អូស្ត្រាលី​នឹង​បន្ត​ជួយ​នគរបាល​កម្ពុជា រយៈពេល​៣​ឆ្នាំ​ទៀត ដើម្បី​ពង្រឹង​កម្មវិធី​នគរបាល និ​សហគមន៍​

ភ្នំពេញ:  នា​រសៀល​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៥ នៅ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ លោកឧ​ត្ត​ម​សេនីយ៍​ឯក គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គ​ស្នងការរង​នគរបាល​ជាតិ តំណាង​ដ៏​ខ្ពង់ខ្ពស់​លោក​ នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិបានទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​លោកស្រី Benita Sommerville លេខា​ទី​១ អមស្ថានទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា​។​

 ក្នុង​ពិធី​នោះ​ក៏មាន​ការអញ្ជើញ​ចូលរួម​ពី លោក ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿនប្រធាន​សេនាធិការ និង​លោក​ប្រធាន អនុប្រធាននាយកដ្ឋាន​កិច្ចការប៉ុស្តិ៍នគរបាល​រដ្ឋបាល​ផងដែរ​។​

​ក្នុងជំនួប​នោះ អគ្គ​ស្នងការរង​នគរបាលជាតិ លោក ឧ​ត្ត​ម​សេនីយ៍​ឯក គៀត ច័ន្ទ​ថា​រិ​ទ្ធបាន​មានប្រសាសន៍ថា រដ្ឋាភិបាល​អូស្ត្រាលី តាមរយៈ​ស្ថានទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជានឹង​ជួយ​នគរបាល​កម្ពុជា​រយៈពេល​៣​ឆ្នាំ​បន្តទៀត ដើម្បី​ពង្រឹង​កម្មវិធី​នគរបាលនិង​សហគមន៍​ឲ្យ​មាន​ប្រសិទ្ធភាព​។​

​លោក​អគ្គ​ស្នងការរង​នគរបាលជាតិ មាន​ប្រសា​ស​ទៀតថា គម្រោង​កម្មវិធី​នគរបាលនិង​សហគមន៍ (CPI) ដែល​នឹងត្រូវ​អនុវត្ត​បន្ត​រយៈពេល​៣​ឆ្នាំ​ខាងមុខនេះ (១.កក្កដា​.២០១៦-៣០.​មិថុនា​.២០១៩) គឺជា​គម្រោង​ថ្មី​មួយ ដែល​នឹងត្រូវ​ធ្វើឡើងបន្ទាប់ពី​គម្រោង​ភាពជា​ដៃគូ​នៃ​ជំនួយ​ផ្នែក​យុត្តិធម៌​សហគមន៍​នៅ​កម្ពុជា(CCJAP) ត្រូវ​បញ្ចប់​នៅ​ខែមិថុនា ឆ្នាំ​២០១៦​។​

​លោក​បាន​បន្តថា គម្រោង​នេះ​ទទួលបាន​ការជួយឧបត្ថម្ភ​ពី​រដ្ឋាភិបាល​អូស្ត្រាលីតាមរយៈ​ស្ថានទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា នូវ​ទឹកប្រាក់​ចំនួន ៤​លាន​ដុល្លារអូស្ត្រាលី ហើយ​បច្ចុប្បន្ន​គម្រោង​នេះ​បាន​នឹង​កំពុង​អនុវត្ត​សាកល្បង​ទៅលើ​ខេត្តចំនួន​៣ មាន ខេត្តកណ្តាល ព្រៃវែង និង​ក្រចេះ​។​

​ក្នុងជំនួប​នោះដែរ លោក​អគ្គ​ស្នងការរង​នគរបាលជាតិ មានប្រសាសន៍ថ្លែងអំណរគុណ​ដល់​រដ្ឋាភិបាល​អូស្ត្រាលី និង​ស្ថានទូត​អូស្ត្រាលី​ប្រចាំកម្ពុជា​តែងតែ​​ជួយឧបត្ថម្ភ​នគរបាល​កម្ពុជា​កន្លង​មក​ដូចជា​៖ ការជួយ​រៀបចំ​ប្រព័ន្ធកត់ត្រា​ទ​និ្ន​ន័យ​បទល្មើស​ព្រហ្មទណ្ឌ និង​ការបើក​វគ្គ​បណ្តុះបណ្តាល​ដល់នគរបាល​ប៉ុស្តិ៍​ជាដើម​៕​