កម្ពុជា​គ្រោង​ចំណាយ​ទឹកប្រាក់​ប្រមាណ​288​លាន​ដុល្លារ​ក្នុង​វិស័យសេដ្ឋកិច្ច​ឆ្នាំ​2016

រាជធានី​ភ្នំពេញ ៖ យោង​តាម​សេចក្តីព្រាងច្បាប់​ស្តី​ពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០១៦ របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ជំពូក​ទី​១៥ ការ​ចំណាយ​សរុប​ថវិកាជាតិ ត្រូវ​បាន​គ្រោង​ក្នុង​ទឹកប្រាក់​ប្រមាណ​ជា​១៧.៤៦២.៤៧៧​លាន​រៀល គិត​ជា​ដុល្លារ​៤.៣៦៥,៦១​លាន​ដុល្លារ ដែល​មាន​កំណើន​១៦,១% ធៀប​នឹង​ច្បាប់​ឆ្នាំ​២០១៥ ។
នៅ​ក្នុង​ចំណុច​ទី​៤ នៃ​ជំពូក​ទី​១៥​នេះ​ដែរ វិស័យសេដ្ឋកិច្ច​កម្ពុជា ត្រូវ​បាន​រាជរដ្ឋាភិបាល​គ្រោង​ចំណាយ​ទឹកប្រាក់​១.១៥៤.៥៥៧​លាន​រៀល ឬ​ស្មើនឹង​២៨៨,៦៣​លាន​ដុល្លារ​អា​មេ​រិ​ក មាន​សមាមាត្រ​ស្មើនឹង​១០,៣៥% នៃ​ចំណាយ​ចរន្ត​ថវិកា​ថ្នាក់​ជាតិ និង​មាន​កំណើន​១៦,១% ធៀប​នឹង​ច្បាប់​២០១៥ ហើយ​ត្រូវជា​១,៤១% នៃ​ផលិតផល​ក្នុងស្រុក​សរុប ។

ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​គ្រោង​ថវិកា​ចំនួន​១៨៨.០២៨​លាន​រៀល ស្មើនឹង​៤៧​លាន​ដុល្លារ​អា​មេ​រិ​ក មាន​សមាមាត្រ​ស្មើនឹង​១,៧% នៃ​ចំណាយ​ចរន្ត​ថវិកា​ថ្នាក់​ជាតិ និង​មាន​កំណើន​២៥,១% ធៀប​នឹង​ច្បាប់​ឆ្នាំ​២០១៥ ត្រូវជា​០,២៣% នៃ​ផលិតផល​ក្នុងស្រុក​សរុប ។

ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​គ្រោង​ចំណាយ​ថវិកា​ចំនួន​៩៣.៤១៧​លាន​រៀល ស្មើនឹង​២៣,៣៥​លាន​ដុល្លារ មាន​សមាមាត្រ​ស្មើនឹង​០,៨% នៃ​ចំណាយ​ចរន្ត​ថវិកា​ថ្នាក់​ជាតិ និង​មាន​កំណើន​២៥,៤% ធៀប​នឹង​ច្បាប់​ឆ្នាំ​២០១៥ ត្រូវជា​០,១១% នៃ​ផលិតផល​ក្នុងស្រុក​សរុប ។

ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ក៏​គ្រោង​ចំណាយ​ថវិកា​ចំនួន​៣៦៦.២៨០​លាន​រៀល ស្មើនឹង​៩១,៥៧​លាន​ដុល្លារ មាន​សមាមាត្រ​ស្មើនឹង​៣,៣% នៃ​ចំណាយ​ចរន្ត​ថវិកាថ្នាក់​ជាតិ និង​មាន​កំណើន​១៣,២% ធៀប​នឹង​ច្បាប់​ឆ្នាំ​២០១៥ ត្រូវជា​០,៤៥% នៃ​ផលិតផល​ក្នុងស្រុក​សរុប ។

ចំណែក​ក្រសួង​អភិវឌ្ឍន៍ជនបទ ក៏​គ្រោង​ចំណាយ​ថវិកា​ចំនួន​១៤៦.១២៥​លាន​រៀល ស្មើនឹង​៣៦,៥៣​លាន​ដុល្លារ មាន​សមាមាត្រ​ស្មើនឹង​១,៣% នៃ​ចំណាយ​ចរន្ត​ថវិកា​ថ្នាក់​ជាតិ និង​មាន​កំណើន​១៣,៩% ធៀប​នឹង​ច្បាប់​ឆ្នាំ​២០១៥ ត្រូវជា​០,១៨% នៃ​ផលិតផល​ក្នុងស្រុក​សរុប ។

លោក ស្រី ច​ន្ធី អ្នកវិភាគ​សេដ្ឋកិច្ច​ឯករាជ្យ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ៖ «​ការ​កើនឡើង​នេះ ជា​តួលេខ​វិជ្ជមាន​មួយ​បន្ទាប់​ពី​បាន​កែសម្រួល​អតិផរណា ។ កំណើន​នេះ​នឹង​នាំ​មក​នូវ​ការ​ពង្រីក​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ផង​ដែរ ។ ប៉ុន្តែ​ក៏​បាន​ផ្ដល់​នូវ​វិសាលភាព​ដែល​ចាំបាច់​សម្រាប់​ពលរដ្ឋ​កម្ពុជា និង​អាច​ទ្រទ្រង់​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ពលរដ្ឋ​កម្ពុជា​ផង​ដែរ ទោះជា​យ៉ាងណា ចំនួន​នេះ​ស្ថិត​នៅ​ក្នុង​កម្រិត​ទាប​នៅឡើយ​» ។

លោក​បន្ត​ថា ៖ «​ខ្ញុំ​គិត​ថា រាជរដ្ឋាភិបាល​គួរតែ​មាន​យុទ្ធសាស្ត្រ​ណ​ដើម្បី​ជួយ​កាត់​បន្ថយតម្លៃ​ថាមពល និង​ប្រេងឥន្ធនៈ ជួយ​បន្ត​ការ​ធ្វើ​ឱ្យ​ប្រសើរ​នូវ​បរិយាកាស​ពាណិជ្ជកម្ម ដើម្បី​ធ្វើ​ឱ្យ​កម្ពុជា​កាន់តែ​មាន​ភាព​ប្រកួតប្រជែង​ខ្ពស់ បន្ត​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ទំនាក់ទំនង​ឧស្សាហកម្ម និង​ការងារ បង្កើន​ប្រសិទ្ធភាព​នៃ​រដ្ឋបាល​សាធារណៈ បង្កើន​សមត្ថភាព​កម្មករ​មាន​ជំនាញ និង​វិជ្ជាជីវៈ​ច្បាស់លាស់ ជំរុញ​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​បែប​ជឿនលឿន និង​បញ្ចូល​នូវ​វិធីសាស្ត្រ ថ្មី​ៗ បន្ត​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ទំនាក់ទំនង និង​ហេដ្ឋារចនាសម្ព័ន្ធ​ដឹក​ជញ្ជូន និង​បន្ត​កៀងគរ​ការ​វិនិយោគ​ផ្នែក​ឯកជន រួម​បញ្ចូល​ទាំង​ការ​វិនិយោគ​ក្នុងស្រុក និង​បរទេស​» ។

លោក​បន្ថែម​ថា ៖ «​ការ​ពង្រឹង​វិស័យ​ផ្សេង​ៗ​ដែល​មាននៅ​ក្នុង​វិស័យសេដ្ឋកិច្ច ដូច​ជា វិស័យ​កសិកម្ម កាត់ដេរ ទេសចរណ៍ សេវាកម្ម និង​សំណង់​ជាដើម គឺជា​ការ​ចាំបាច់​បំផុត​ដើម្បី​ជំរុញ​ឱ្យ​សេដ្ឋកិច្ច​កម្ពុជា​កាន់តែ​មាន​កំណើន​ឡើង​» ៕