តូ​តា​ល់​ទិញ​ភាគហ៊ុន​ក្នុង​ក្រុមហ៊ុន​សម្ព័ន្ធ​អាជីវកម្ម​ធនធាន​ប្រេង​មី​យ៉ា​ន់​ម៉ា​-​អូស្ត្រាលី

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ ក្រុមហ៊ុន Total E&P Myanmar បាន​ប្រកាស​កាលពី​ស​ប្តា​ហ៍​មុន​ថា ខ្លួន​បាន​ទិញ​ភាគហ៊ុន​៤០% នៅ​ក្នុង​ប្លុក A-6 នៃ​តំបន់​ប្រេង​ក្នុង​ដែនសមុទ្រ​មី​យ៉ា​ន់​ម៉ា ។

ប្លុក​នៃ​ការ​ធ្វើ​អាជីវកម្ម​រុករក​ប្រេង​នេះ​មាន​ទីតាំង​ស្ថិត​នៅ Rakhine Basin ឆ្ងាយ​ពី​ឆេ្ន​រ​សមុទ្រ​ភាគ​ខាងលិច​របស់​មី​យ៉ា​ន់​ម៉ា ក្នុង​ឈូង​សមុទ្រ Bengal ដែល​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន Myanmar Petroleum ។

សហគ្រាស​ប្រេង និង​ឧស្ម័ន​មី​យ៉ា​ន់​ម៉ា (MOGE) បាន​អនុម័ត​លើ​ការ​លក់​ហ៊ុន​នេះ ដែល​គេ​សង្កេត​ឃើញ​ប្លុក​នោះ​គ្រប់គ្រង​៤០% ដោយ​ក្រុមហ៊ុន Woodside និង Total ហើយ​២០% ដោយ​ក្រុមហ៊ុន​ម្ចាស់​ស្រុក (MPRL) នៅ​ដើមខែ​តុលា ។

លោក Xavier Preel អ្នកគ្រប់គ្រង​ទូទៅ​របស់​ក្រុមហ៊ុន Total E&P Myanmar បាន​ប្រាប់​កាសែត​មី​យ៉ា​ន់​ម៉ា​ថែម​ស៍​ថា ៖ «​យើង​នឹង​ចាប់ផ្តើម​រុករក​ក្នុង​ទឹក​ជ្រៅ​ឲ្យ​កាន់តែ​ឆាប់ គឺ​ក្នុង​រង្វង់​២.០០០​ម៉ែត្រ ។ ប្រសិនជា​យើង​រក​ឃើញ​ឧស្ម័ន​នោះ យើង​នឹង​ប្រកាស​នៅ​ក្នុង​ខែកុម្ភៈ ឆ្នាំ​២០១៦ ខាង​មុខ​» ។

ប្លុក A-6 គ្របដណ្តប់​លើ​ផ្ទៃដី​៩.៨៣០​ម៉ែត្រក្រឡា​ក្នុង​ជម្រៅ​ទឹក​ចន្លោះ​ពី​២០​ម៉ែត្រ និង​២.៥០០​ម៉ែត្រ ។

យោង​តាម​សន្និសីទ​របស់​ក្រុមហ៊ុន MPRL ដែល​ចេញផ្សាយ​កាលពី​ដើមខែ​នេះ​ថា កោះ British Virgin បាន​ចុះបញ្ជី​ជាមួយ​ក្រុមហ៊ុន MPRL និង MOGE លើ​កិច្ចព្រមព្រៀង​ស្តី​ពី «​ការ​ចែករំលែក​ផលិតកម្ម​» សម្រាប់​ប្លុក​នេះ​រួច​មក​ហើយ​កាលពី​ឆ្នាំ​២០០៧ ។

ចំណែក​លោក Moe Myint នាយក​ប្រតិបត្តិ​របស់ MPRL ថ្លែង​ថា ៖ «​លោក​មាន​ក្តី​រីករាយ​ក្នុង​ការ​ធ្វើ​ជា​ដៃគូ​ជាមួយ​បណ្តា​ក្រុមហ៊ុន​ប្រេង​អន្តរជាតិ ដូច​ជា Total និង Woodside ដោយ​សំអាង​ទៅ​លើ​បទ​ពិសោធន៍​របស់​ក្រុមហ៊ុន​ក្នុង​វិស័យ​ឧស្សាហកម្ម​រុករក​ប្រេង​ក្នុងស្រុក ដែល​ជា​ការ​លើកទឹកចិត្ត​សម្រាប់​ភាព​ជា​ដៃគូ​» ។

ក្នុង​អំឡុង​ខែមីនា ឆ្នាំ​២០១២ ក្រុមហ៊ុន​បាន​ប្រកាស​ថា ធនធាន​ឧស្ម័ន​ត្រូវ​បាន​រក​ឃើញ​ក្នុង​ការ​សាកល្បង Pyi Thar-1ST របស់​ខ្លួន​បាន​ផ្តល់​ឲ្យ​ប្លុក​នេះ​មាន​សក្តានុពល​នូវ​លទ្ធភាព​ដែល​អាច​ធ្វើ​ពាណិជ្ជកម្ម​បាន ។​ក្រោយមក Woodside Energy បាន​ទិញ​ភាគហ៊ុន​៥០% នៅ​ក្នុង​ប្លុក​នោះ​ក្នុង​ខែមករា ឆ្នាំ​២០១៣ ។

ក្រុមហ៊ុន​ថ្មី ដឹកនាំ​ដោយ Total បច្ចុប្បន្ន​នឹង​ដឹកនាំ​សកម្មភាព​នានា​កាន់តែ​ច្រើន​ក្នុង​ការ​រុករក ហើយនឹង​ចាប់ផ្តើម​ខួង​បូម​យក​ប្រេង​នៅ​កន្លែង​ថ្មី ដែល​អំណោយផល​ល្អ និង​ស្គាល់​ថា​ជា​តំបន់ Shwe Yee Htun ។

លោក Preel ឲ្យ​ដឹង​ថា ៖ «​ការ​រក​ឃើញ​របស់​យើង​អាច​ជា​លាភ​ធំ​មួយ​អាច​ផ្លាស់​ប្តូរ​ការ​ទារពន្ធ​ឧស្ម័ន​នៅ​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា​» ។

កាលពី​២​ឆ្នាំ​មុន យ៉ាង​ហោច​ណាស់ ការ​រក​ឃើញ​តំបន់​ធនធាន​ឧស្ម័ន​ពីរ កាលពីដើម​ឡើយ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ប្លុក A6 និង ប្លុក M3 មាន​ប្រតិបត្តិ​ដោយ​ក្រុមហ៊ុន​ថៃ PTTEP ប៉ុន្តែ​ប្លុក​ទាំងនោះ​មិន​ទាន់​ត្រូវ​បាន​អនុញ្ញាត​ជា​ផ្លូវការ​នៅឡើយ​ទេពី​លទ្ធភាព​ដែល​អាច​ប្រកប​ពាណិជ្ជកម្ម​បាន ។

បណ្តា​ក្រុមហ៊ុន​ប្រេង​អន្តរជាតិ​មួយ​ចំនួន​បាន​រៀបចំ​ផែនការ​សកម្មភាព​រុករក​នៅ​ក្នុង​ដែនសមុទ្រ​មី​យ៉ា​ន់​ម៉ា​នៅ​ខែ​ខាង​មុខ បើទុកជា​ក្នុង​ករណី​ខ្លះ​នីតិវិធី​ត្រូវ​បាន​ពន្យារ​តាម​រយៈ​ការ​ធ្លាក់​ចុះ​នៃ​តម្លៃ​ឧស្ម័ន​អន្តរជាតិ​យ៉ាងណា​ក្តី ។

ក្នុង​នោះ Total គ្រោង​នឹង​ដំឡើង​ទីតាំង​ឈរជើង​សម្រាប់​ផលិតកម្ម​ឧស្ម័ន​ក្នុង​គម្រោង Badamyar របស់​ខ្លួន​នៅ​ក្នុង​ឈូង​សមុទ្រ Martaban ផង​ដែរ ហើយ​ក៏​កំពុង​ខួងអណ្តូង​អភិវឌ្ឍន៍​ចំនួន​បួន​ផ្សេង​ទៀត​ដើម្បី​ពង្រីក​គម្រោង Yadana ក្នុង​សមុទ្រ Andaman ។

ក្រុមហ៊ុន​ប្រេង​យក្ស​របស់​បារាំង​មួយ​នេះ ក៏​បាន​សន្យា​វិនិយោគ​៧០​លាន​ដុល្លារ​នៅ​ក្នុង​ប្លុក​នោះ ក្នុងអំឡុងពេល​រុករក​៨​ឆ្នាំ​ថែម​ទៀត​ផង ។

ម្យ៉ាងទៀត Total ជា​ក្រុមហ៊ុន​ប្រេង​អន្តរជាតិ​នាំមុខ​គេ​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា ដែល​ប្រតិបត្តិការ​គម្រោង Yadana និង​ប្លុក​ប្រេង​ក្នុង​ដែនសមុទ្រ​ដទៃ​ទៀត ។ ម្យ៉ាងទៀត ខ្លួន​ក៏​ទិញ​ហ៊ុន​៤០% នៅ​ក្នុង​ប្លុក M-11 ពី​ក្រុមហ៊ុន​ថៃ PTTEP កាលពី​ឆ្នាំ​២០១២ ផង​ដែរ ៕