​ស្រុក​យួន​តាម​ច្រក​អន្តរជាតិ​អូរ​យ៉ា​ដាវ បាន​ឲ្យ​ដឹងថា ឈ្មួញ​យួន​ម្នាក់​អាច​នាំ​ទំនិញ​ចាប់ហួយ​ចូលមក​ស្តុក​ទុក​និង​លក់​ចែកចាយ​ក្នុងស្រុក​បរ​កែវ ស្រេច​តែ​អំពើ​ចិត្ត​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា រៀងរាល់​ពេល​ថ្ងៃ​ជិត​លិច​ថៅកែ​ជនជាតិ​យួន​បាន​ដឹកទំនិញ​ចាប់ហួយ​ជាច្រើន​ប្រភេទ និង​ទឹក​សុទ្ធ​តាម​រថយន្ត​សាំ​យ៉ុង​យ៉ាង​សំពីងសំពោង​មក​ស្តុក​ទុក​ក្នុង​ឃ្លាំង​មួយកន្លែង​នៅ​ភូមិ​ត្រុំ ឃុំ​ឡា​មិញ ស្រុក​បរ​កែវ យ៉ាង​រលូន​។

ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា មន្ត្រី​គយ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​ច្រក​អូ​រយ៉ា​ដាវ មិន​ខ្វល់​រឿង​ថៅកែ​ជនជាតិ​យួន​ដឹកទំនិញ​លើស​ចំណុះ​ឆ្លងដែន​នោះទេ គឺ​ពួកគេ​គិតតែ​ប្រមូល​ផលប្រយោជន៍​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​យ៉ាង​សុខ​ស្រួល​។ ចំណែក​ប្រជាពលរដ្ឋ​រស់នៅក្នុង​ឃុំ​ឡា​មិញ បាន​ឲ្យ​ដឹងថា ថៅកែ​ជនជាតិ​យួន​ដឹកទំនិញ​ចាប់ហួយ​មក​ស្តុក​ទុក​ក្នុង​ឃ្លាំង​នៅពេល​យប់ ហើយ​ទំនិញ​ជាច្រើន​ប្រភេទ​នោះ​ត្រូវគេ​យកទៅលក់​រាយ​និង​បោះ​ដុំ​នៅ​ផ្សារ​បាន​លុង​ក្នុង​មួយថ្ងៃ​ជាច្រើន​រថយន្ត​សាំ​យ៉ុង​។ មន្ត្រី​គយ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​ច្រក​អូ​រយ៉ា​ដាវ មិន​ត្រួតពិនិត្យ​គុណភាព​ទំនិញ​ដែល​ឈ្មួញ​យួន​នាំចូល​ឡើយ គឺ​ពួកគេ​គិតតែ​ពិនិត្យ​លុយ​ដែល​ឈ្មួញ​យួន​ផ្ដល់​ឲ្យ​ជាប្រចាំ​។

​ថៅកែ​យួន​ដែល​នាំចូល​ទំនិញ​ចាប់ហួយ​តាម​ច្រក​អន្តរជាតិ​អូរ​យ៉ា​ដាវ បាន​ប្រាប់​អាជីវករ​ខ្មែរ​មួយចំនួន​ឲ្យ​ដឹងថា ការដែល​ខ្លួន​អាច​នាំចូល​ទំនិញ​ជាច្រើន​ប្រភេទ​មក​ចែកចាយ​ដល់​ក្រុង​បាន​លុង គឺមាន​ការបង់​លុយ​ឲ្យ​សមត្ថកិច្ច​គយ​ច្រកព្រំដែន សមត្ថកិច្ច​គយ​ចល័ត និង​សាខាគយ​ខេត្តរតនគិរី ផងដែរ​។ ប្រសិនបើ​មិន​បង់លុយ​ជាប្រចាំ​ទេនោះ ប្រាកដជា​ត្រូវ​ប្រឈម​នឹង​ការបង្ក្រាប​ជាមិនខាន ហើយ​មួយផ្នែក​ទៀត​ត្រូវ​បង់​ទៅ​ឲ្យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត និង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួង​។ ដូច្នេះ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ គួរ​ត្រួតពិនិត្យ​ជាបន្ទាន់​ព្រោះ​ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា ទំនិញ​ចាប់ហួយ​ដែល​ឈ្មួញ​យួន​នាំចូល​តាម​ច្រក​អូរ​យ៉ា​ដាវ បង់ពន្ធ​តែ​២០​ទៅ​៣០​ភាគរយ​តែប៉ុណ្ណោះ ហើយ​ក្រៅពីនេះ​ត្រូវ​ហូរ​ចូល​ហោប៉ៅ​សមត្ថកិច្ច​ពុករលួយ​ជា​ប្រព័ន្ធ​៕

that-0345 that-0343 that-0344