អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​មិន​ទាន់​មាន​វិធានការ​ផ្លូវ​ច្បាប់​ទៅ​លើ​អ្នក​រំលោភ​ដី​មាត់​បឹង​ព្រែកទប់

មន្ត្រី​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​ខេត្ត​ព្រះសីហនុ កំពុង​រង់ចាំ​ចំណាត់​ការ​តាម​ផ្លូវ​ច្បាប់​របស់​អភិបាល​​​​ខេត្ត​​ព្រះសីហនុ ថា​អាច​មាន​វិធានការ​តាម​ផ្លូវ​ច្បាប់​មាន​ប្រសិទ្ធភាព​ទៅ​លើ​​ជន​រំលោភ​ដី​ចំណី​មាត់​បឹង​ព្រែក​ទប់ ​​​​ជា​បឹង​​សម្រាប់​​​​រក្សា​ប្រភព​ទឹក​ស្អាត។

បឹង​ព្រែកទប់ ដែល​ជា​ប្រភព​ទឹក​ស្អាត​ដ៏​សំខាន់​ទុក​ប្រើ​ប្រាស់​នៅ​ទូទាំង​ខេត្ត​​នេះ បាន​រង​ការ​រំលោភ​បំពាន​ធ្វើ​​កម្ម​សិទ្ធិ​ឯកជន។ បញ្ហា​នេះ លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ក៏​ធ្លាប់​ព្រមាន​ធ្ងន់ៗ ទៅ​លើ​មន្ត្រី​រដ្ឋាភិបាល​​​ទាំង​ឡាយ​ណា​ដែល​​​ជាប់​ពាក់ព័ន្ធ​បទល្មើស​រំលោភ​យក​ដី​បឹង​ព្រែកទប់ ឲ្យ​ដក​ខ្លួន​ជា​បន្ទាន់​ ព្រោះ​ត្រូវ​ប្រឈម​ការ​ផ្ដន្ទាទោស។

មន្ត្រី​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​រស់​នៅ​ខេត្ត​ព្រះសីហនុ ចង់​ឃើញ​ចំណាត់​ការ​តាម​ផ្លូវ​ច្បាប់​ឲ្យ​ស្របតាម​អនុវត្ត​អនុសាសន៍​របស់​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ដែល​បាន​ព្រមាន​ធ្ងន់ៗ​ដល់​អ្នក​ជាប់​ពាក់ព័ន្ធ​សកម្មភាព​ទន្ទ្រាន​កាន់កាប់​ដី​ចំណី​មាត់​បឹង​ព្រែកទប់។

មន្ត្រី​សម្របសម្រួល​អង្គការ​លីកាដូ ខេត្ត​ព្រះសីហនុ លោក ប៊ួន ណារិទ្ធ មាន​ប្រសាសន៍​ថា រហូត​មក​ដល់​ពេល​នេះ អាជ្ញាធរ​នៅ​មិន​ទាន់​មាន​វិធានការ​ទៅ​លើ​អ្នក​ជាប់​ពាក់ព័ន្ធ​សកម្មភាព​ទន្ទ្រាន​ចាក់​ដី​លុប​មាត់បឹង​ព្រែកទប់ ដើម្បី​ធ្វើ​កម្មសិទ្ធិ​នោះ​ទេ។ និយាយ​ដល់​ចំណុច​នេះ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ ហាក់​គ្មាន​ជំនឿ​ថា មាន​មន្ត្រី​ក្រោម​ឱវាទ​ខេត្ត​នេះ អាច​អនុវត្ត​អនុសាសន៍​របស់​លោក ស ខេង បាន​ដាក់​ចេញ​ទាក់ទង​វិធានការ​ទប់ស្កាត់ និង​មាន​ចំណាត់​ការ​តាម​ផ្លូវ​ច្បាប់​ទៅ​លើ​បុគ្គល ឬ​អ្នក​ជាប់​ពាក់ព័ន្ធ​ការ​ទន្ទ្រាន​កាន់កាប់​ចំណី​ដី​មាត់​បឹង​ព្រែកទប់ មាន​ប្រសិទ្ធភាព​ទេ។

លោក ប៊ួន ណារិទ្ធ៖ «សំណូមពរ​ឲ្យ​លោក យន្ត មីន អភិបាល​ខេត្ត​ព្រះសីហនុ ថ្មី មេត្តា​លោក​ពិនិត្យ​មើល​ផ្ទៃ​បឹង​ទាំង​មូល និង​ផ្ទៃ​រង​ទឹក​ភ្លៀង ហើយ​សើរើ​ឡើង​វិញ។ បន្ត​មក​ទៀត លោក​អាច​ស្នើ​សុំ​ឲ្យ​សម្ដេច​នាយករដ្ឋមន្ត្រី ឬ​តុលាការ​មោឃភាព​ប័ណ្ណ​កម្មសិទ្ធិ​ទាំង​ឡាយ​ដែល​រំលោភ​យក​ដី​ផ្ទៃ​រង​ទឹក​ភ្លៀង​កន្លង​មក»

ទោះ​យ៉ាង​ណា លោក ប៊ួន ណារិទ្ធ បាន​ទទូច​ថា សកម្មភាព​ចាក់​ដី​លុប​មាត់បឹង​ព្រែកទប់ មាន​ទីតាំង​ក្នុង​សង្កាត់​លេខ​៣ ក្រុង​ព្រះសីហនុ ពី​សំណាក់​ឯកជន ឬ​មន្ត្រី​មាន​អំណាច ហើយ​ឈាន​ដល់​ចេញ​ប្លង់​កម្មសិទ្ធិ និង​សង់​វិឡា​ធំ​ស្កឹមស្កៃ គឺ​ផ្ដើម​ដោយ​ការ​ឃុបឃិត​គ្នា​ជា​លក្ខណៈ​ប្រព័ន្ធ​រវាង​មន្ត្រី​នៅ​តាម​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ស្ថាប័ន​ពាក់ព័ន្ធ​ខ្លះ នា​ខេត្ត​ព្រះសីហនុ។

លោក​ថា បទល្មើស​នេះ​គួរ​តែ​អភិបាល​ខេត្ត​ព្រះសីហនុ​ថ្មី ស្នើ​សុំ​គោលការណ៍​ពី​រដ្ឋាភិបាល​ឲ្យ​មោឃភាព ឬ​លុប​ចោល​ប័ណ្ណ​កម្មសិទ្ធិ​ទាំង​នោះ​ដាក់​ជា​សម្បត្តិ​រដ្ឋ​វិញ ហើយ​អ្នក​ជាប់​ពាក់ព័ន្ធ​ត្រូវ​តែ​ផ្ដន្ទាទោស៖ «កាល​ពី​ដើម​ឡើយ​បឹង​នេះ​មាន​ផ្ទៃ​ធំ​ទូលំទូលាយ ហើយ​ផ្ទៃ​រងទឹក​ភ្លៀង​ក៏​ធំ​ទូលំទូលាយ​ដែរ។ ប៉ុន្តែ​នៅ​ក្នុង​សម័យ​លោក ស្បោង សារ៉ាត់ មក​ដឹក​នាំ​ជា​អភិបាល​ខេត្ត​ព្រះសីហនុ ក៏​មាន​សកម្មភាព​ឃុបឃិត​ចាក់​លុប​ផ្ទៃ​រងទឹក​ភ្លៀង​ស្ទើរ​តែ​ទាំង​ស្រុង ហើយ​ក្រោយ​មក​ទៀត ក៏​មាន​ការ​ឃុបឃិត​ពី​មន្ត្រី​ស្ថាប័ន​ខ្លះ​នា​ខេត្ត​នេះ ចេញ​ប្លង់​កម្មសិទ្ធិ​រហូត​ដល់​ផ្ទៃ​បឹង​ព្រែក​ទប់​រួម​តូច ហើយ​ប្រភព​ទឹក​សាប​នេះ ក៏​មិនសូវ​ថ្លា​ដូច​ពេល​មុន​ដែរ»

ទាក់ទង​បឹង​ព្រែកទប់​នេះ​ដែរ លោក សុខ សុខុម ប្រធាន​អង្គការ​ស្រាវជ្រាវ​ជាតិ​កម្ពុជា ឬ​ហៅ​កាត់ ស៊ី.អ៊ិន.រ៉ូ សាខា​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹង​ដែរ​ថា ដី​លំនៅឋាន​ពិតប្រាកដ​របស់​ប្រជាពលរដ្ឋ​ដែល​មក​រស់​នៅ​អចិន្ត្រៃយ៍​នៅ​តំបន់​មាត់​បឹង​ព្រែកទប់  មាន​តែ​ជាង ៥០​គ្រួសារ​ទេ ប៉ុន្តែ​នៅ​ក្នុង​អាណតិ្ត​ទី​៤ ដែល​លោក ស្បោង សារ៉ាត់ ធ្វើ​ជា​អភិបាល​ខេត្ត​ព្រះសីហនុ បាន​បំប៉ោង​បញ្ជី​ឈ្មោះ​ពលរដ្ឋ​រស់​នៅ​ជុំវិញ​មាត់​បឹង​ព្រែកទប់ មាន​រហូត​ដល់ ២៥០​គ្រួសារ។ ក្នុង​នោះ​មាន​ឈ្មោះ​ឈ្មួញ​មាន​ទ្រព្យធន និង​មន្ត្រី​កំពុង​បម្រើ​ការងារ​នៅ​តាម​មន្ទីរ ឬ​ស្ថាប័ន​រដ្ឋ​ក្នុង​តំណែង​សព្វថ្ងៃ ក៏​មាន​ឈ្មោះ​កាន់កាប់​ដី​ចំណី​មាត់​បឹង​ព្រែកទប់ ហើយ​អាច​ធ្វើ​ប្លង់​កម្មសិទ្ធិ​ថែម​ទៀត។

លោក សុខ សុខុម៖ «អាជ្ញាធរ​ខេត្ត​គួរ​មាន​វិធានការ​ទៅ​លើ​អ្នក​ទន្ទ្រាន​កាន់កាប់​ចំណី​មាត់​បឹង​ព្រែកទប់ ឲ្យ​បាន​ធ្ងន់ធ្ងរ​តាម​ផ្លូវ​ច្បាប់​ឲ្យ​បាន​ទូលំទូលាយ​ឡើង​វិញ»

ត្រង់​ចំណុច​នេះ លោក សុខ សុខុម ថ្លែង​ថា មិន​គួរ​រដ្ឋាភិបាល​ទុក​ឲ្យ​មាន​មន្ត្រី​ក្រោម​ឱវាទ​បន្ត​រំលោភ​កាន់កាប់​ដី​ចំណី​មាត់​បឹង​ព្រែកទប់ បន្ត​កើត​មាន​ទៀត​ទេ ហើយ​អាជ្ញាធរ​ខេត្ត​គួរ​តែ​ពិនិត្យ​ផ្លូវ​ច្បាប់ ដើម្បី​ផ្ដន្ទាទោស​អ្នក​ប្រព្រឹត្ត​ល្មើស និង​ត្រូវ​ហូត​ដី​ទាំង​នោះ​ពី​មន្ត្រី​រដ្ឋាភិបាល ឬ​ឈ្មួញ​ដែល​ហ៊ុមព័ទ្ធ​របង​ថ្ម​ទុក​ចោល​ដាក់​ជា​សម្បត្តិ​រដ្ឋ​វិញ។

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​សង្កត់​ធ្ងន់​ថា រាល់​ការ​សាងសង់​សំណង់​ផ្សេងៗ នៅ​ជាប់​មាត់បឹង​ព្រែកទប់ ក៏​គួរ​តែ​មាន​វិធានការ​តាម​ផ្លូវ​ច្បាប់ ដើម្បី​វាយ​កម្ទេច​ចោល ហើយ​ស្តារ​ផ្ទៃ​រងទឹក​ភ្លៀង​បឹង​ទឹក​សាប​មួយ​នេះ​ឲ្យ​មាន​ផ្ទៃ​ធំ​ទូលំទូលាយ​ដូច​ពេល​មុន​វិញ ដើម្បី​រក្សា​ផ្ទៃ​បឹង​ស្តុក​ទឹក​សាប​ទុក​ជូន​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ខេត្ត​ព្រះសីហនុ ប្រើប្រាស់៖ «កន្លង​មក​អាជ្ញាធរ​ខេត្ត​នេះ​មាន​តែ​ការ​ឃុបឃិត​លួច​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ជូន​បុគ្គល​ដែល​មាន​ដី​នៅ​លើ​ចំណី​មាត់បឹង​ព្រែកទប់ ជា​បន្តបន្ទាប់ ប៉ុន្តែ​មិន​បាន​ទប់ស្កាត់ ឬ​ហាមឃាត់​សកម្មភាព​ទន្ទ្រាន​ដី​ចំណី​មាត់​បឹង​ព្រែកទប់ នេះ​ទេ»

ទាក់ទិន​បញ្ហា​នេះ លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ កាល​ពី​ថ្ងៃ​ទី​៧ ខែ​កញ្ញា ឆ្នាំ​២០១៥ នៅ​ក្នុង​ពិធី​ប្តូរ​តំណែង​អភិបាល​ខេត្ត​ព្រះសីហនុ ថ្មី បាន​ព្រមាន​មិន​បញ្ចេញ​ឈ្មោះ​ដល់​មន្ត្រី ឬ​អ្នក​ពាក់ព័ន្ធ​សកម្មភាព​រំលោភ​ដី​ចំណី​មាត់​បឹង​ព្រែកទប់ ខុស​ច្បាប់​ទាំង​ឡាយ​ឲ្យ​ដក​ខ្លួន​ជា​បន្ទាន់ បើ​មិន​ដូច្នេះ​ទេ​នឹង​ត្រូវ​ផ្ដន្ទាទោស​តាម​ច្បាប់។ ប៉ុន្តែ​ក្នុង​ឱកាស​នោះ លោក​មិន​ទាន់​បង្ហាញ​ចំណាត់​ការ​តាម​ផ្លូវ​ច្បាប់​ទៅ​លើ​ជន​ប្រព្រឹត្ត​ល្មើស​ត្រូវ​ផ្ដន្ទាទោស​បែប​ណា​ទេ។

​តាម​របាយការណ៍​របស់​មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម ខេត្ត​ព្រះសីហនុ បង្ហាញ​ថា បច្ចុប្បន្ន​នេះ​បឹង​ព្រែកទប់ មាន​ផ្ទៃ​សរុប​ប្រមាណ ១៥​ហិកតារ និង​អាច​ស្តុក​ទឹក​បាន​ប្រហែល ៥០​ម៉ឺន​ម៉ែត្រ​គូប។

បញ្ហា​នេះ មន្ត្រី​សាលា​ខេត្ត​ព្រះសីហនុ ចូល​និវត្តន៍​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​មាន​ការ​រំលោភ​ផ្ទៃ​បឹង​ព្រែកទប់ មាន​ផ្ទៃ​បឹង​រួម​ទាំង​ផ្ទៃ​រងទឹក​ភ្លៀង ដី​ហ៊ុមព័ទ្ធ​ជុំវិញ​មាត់​បឹង​សរុប​មាន​ចំនួន​ប្រមាណ ២៧០​ហិកតារ។ ក្រោយ​មក ពេល​មាន​សកម្មភាព​ទន្ទ្រាន​កាន់កាប់​ដី​ផ្ទៃ​រង​ទឹក​ភ្លៀង​ខុស​ច្បាប់​ពី​ឈ្មួញ និង​មន្ត្រី​មាន​អំណាច​ក្នុង​ជួរ​រដ្ឋាភិបាល ដោយ​មាន​ការ​ឃុបឃិត​ពី​មន្ត្រី​ស្ថាប័ន​ជំនាញ​ខ្លះ​នា​ខេត្ត​ព្រះសីហនុ ផ្ទៃ​បឹង​ព្រែកទប់ បាន​រួម​នៅ​សល់​ជាង ៩០​ហិកតារ  ដែល​កាល​ណោះ​ក្នុង​អាណត្តិ​លោក សាយ ហាក់ ធ្វើ​ជា​អភិបាល​ខេត្ត។ បន្ត​មក​ទៀត មក​ដល់​អាណត្តិ​ទី​៤ ដែល​លោក ស្បោង សារ៉ាត់ ដឹក​នាំ​ខេត្ត​ព្រះសីហនុ វិញ ដី​ផ្ទៃ​រងទឹក​ភ្លៀង​ដែល​នៅ​សេសសល់​ជាង ៩០​ហិកតារ ត្រូវ​មន្ត្រី និង​ឈ្មួញ​ឃុបឃិត​គ្នា​រំលោភ​ធ្វើ​ជា​កម្មសិទ្ធិ​គ្មាន​សល់ ដោយ​កាល​ណោះ លោក ស្បោង សារ៉ាត់ បាន​សម្រេច​រក្សា​ការពារ​ផ្ទៃ​បឹង​ព្រែកទប់ ចន្លោះ​ពី ១៤ ទៅ ១៥​ហិកតារ​ប៉ុណ្ណោះ។

​ផ្ដើម​ពី​បញ្ហា​នេះ លោក សុខ សុខុម ប្រធាន​អង្គការ ស៊ី.អ៊ិន.រ៉ូ សាខា​ខេត្ត​ព្រះសីហនុ និង​លោក ប៊ួន ណារិទ្ធ មន្ត្រី​សម្របសម្រួល​អង្គការ​លីកាដូ ថ្លែង​ថា នឹង​រង់ចាំ​មើល​អភិបាល​ខេត្ត​ព្រះសីហនុ​ថ្មី លោក យន្ត មីន អាច​រក្សា​បឹង​ព្រែកទប់ កុំ​ឲ្យ​មាន​ការ​រំលោភ​បំពាន​ដើម្បី​រក្សា​ប្រភព​ទឹក​ស្អាត​មាន​ប្រសិទ្ធភាព​ដែរ ឬ​ទេ។

ទោះជា​បែប​ណា​ក៏ដោយ​ចុះ លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ បាន​ប្ដេជ្ញា​ថា នឹង​ខំ​ពង្រឹង​អនុវត្ត​អនុសាសន៍​ការពារ​បឹង​ព្រែកទប់ ឲ្យ​ស្រប​តាម​ការ​ចង្អុលបង្ហាញ​របស់​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង ដោយ​យក​ចិត្ត​ទុក​ដាក់។ លោក​ថា បញ្ហា​ទន្ទ្រាន​កាន់កាប់​មាត់​បឹង​ព្រែកទប់ និង​បញ្ហា​ផ្សេងៗ​ទៀត ដែល​ថ្នាក់ដឹកនាំ​ក្រសួង​មហាផ្ទៃ បាន​ចង្អុល​បង្ហាញ​ឲ្យ​រក្សា​ការពារ រូប​លោក​នឹង​ថ្នាក់​ដឹកនាំ​ខេត្ត​ដទៃ​ទៀត។

លោក យន្ត មីន៖ «រាល់​ការ​ចេញ​ប្លង់​នៅ​មាត់​បឹង​ព្រែកទប់​នេះ យើង​ត្រូវ​គិតពិចារណា​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ មុន​នឹង​មាន​វិធានការ​បន្ត​ទៅ​លើ​អ្នក​ជាប់​ពាក់ព័ន្ធ​ការ​កាន់​កាប់​ដី​ចំណី​មាត់​បឹង​ព្រែកទប់ ព្រោះ​បាន​ចេញ​ជា​ប្លង់​កម្មសិទ្ធិ គឺ​ក្លាយ​ទៅ​ជា​ច្បាប់ ហើយ​អាជ្ញាធរ​ក៏​ត្រូវ​អនុវត្ត​តាម​នោះ​ដែរ»

​ត្រង់​ចំណុច​នេះ អ្នកស្រី ជៀប សុធារី មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក ប្រចាំ​ខេត្ត​ព្រះសីហនុ នៅ​តែ​មាន​ជំនឿ​ថា ក្រោម​ការ​ដឹកនាំ​របស់​លោក យន្ត មីន ជា​អភិបាល​ខេត្ត​នេះ អាច​នឹង​ឈាន​មាន​វិធានការ​តាម​ផ្លូវ​ច្បាប់​ទៅ​លើ​ជន​ទាំង​ឡាយ ដែល​បាន​រំលោភ​ដី​ចំណី​បឹង​ព្រែកទប់ មក​ធ្វើ​ជា​កម្មសិទ្ធិ​កន្លង​មក។ អ្នកស្រី​មើល​ឃើញ​ថា ជន​ប្រព្រឹត្ត​ល្មើស​ទាំង​នោះ ថ្នាក់ដឹកនាំ​ខេត្ត​ព្រះសីហនុ ដែល​ផ្លាស់ប្ដូរ​ជា​បន្តបន្ទាប់​មក​នេះ មិន​ទាន់​មាន​វិធានការ​តាម​ផ្លូវ​ច្បាប់​ឲ្យ​បាន​ច្បាស់លាស់​នៅ​ឡើយ​ទេ។

អ្នកស្រី ជៀប សុធារី៖ «កន្លងមក​មន្ត្រី​មួយ​ចំនួន​ដែល​ចូល​ទៅ​រំលោភ ឬ​កាន់កាប់​ដី​នៅ​តំបន់​ក្បាលឆាយ ដែល​ជា​ដី​អនុក្រឹត្យ​លេខ ៧៦ ឬ​ដី​ចំណី​មាត់​បឹង​ព្រែកទប់ និង​ដី​ចំណី​ឆ្នេរ​សមុទ្រ​ជាដើម មិន​ទាន់​ឃើញ​មាន​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ មាន​វិធានការ​ថា ត្រូវ​ប្ដឹង​ទៅ​កាន់​តុលាការ ឬ​ក៏​ត្រូវ​កោះហៅ​មន្ត្រី និង​បុគ្គល​មក​ធ្វើការ ឬ​អប់រំ​ណែនាំ​បែប​ណា ក៏​មិន​ទាន់​មាន​ចំណាត់​ការ​នោះ​ទេ​កន្លង​មក»

បច្ចុប្បន្ន​នេះ ផ្ទៃ​រងទឹក​ភ្លៀង ឬ​ដី​ចំណី​មាត់​បឹង​ព្រែកទប់ មាន​ទីតាំង​នៅ​ក្នុង​សង្កាត់៣ ក្រុង​ព្រះសីហនុ គេ​សង្កេត​ឃើញ​មាន​របង​ថ្ម​ហ៊ុមព័ទ្ធ​ទុក​ចោល ហើយ​មាន​សកម្មភាព​លួច​ចាក់​សំរាម​ចូល​ក្នុង​ផ្ទៃ​បឹង​ជា​បន្តបន្ទាប់។

វិឡា​ធំ​ស្កឹមស្កៃ​ដែល​សង់​មាន​ទំហំ​ធំ​ជាង​វត្ត​លោក ហើយ​សង់​ជិត​រួចរាល់​ជា​ស្ថាពរ មាន​ទីតាំង​ជាប់​មាត់បឹង​ព្រែកទប់ រាល់​ថ្ងៃ​នេះ មន្ត្រី​សង្គម​ស៊ីវិល និង​មន្ត្រី​សាលា​ខេត្ត​ព្រះសីហនុ បាន​អះអាង​ថា ជា​កម្មសិទ្ធិ​របស់​លោក តាក់ វណ្ណថា អតីត​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ ហើយ​បច្ចុប្បន្ន​មាន​តួនាទី​ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​ព្រះសីហនុ។ សំណង់​នេះ មន្ត្រី​ខេត្ត​ព្រះសីហនុ និង​មន្ត្រី​សង្គម​ស៊ីវិល​ខ្លះ​និយាយ​ថា សង់​មាន​ប្លង់​កម្មសិទ្ធិ និង​មាន​ច្បាប់​សាងសង់​អនុញ្ញាត​ត្រឹមត្រូវ​ពី​មន្ទីរ​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ​ខេត្ត​ទេសចរណ៍​មួយ​នេះ។ ប៉ុន្តែ​មាន​មន្ត្រី​រាជការ​ខ្លះ​ទៀត​និយាយ​ថា សំណង់​របស់​លោក តាក់ វណ្ណថា សង់​នៅ​ជាប់​មាត់​បឹង​ព្រែកទប់ សង់​គ្មាន​ច្បាប់​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។