ការជួបជុំ​កូរ៉េ៖ ប្តី​ប្រពន្ធ​វ័យ​ជាង៨០ឆ្នាំ លាគ្នា ដោយ​និយាយថា «ចាំ​ជួប​ជាតិ​ក្រោយ​ម្តងទៀត»

ថ្វី​ដ្បិត​វា​មិនមែន​ជាការ​ព្រាត់​ស្លាប់ ប៉ុន្តែ​សម្រាប់​គូស្នេហ៍​មួយគូ​ដែលមាន​អាយុ​ជាង៨០ឆ្នាំរៀងៗខ្លួន​ទៅហើយនោះ វា​ជាការ​ព្រាត់​រស់​ដែល​មិនអាច​មាន​ថ្ងៃ​ជួបជុំគ្នា​វិញ។ លោក Oh In Se ដែល​ក្លាយជា​ពលរដ្ឋ​កូរ៉េខាងជើង និង​លោកស្រី Lee Soon-kyu ដែល​រស់នៅ​កូរ៉េខាងត្បូង ជា​គូ​ស្វាមីភរិយា ដែល​បាន​បែក​គ្នា​តាំងពី​សង្គ្រាម​កូរ៉េ​ឆ្នាំ១៩៥៣។ នៅ​ថ្ងៃ​ចុងក្រោយ​នៃ​ជំនួប ពួកគាត់ បាន​សន្យាថា​នឹង​ជួបគ្នា​នៅ​ជាតិ​ក្រោយ​ម្តងទៀត។ នេះ​បើ​យោង តាម​សារព័ត៌មាន The World Post។

ម្សិលមិញ​នេះ គឺជា​ថ្ងៃ​កំណត់​ចុងក្រោយ​នៃ​ការជួបជុំ​ក្រុមគ្រួសារ​បងប្អូន​កូរ៉េ​ទាំងពីរ​នៅ​ជុំទីមួយ ដែល បានធ្វើ​ឡើង​នៅឯ​រមណីយដ្ឋាន​កូរ៉េខាងជើង​ចាប់តាំងពី​ថ្ងៃទី២០ខែតុលា ក្រោម​កិច្ចព្រមព្រៀង​ដែល​បាន​ធ្វើឡើង​ដោយ​រដ្ឋាភិបាល​កូរ៉េ​ទាំងពីរ កាលពី​ថ្ងៃទី២៥ ខែសីហា។

រឿង​គួរ​ឲ្យ​ក្តុកក្ដួល​ចិត្ត​នោះ មាន​ប្តី​ប្រពន្ធ​មួយគូ​ដែល​បែក​គ្នា​ដោយសារតែ​សង្គ្រាម​កូរ៉េ​ឆ្នាំ១៩៥០-១៩៥៣ ទើបតែ​បាន​ជួបគ្នា ហើយ ក៏ត្រូវ​ដល់​ថ្ងៃ​បែក​គ្នា​ម្តងទៀត។ នោះ​គឺ​លោក អូ អ៊ិន​សែ (Oh In Se) គឺជា​ប្តី​ដែលជា​ប្រជាជន​កូរ៉េ​ជើង​បច្ចុប្បន្ន​ដែលមាន​អាយុ៨៣ឆ្នាំ។ ប្រពន្ធ​លោក​ដែលជា​ជនជាតិ​កូរ៉េខាងត្បូង​គឺ​លោកស្រី លី ស៊ូ​ន​ឃ្យូ (Lee Soon-kyu) ដែល​ប​ច្ច​ប្បន្ន​មាន​អាយុ៨៥ឆ្នាំ។ ពួកគេ​ទាំងពីរ បាន​អះអាងថា តែងតែ​សុ​បិ​ន្ត និង នឹក​គ្នា​រៀងរាល់ថ្ងៃ។

ដោយសារតែ​ការជួបជុំ​មានកំណត់ គូរ​ស្នេហ៍​មួយគូ​នេះ ត្រូវតែ​បង្ខំចិត្ត​បែក​គ្នា ដោយ​មិន​សង្ឃឹមថា នឹង​អាច​នឹង​ជួបគ្នា​ម្តងទៀត​ឡើយ។ ក្នុង​វ័យ​ជាង៨០ឆ្នាំ​ហើយ​នោះ លោក អូ អ៊ិន​សែ បាន​ផ្តែផ្តាំ​ទៅ កាន់​ភរិយា​របស់លោក​ថា «ចាំ​ជួបគ្នា​ម្តងទៀត​នៅ​ជាតិ​ក្រោយ។ សូម​ថែរក្សា​កូនប្រុស​របស់​យើង​ឲ្យ បានល្អ និង បើក​ចិត្ត​ឲ្យ​ទូលាយ​ផង«  លោកស្រី លី ស៊ូ​ន​ឃ្យូ ក៏បាន​ឆ្លើយតប​ទៅនឹង​លោក អ៊ិន​សែ​ថា «សូម​ឲ្យ​មាន​សុខ​ភាពល្អ និង អាយុ​វែង«។

សូម​រម្លឹក​ផងដែរ​ថា មាន​ប្រជាជន​កូរ៉េ​ជាច្រើន​នាក់ បាន​បែកបាក់​គ្នា​ដោយសារតែ​សង្គ្រាម​ឧបទ្វីប​កូរ៉េ ឆ្នាំ១៩៥០-១៩៥៣ដែលជា​សង្គ្រាម​មួយ​ដែល​ផ្ទុះឡើង​ដោយសារ​ការប្រកួតប្រជែង​មនោគមវិជ្ជា​អំឡុង សង្គ្រាមត្រជាក់។ កន្លងមក​ក្រសួង​រួបរួម​កូរ៉េខាងត្បូង បាន​អះអាងថា គិត​ចាប់ពី​ឆ្នាំ១៩៨៨ប្រជាជន​កូរ៉េខាងត្បូង​ប្រមាណ ជាង​ដប់​ម៉ឺន​នាក់ បាន​ចុះឈ្មោះ​ដើម្បី​សុំ​ជួបជុំ​គ្រួសារ។ ក៏ប៉ុន្តែ​មកទល់ពេលនេះ មាន​ប្រជាជន​ប្រមាណ​ជាង​ប្រាំ​ម៉ឺន​នាក់​តែប៉ុណ្ណោះ​ដែល​កំពុង​មានជីវិត និង ទន្ទឹងរង់ចាំ​ការជួបជុំ​នេះ៕ 

​ប្រ​ឡ​ង​បា​ន​និ​ទ្ទេ​ស «​A»​ ​ត្រូ​វ​ធ្វើ​យ៉ា​ង​ដូ​ច​ម្តេ​ច​?​​