​ប៉េអឹម​រាជ​ធានី​បង្ហាញ​​ខ្លួន​ជន​សង្ស័យពាក់​ព័ន្ធ​គ្រឿង​ញៀន​​​​១៨នាក់​ ​និង​ថ្នាំ​ញៀន​៣៦កញ្ចប់​

​រាជ​ធានី​ភ្នំពេញ ៖ ​បន្ទាប់​ពី​បាន​ស្រាវជ្រាវ​​ទើប​ឈាន​ទៅ​​ឃាត់​ខ្លួន​ជន​សង្ស័យ​ពាក់​ព័ន្ធគ្រឿងញៀន​ជាបន្តបន្ទាប់​ នៅ​ព្រឹក​ថ្ងៃទី​២៣ តុលា នេះ ​កងរាជ​អាវុធ​ហត្ថ​រាជ​ធានី​ភ្នំពេញ បាន​បង្ហាញ​​ខ្លួន​​ជន​សង្ស័យ​​១៨​នាក់ ​រួម​ទាំង​វត្ថុ​តាង​ថ្នាំញៀន​ក្រាមពណ៌​ស​ថ្លា​​ចំនួន​​៣៦​កញ្ចប់​ ព្រម​ទាំង​សម្ភារ​​​មួយ​ចំនួន​ទៀត ​បញ្ជូន​​ទៅ​សលា​ដំបូង​រាជ​ធានី​ ។​

លោក​​វរសេនីយ៍​ ប៉ាន់ សុភាព នាយ​ការិយាល័យ​ស្រាវជ្រាវ​​ប្រឆាំង​បទ​ល្មើស​គ្រឿង​ញៀន​កង​រាជ​អា​វុធ​ហត្ថរាជ​ធានី​​ ​បាន​ឱ្យ​ដឹង​​នៅ​​ម៉ោង​៨​និង​២៥​នាទី​ព្រឹក​ថ្ងៃទី​២៣ តុលា នេះ​ថា ​កាលពី​ថ្ងៃទី​១៩ តុលា ​កង​រាជ​អា​វុធ​ហត្ថរាជ​ធានី​ សហការ​ជា​មួយ​កង​រាជ​អាវុធហត្ថ​ខណ្ឌ​​ដូន​ពេញ ឃាត់​ខ្លួន​ជន​សង្ស័យ​បាន​​ម្នាក់ ​នៅ​ចំណត​រថយន្ត​ផ្សារ​សុរិយា សង្កាត់​ផ្សារ​ថ្មី​ទី៣ ខណ្ឌ​ដូន​ពេញ ​ដក​ហួត​បាន​ថ្នាំ​ញៀន​៧កញ្ចប់ និង​សម្ភារ​មួយ​ចំនួន​ទៀត ។

​​នៅ​ថ្ងៃទី​២០ តុលា ​កង​រាជ​អា​វុធ​ហត្ថរាជ​ធានី​ សហការ​ជា​មួយ​កង​រាជ​អាវុធហត្ថ​ខណ្ឌ​​​ជ្រោ​យចង្វារ​ ​ឃាត់​ខ្លួន​ជន​សង្ស័យ​​​បាន​​២នាក់​ នៅ​ភូមិ​៣ សង្កាត់ជ្រោយ​ចង្វារ ខណ្ឌ​ជ្រោយ​ចង្វារ ដក​ហូត​បាន​ថ្នាំ​ញៀន​២០កញ្ចប់ ​។ ហើយ​នៅ​ថ្ងៃ​ដដៃល​នេះ​ដែរ ​កង​រាជ​អា​វុធ​ហត្ថរាជ​ធានី​ សហការ​ជា​មួយ​កង​រាជ​អាវុធហត្ថ​ខណ្ឌ​ពោធិសែនជ័យ ឃាត់​ខ្លួន​ជន​សង្ស័យ​ចំនួន​១២នាក់ ​នៅ​ផ្ទះ​សំណាក់​វិមានអង្គរ​ជ័យ ផ្លូវ​វេងស្រេង​ ភូមិ​ចោម​ចៅ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិសែនជ័យ ដក​ហូត​បាន​ថ្នាំញៀន​ចំនួន​៥កញ្ចប់​ និង​សម្ភារ​មួយ​ចំនួន​ ។​

លោក​វរសេនីយ៍​ បាន​បន្ត​ថា ​នៅយប់​ថ្ងៃទី​២១ឈាន​ចូល​ថ្ងៃទី​២២ តុលា ​កង​រាជ​អាវុធហត្ថ​ខណ្ឌ​ចំការ​មន ឃាត់​ខ្លួន​ជន​សង្ស័យ​បាន​ម្នាក់ ​នៅ​លើផ្លូវ​៥០៨ សង្កាត់​ដើម​ថ្កូវ ខណ្ឌ​ចំការ​មន ​ដក​ហូត​បាន​​ថ្នាំញៀន​១កញ្ចប់ ​​​។ ​​ហើយ​នៅ​ថ្ងៃដដែលនេះ​ កង​រាជ​អា​វុធ​ហត្ថរាជ​ធានី​ សហការ​ជា​មួយ​កង​រាជ​អាវុធហត្ថ​ខណ្ឌ​​ដូន​ពេញទួល​គោក​​ ឃាត់​ខ្លួន​ជន​សង្ស័យ​​​២នាក់ នៅ​ផ្លូវ​​លេខ​១៩២ សង្កាត់​ទឹក​ល្ហក់​២ និងបន្ទប់ជួល​គ្មាន​លេខ​ ភូមិ​១០ សង្កាត់​បឹង​សាឡាង ខណ្ឌ​ទួល​គោក ដក​ហូត​បាន​ថ្នាំ​ញៀន​ចំនួន​៣​កញ្ចប់ ។

​​ក្រោយ​ពី​ការ​បង្ហាញ​ខ្លួន​ជន​សង្ស័យ​ទាំង​១៨នាក់ និង​វត្ថុ​តាង​រួច​មក កង​រាជ​អាវុធហត្ថ​​រាជ​ធានី​ភ្នំពេញ​​បាន​កសាង​សំណុំ​រឿង​បញ្ជូន​​ទៅ​សាលា​ដំបូង​រាជ​ធានី​ជា​បន្ត​បន្ទាប់​ដើម្បី​ចាត់​ការ​​តាមនីតិវិធី ៕