រដ្ឋមន្ត្រី​អាស៊ាន ចិន គ្រោង​នឹង​បើក​កិច្ចពិភាក្សា​បញ្ហា​ចលនា​ហិង្សា​ជ្រុលនិយម​បង្ក​ឲ្យ​ប៉ះពាល់​សន្តិសុខ​

ភ្នំពេញ: កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​អាស៊ាន​ចិន ស្តីពី​កិច្ចសហប្រតិបត្តិការ​អនុវត្ត​ច្បាប់ និង​សន្តិសុខដែល​នឹង​ប្រារព្វ​ជា​លើកដំបូង​នៅ​ប្រទេស​ចិន គ្រោង​នឹង​ពិភាក្សា​​គ្នា​ដោយ​ផ្តោតជាសំខាន់​ពង្រឹង​យន្តការ​បន្ថែមទៀត​លើ​ការអនុវត្ត​ច្បាប់ ដោះស្រាយ​បញ្ហាប្រឈម​ដែល​ទាក់ទង​ទៅនឹង​ការគំរាមកំហែង​នៃ​ឧក្រិដ្ឋកម្ម​ឆ្លងដែន និងបទល្មើស​ដទៃទៀត​ពិសេស​បទល្មើស​ការគំរាមកំហែង​ដែល​កើត​មកពី​ចលនាហិង្សា​របស់​ពួកក្រុម​ជ្រុលនិយម​។​
 
​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​របស់​ប្រតិភូ​ក្រសួងមហាផ្ទៃ​កម្ពុជា ដឹកនាំ​ដោយសម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ទៅ​​កាន់​សាធារណរដ្ឋ​ប្រជាមានិត​ចិន រយៈពេល​៣​ថ្ងៃ នៅ​ចំណត​អាកាសយានដ្ឋាន​អន្តរជាតិភ្នំពេញ នា​ព្រឹក​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៥ ។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ប៉ោ ភក្ដិ ប្រធាន​នាយកដ្ឋាន​ទំនាក់ទំនង​អន្តរជាតិក្រសួងមហាផ្ទៃ មានប្រសាសន៍ថា ក្នុង​ដំណើរ​បំពេញ​ទស្សនកិច្ច​របស់​ប្រតិភូជាន់​ខ្ពស់​ក្រសួងមហាផ្ទៃ​កម្ពុជា​ចាប់ពី​ថ្ងៃទី​២២ ដល់​ថ្ងៃទី​២៤ ខែតុលា​នេះសម្តេច​ក្រឡាហោម ស ខេង នឹង​ដឹកនាំ​ប្រតិភូ​ចូលរួម​កិច្ចប្រជុំ​ធំៗ​ចំនួន ៣ រួមមាន ១. កិច្ចប្រជុំថ្នាក់​រដ្ឋមន្ត្រី​អាស៊ាន​ចិន ស្តីពី​កិច្ចសហប្រតិបត្តិការ​អនុវត្ត​ច្បាប់ និង​សន្តិសុខអាស៊ាន ចិន លើក​ទី​១ ក្រោម​ប្រធានបទ សន្តិសុខ និង​ការអភិវឌ្ឍន៍ដែលមាន​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំង​១០​ប្រទេស និង​មាន​បណ្តា​ប្រទេស​ជា​ដៃគូអាស៊ាន​អញ្ជើញ​ចូលរួម​ផងដែរ ២. កិច្ចប្រជុំ​កិច្ចសហប្រតិបត្តិការ​ស​ន្តិ​សុខ តាមដង​ទន្លេមេគង្គ ដែល​កិច្ចប្រជុំ​នេះ​មកដល់​ពេល​ប្រទេស​កម្ពុជា និង​ប្រទេសវៀតណាម កំពុង​បាន​ស្ថិតក្នុង​ជា​ប្រទេស​អ្នកសង្កេតការណ៍​នៅឡើយ និង​ទី​៣កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​កម្ពុជា វៀតណាម ស្តីពី​កិច្ចសហប្រតិបត្តិការ​ណ៍​អនុវត្ត​ច្បាប់តាម​ទន្លេមេគង្គ ក្នុងស្ថានភាព​ជា​ប្រទេស​សង្កេតការណ៍​។​
 
​តាមរយៈ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី អាស៊ាន ចិន បណ្តា​ប្រទេស​នឹង​បានទាមទា​ម​ឲ្យ​មានកិច្ចសហការ កិច្ច​សហ​ប្រតិ​ប​តិ្ត​ការណ៍​គ្នា​ល្អ​ទាំង​ក្នុង​តំបន់ និង​ទាំង​ក្នុ​អន្តរ​ជាតិ ពិសេស​ផ្តល់ព័ត៌មាន​ឲ្យ​គ្នា​ទៅវិញទៅមក ចូលរួម​ការបង្ក្រាប ទប់ស្កាត់ អំពើ​ភេរវកម្មឧក្រិដ្ឋកម្ម​ឆ្លង  បទល្មើស​បច្ចេកវិទ្យា អំពើ​ប្លន់​ឆ្លងដែន​ចរាចរណ៍​​ទំនិញ​ខុសច្បាប់​ឆ្លងដែន និង​បញ្ហា​ពួក​ជ្រុលនិយម​ជាដើម​។​

​លោក​បាន បន្តថា តាម​ការគ្រោង ក្រៅពី​ចូលរួម​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​សន្តិសុខ អាស៊ានចិន  សម្តេច​ក្រឡាហោម ស ខេង ក៏​នឹង​ដឹកនាំ​ប្រតិភូ​ក្រសួងមហាផ្ទៃ​​កម្ពុជា ចូលរួម​ពិភាក្សា​ការងារ​ទ្វេរ​ភាគី ជាមួយ​រដ្ឋ  មន្ត្រី​ក្រសួង​សន្តិសុខ​សាធារណៈ​របស់សាធារណរដ្ឋ​ប្រជាមានិត​ចិន លោក គ័​រ​សឹង​ឃុន និង​ចូលជួប​សំណេះសំណាលការងារ​ជាមួយ​អតីតរដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន លោកម៉ឺង ស៊ាន​ជូ ព្រមទាំង​ដឹកនាំ​ប្រតិភូ​ចូលជួប​ពិភាក្សា​ការងារ​ទេ្វរ​ភាគី ជាមួយបណ្តា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​រដ្ឋមន្ត្រីក្រសួង​សន្តិសុខ​របស់​បណ្តាប្រទេសមួយ​ចំនួន​ដែល​សមាជិក​អាស៊ាន​ផង​៕​