មេបញ្ជាការ​នគរបាល​វរ​ការពារ​ព្រំដែន​លេខ​៨១៧ បើកដៃ​ឲ្យ​ពលករ​ខ្មែរ​ឆ្លងដែន​ខុសច្បាប់​ដើម្បី​ប្រមូល​លុយ​

​ប្រភពពី​ប្រជាពលរដ្ឋ​ក្នុងភូមិ​អូរ​ល្វា ឃុំ​ជ្រៃ​សីមា ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា នៅតាម​ច្រករបៀង​ប៉ុស្តិ៍​អូរ​ល្វា សមត្ថកិច្ច​បាន​បើកដៃ​ឲ្យ​ពលករ​ខ្មែរ​ឆ្លងដែន​ខុសច្បាប់​ចូល​ទឹកដី​សៀម ដោយ​ក្នុង​ម្នាក់ៗ​ត្រូវ​បង់លុយ​៣០០០០​រៀល​។ លោក ស្រី សុខុន មេបញ្ជាការ​នគរបាល​វរ​ការពារ​ព្រំដែន​លេខ​៨១៧ ឈរជើង​ក្នុងស្រុក​សំពៅ​លូន ត្រូវបាន​គេ​ដឹងថា​កំពុង​ឃុបឃិត​ជាមួយ​មន្ត្រី​យោធា​តំបន់​ប្រតិបត្តិការ​សឹក​រង​ស្រុក​សំពៅ​លូន បើកដៃ​ឲ្យ​ពលករ​ខ្មែរ​ឆ្លងដែន​ខុសច្បាប់​យ៉ាង​ពេញបន្ទុក​។ ប្រការនេះ​អាជ្ញាធរខេត្ត​បាត់ដំបង និង ស ថេត ស្នងការ​នគរបាល​ខេត្តបាត់ដំបង ត្រូវ​ចាត់វិធានការ​ពិនិត្យ​ជាបន្ទាន់​ដើម្បី​កុំ​ឲ្យ​លោក ស្រី សុខុន និង​មន្ត្រី​យោធា​ស្រុក​សំពៅ​លូន ឃុបឃិត​គ្នា​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ទៀត​។

​ប្រភពពី​ពលករ​ខ្មែរ​ដែល​ឆ្លងដែន​ចូល​ទឹកដី​សៀម​តាម​ច្រករបៀង​ប៉ុស្តិ៍​អូរ​ល្វា បាន​ឲ្យ​ដឹងថា ពួកគេ​ត្រូវ​បង់លុយ​ឲ្យ​សមត្ថកិច្ច​នគរបាល​វរ​ការពារ​ព្រំដែន​គោក​លេខ​៨១៧ ក្រោម​ការគ្រប់គ្រង​រប​ស់លោក ស្រី សុខុន និង​កម្លាំងយោធា​តំបន់​ប្រតិបត្តិការ​សឹក​រង​ស្រុក​សំពៅ​លូន ទើប​អាច​ឆ្លងដែន​ខុសច្បាប់​ចូល​ទឹកដី​សៀម​បាន​។ ការដែល​លោក ស្រី សុខុន និង​មន្ត្រី​យោធា​ស្រុក​សំពៅ​លូន ឃុបឃិត​គ្នា​បើក​ច្រករបៀង​ឲ្យ​មេខ្យល់​នាំ​ពលករ​ខ្មែរ​ឆ្លងដែន​ចូល​ទឹកដី​សៀម កំពុង​ប្រឈម​នឹង​ការរិះគន់​យ៉ាងខ្លាំង​ដែល​អាជ្ញាធរខេត្ត​បាត់ដំបង ស្នងការ​នគរបាល​ខេត្តបាត់ដំបង និង​មេបញ្ជាការ​យោធា​ខេត្តបាត់ដំបង គួរ​ចាត់វិធានការ​ស៊ើបអង្កេត​ទៅលើ​ភាពមិនប្រក្រតី​នោះ​ជាបន្ទាន់​។

​សេចក្ដីរាយការណ៍​ពី​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ឃុំ​ជ្រៃ​សីមា បាន​ឲ្យ​ដឹងថា ពលករ​ម្នាក់ៗ​ត្រូវ​បង់លុយ​ឲ្យ​សមត្ថកិច្ច​នៅ​ច្រករបៀង ប៉ុស្តិ៍​អូរ​ល្វា​៣០០​បាត ហើយ​ក្នុង​មួយថ្ងៃៗ​មាន​ពលករ​យ៉ាងតិច​៣០០​នាក់​ឆ្លងដែន​តាម​ច្រក​នេះ​។ ដូច្នេះ​លោក ស្រី សុខុន មេបញ្ជាការ​នគរបាល​វរ​ការពារ​ព្រំដែន​លេខ​៨១៧ និង​មន្ត្រី​យោធា​ស្រុក​សំពៅ​លូន រកចំណូលបាន​យ៉ាងច្រើន​សម្រាប់​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​។ ការដែល​សមត្ថកិច្ច​បើក​ច្រករបៀង​ខុសច្បាប់​ឲ្យ​ពលករ​ខ្មែរ​ឆ្លងដែន​ខុសច្បាប់​ចូល​ទឹកដី​សៀម​បែបនេះ អាចធ្វើ​ឲ្យ​ពួកគេ​ប្រឈម​នឹង​គ្រោះថ្នាក់​សព្វបែបយ៉ាង ដូច្នេះ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ គួរ​ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់ ដើម្បី​កុំ​ឲ្យ​មន្ត្រី​ខិលខូច​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​ក្រអឺតក្រទម​តទៅទៀត​៕

12004006_1622610064678938_7461354120683523500_n​លោក ស្រី សុខុន មេបញ្ជាការ​នគរបាល​វរ​ការពារ​ព្រំដែន​លេខ​៨១៧ n-sompov-loun1-500x375 n-som-pov-loun-500x308