កម្លាំងមន្ទីរគ្រឿងញៀន សហការជាមួយ កម្លាំងនគរបាលខេត្ត ចុះបង្ក្រាបមុខសញ្ញា ជួញដូរគ្រឿងញៀន

កំពត ៖ មេក្លោងជួញដូរគ្រឿងញៀន ដ៏សកម្មម្នាក់ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងរបស់មន្ទីរគ្រឿងញៀន នៃក្រសួង មហាផ្ទៃ សហកាជាមួយកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តកំពត ដែលមានការបញ្ជាផ្ទាល់ផងដែរ ដោយលោក ឧត្តមសេនីយ៍ ស្នងការខេត្តកំពត ម៉ៅ ច័ន្ទមធុរិទ្ធ និងចុះដឹកនាំ អំពីនីតិវិធីផ្ទាល់ ពីលោកព្រះរាជអាជ្ញារង ខាន់ សុផល ឈានទៅធ្វើការបង្ក្រាបបានដោយជោគជ័យ កាលពីវេលាម៉ោង ១១និង១៥នាទីយប់ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៥ ចំណុចក្នុងភូមិតាកុក ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត ។

មន្ត្រីនគរបាល នៃការិយាល័យកណ្តាល នគរបាលព្រហ្មទណ្ឌខេត្ត បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា ជនសង្ស័យអ្នកជួញដូរថ្នាំញៀន មានឈ្មោះ ស៊ុក មី ភេទប្រុស អាយុ ២៩ឆ្នាំ រស់នៅក្នុងភូមិ ឃុំកន្លែង ឃាត់ខ្លួន ខាងលើ ។ វត្ថុតាងដែលរឹបអូសបានរួមមាន ៖ ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន ១២កញ្ចប់តូច និងអាវុធខ្លីធុន កា ៥៩ ចំនួន ០១ដើម និង ៧គ្រាប់ ។

មន្ត្រីនគរបាលដដែលបន្តថា ក្រោយពីកម្លាំងខាងលើ ធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើភ្លាម ក៏បន្តនាំទៅធ្វើការ ឆែកឆេរផ្ទះរបស់ម្តាយជនសង្ស័យ នៅឯភូមិពោធិ៍ ឃុំភ្នំកុង ស្រុកអង្គរជ័យ កម្លាំងក៏បានរកឃើញថ្នាំញៀន ចំនួន ៨កញ្ចប់ថែមទៀត ។ បច្ចុប្បន្នជនសង្ស័យ បាន និងកំពុងសាកសួរនៅស្នងការដ្ឋាន នគរបាលខេត្ត ដើម្បីកសាង សំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕

កម្លាំងមន្ទីរគ្រឿងញៀន សហការជាមួយ កម្លាំងនគរបាលខេត្ត ចុះបង្ក្រាបមុខសញ្ញា ជួញដូរគ្រឿងញៀន