លោក ខ្លូត តារា ប្រធាន​មណ្ឌល​អប់រំ​កែប្រែ​ម​២(​ព្រៃ​ស​)​កំពុង​ល្បីល្បាញ​ខាង​ពុករលួយ

អ្នក​ធ្លាប់​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ព្រៃ​ស ព្រមទាំង​មជ្ឈដ្ឋាន​មួយចំនួន​បាន​អំពាវនាវ​ឲ្យ​លោក គុយ ប៊ុនសន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ​ក្រសួងមហាផ្ទៃ ចាត់វិធានការ​លើ​លោក ខ្លូត តារា ប្រធាន​មណ្ឌល​អប់រំ​កែប្រែ​ម​២ ជាបន្ទាន់​។ ដោយហេតុថា មន្ត្រី​រូបនេះ​កំពុង​ប្រឈម​នឹង​បណ្ដឹង​ស្ដីពី​ការ​កិបកេង​ប្រាក់ខែ​បុគ្គលិក និង​ប្រាក់​របប​ប្រចាំថ្ងៃ​របស់​ជន​ជាប់ឃុំ រួមទាំង​ការយកថ្លៃ​ប្ដូរ​បន្ទប់​ស្នាក់នៅ​របស់​អ្នក​ជាប់ឃុំ​ផងដែរ​។ ជាងនេះទៅទៀត​គឺមាន​ការ​ជំរិត​យកលុយ​ពី​សាច់ញាតិ ក្រុមគ្រួសារ​អ្នក​ជាប់ឃុំ ដែល​ទៅសួរសុខទុក្ខ​អ្នក​ជាប់ឃុំ​តាម​អំពើ​ចិត្ត​។​

រឿងអាស្រូវ​ពុករលួយ​របស់លោក ខ្លូត តារា ប្រធាន​មណ្ឌល​អប់រំ​កែប្រែ​ម​២ មិនអាច​បិទបាំង​បានទេ​ព្រោះ​មាន​ពាក្យបណ្ដឹង​ចោទប្រកាន់​ពី​អ្នក​ជាប់ឃុំ​រួចទៅហើយ ដូច្នេះ​លោក គុយ ប៊ុនសន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ​ក្រសួងមហាផ្ទៃ ត្រូវ​ចាត់វិធានការ​តាមច្បាប់​ជាបន្ទាន់​។ នៅក្នុង​លិខិត​បំភ្លឺ​របស់លោក ខ្លូត តារា ទៅកាន់​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​បដិសេធ​នូវ​ការចោទប្រកាន់​ចំនួន​៤​ចំណុច គឺ​ទី​១-​តម្រូវ​ឲ្យ​ក្រុមគ្រួសារ​ដែល​ទៅ​ជួប​សួរសុខទុក្ខ​ជន​ជាប់ឃុំ​បង់ប្រាក់​ចំនួន​៣២០០០​រៀល នៅ​រាល់ពេល​ចូល​សួរសុខទុក្ខ​ម្ដងៗ ទី​២-​យកលុយ​ពី​ជន​ជាប់ឃុំ​ក្នុង​ម្នាក់ៗ​ចាប់ពី​១០០​ទៅ​៥០០​ដុល្លារ​ជា​ថ្នូរ​នឹង​ការផ្លាស់ប្ដូរ​បន្ទប់ ទី​៣-​កិបកេង​របប​ជីវភាព​ប្រចាំថ្ងៃ​របស់​ជន​ជាប់ឃុំ​ប្រហែល​ពី​១០​ទៅ​១៥​លាន​រៀល​ក្នុង​មួយខែ និង​ទី​៤-​យកប្រាក់​ខែ​របស់​មន្ត្រី​ដែល​មិន​មក​បម្រើ​ការងារ​ចំនួន​៩​នាក់​ទៅធ្វើជា​ប្រយោជន៍​ផ្ទាល់ខ្លួន​។​

បើទោះបី​លោក ខ្លូត តារា ខំ​បិទបាំង​អំពើអាក្រក់​របស់ខ្លួន​យ៉ាង​ណ​ក៏ដោយ​ក៏​មិនអាច​ទៅរួច​ដែរ ព្រោះ​អ្នក​ធ្លាប់​ជាប់ឃុំ​មួយចំនួន​បានផ្ដល់​ព័ត៌មាន​ដល់​អ្នកកាសែត​យ៉ាងច្បាស់​លាស់​ជុំវិញ​បញ្ហា​នេះ​។ ជាងនេះទៅទៀត​មន្ត្រី​បុគ្គលិក​មណ្ឌល​អប់រំ​កែប្រែ​ម​២ មួយចំនួន​ក៏បាន​លា​ត្រដាង​អំពើអាក្រក់​របស់លោក ខ្លូត តារា ជា​សាធារណៈ​រួចទៅហើយ រហូតដល់​មានការ​ស៊ើបអង្កេត​ពី​សំណាក់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ទៀង​ផង​។ ជាពិសេស​ករណី​មាន​បទល្មើស​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​ក្នុង​មណ្ឌល​អប់រំ​កែប្រែ​ម​២ គឺជា​រឿង​ដែល​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​ស៊ើបអង្កេត​ឲ្យ​បានច្បាស់លាស់ ព្រោះ​លោក ខ្លូត តារា ជា​អ្នកទទួលខុសត្រូវ​ធំជាងគេ​ក្នុង​រឿងនេះ​៕

139_1លោក គុយ ប៊ុនសន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ​ក្រសួងមហាផ្ទៃ 7508