​រដ្ឋមន្ត្រី​អាស៊ាន​-​ចិន គ្រោង​នឹង​បើក​កិច្ចពិភាក្សា បញ្ហា​ចលនា​ហិង្សា​ជ្រុលនិយម​បង្ក​ឲ្យ​ប៉ះពាល់​សន្តិសុខ​

ភ្នំពេញ​: កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី អាស៊ាន​-​ចិន ស្តីពី​កិច្ចសហប្រតិបត្តិការ អនុវត្ត​ច្បាប់ និង​សន្តិសុខ ដែល​នឹង​ប្រារព្វ​ជា​លើកដំបូង នៅ​ប្រទេស​ចិន គ្រោង​នឹង​ពិភាក្សាគ្នា ដោយ​ផ្តោតជាសំខាន់ ពង្រឹង​យន្តការ​បន្ថែមទៀត លើ​ការអនុវត្ត​ច្បាប់ ដោះស្រាយ​បញ្ហា​ប្រឈម ដែល​ទាក់ទង​ទៅនឹង ការគំរាមកំហែង នៃ​ឧក្រិដ្ឋកម្ម​ឆ្លងដែន និង​បទល្មើស​ដទៃទៀត ពិសេស​បទល្មើស ការគំរាមកំហែង ដែល​កើត​មកពី​ចលនា​ហិង្សា របស់​ពួកក្រុម​ជ្រុលនិយម​។​
 
​គេហទំព័រ​នគរបាល​ជាតិ ផ្សាយ​ថា ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវការ របស់​ប្រតិភូ​ក្រសួងមហាផ្ទៃ​កម្ពុជា ដឹកនាំ​ដោយ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ទៅកាន់​សាធារណរដ្ឋ ប្រជាមានិត​ចិន រយៈពេល​៣​ថ្ងៃ នៅ​ចំណត​អាកាសយានដ្ឋាន អន្តរជាតិ​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៥ ។

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ប៉ោ ភក្ដិ ប្រធាន​នាយកដ្ឋាន​ទំនាក់ទំនង​អន្តរជាតិ​ក្រសួងមហាផ្ទៃ ថ្លែងថា ក្នុង​ដំណើរ​បំពេញ​ទស្សនកិច្ច របស់​ប្រតិភូ​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​កម្ពុជា ចាប់ពី​ថ្ងៃទី​២២ ដល់​ថ្ងៃទី​២៤ ខែតុលា​នេះ សម្តេច​ក្រឡាហោម ស ខេង នឹង​ដឹកនាំ​ប្រតិភូ​ចូលរួម កិច្ចប្រជុំ​ធំៗ​ចំនួន ៣ រួមមាន ១. កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី អាស៊ាន​-​ចិន ស្តីពី​កិច្ចសហប្រតិបត្តិការ​អនុវត្ត​ច្បាប់ និង​សន្តិសុខ អាស៊ាន​-​ចិន លើក​ទី​១ ក្រោម​ប្រធានបទ សន្តិសុខ និង​ការអភិវឌ្ឍន៍ ដែលមាន​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំង​១០​ប្រទេស និង​មាន​បណ្តា​ប្រទេស​ជា​ដៃគូ​អាស៊ាន អញ្ជើញ​ចូលរួម​ផងដែរ​. ២. កិច្ចប្រជុំ​កិច្ចសហប្រតិបត្តិការ​ស​ន្តិ​សុខ តាម​ដង​ទន្លេមេគង្គ ដែល​កិច្ចប្រជុំ​នេះ មក​ដល់ពេល​ប្រទេស​កម្ពុជា និង​ប្រទេស​វៀតណាម កំពុង​បាន​ស្ថិតក្នុង​ជា​ប្រទេស​អ្នកសង្កេតការណ៍​នៅឡើយ និង​ទី​៣ កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី កម្ពុជា​-​វៀតណាម ស្តីពី​កិច្ចសហប្រតិបត្តិការ អនុវត្ត​ច្បាប់​តាម​ទន្លេមេគង្គ ក្នុងស្ថានភាព​ជា​ប្រទេស​សង្កេតការណ៍​។​
 
​តាមរយៈ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី អាស៊ាន​-​ចិន បណ្តា​ប្រទេស​នឹង​បានទាមទា​ម​ឲ្យ​មាន​កិច្ចសហការ កិច្ច​សហ​ប្រតិ​ប​តិ្ត​ការណ៍​គ្នា​ល្អ​ទាំង​ក្នុង​តំបន់ និង​ទាំង​ក្នុង​អន្តរជាតិ ពិសេស​ផ្តល់ព័ត៌មាន​ឲ្យ​គ្នា​ទៅវិញទៅមក ចូលរួម​ការបង្ក្រាប ទប់ស្កាត់ អំពើ​ភេរវកម្ម ឧក្រិដ្ឋកម្ម​ឆ្លង បទល្មើស​បច្ចេកវិទ្យា អំពើ​ប្លន់​ឆ្លងដែន ចរាចរណ៍​ទំនិញ​ខុសច្បាប់​ឆ្លងដែន និង​បញ្ហា​ពួក​ជ្រុលនិយម​ជាដើម​។​
 
​លោក ប៉ោ ភក្ដិ បន្តថា តាម​ការគ្រោង ក្រៅពី​ចូលរួម​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​សន្តិសុខ អាស៊ាន​-​ចិន  សម្តេច​ក្រឡាហោម ស ខេង ក៏​នឹង​ដឹកនាំ​ប្រតិភូ​ក្រសួងមហាផ្ទៃ​កម្ពុជា ចូលរួម​ពិភាក្សា​ការងារ​ទ្វេរ​ភាគី ជាមួយ​រដ្ឋមន្ត្រីក្រសួង​សន្តិសុខ​សាធារណៈ​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន លោក​គ័​រ​សឹង​ឃុន និង​ចូលជួប​សំណេះសំណាល​ការងារ​ជាមួយ​អតីតរដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន លោក​ម៉ឺង ស៊ាន​ជូ ព្រមទាំង​ដឹកនាំ​ប្រតិភូ​ចូលជួប​ពិភាក្សា​ការងារ​ទេ្វរ​ភាគី ជាមួយ​បណ្តា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​រដ្ឋមន្ត្រីក្រសួង​សន្តិសុខ​របស់​បណ្តា​ប្រទេសមួយ​ចំនួន​ដែល​សមាជិក​អាស៊ាន​ផង​៕V

​រដ្ឋមន្ត្រី​អាស៊ាន​-​ចិន គ្រោង​នឹង​បើក​កិច្ចពិភាក្សា បញ្ហា​ចលនា​ហិង្សា​ជ្រុលនិយម​បង្ក​ឲ្យ​ប៉ះពាល់​សន្តិសុខ​