កិច្ចប្រជុំ​គណៈកម្មការ​រៀបចំ​ព្រះរាជ​ពិធីបុណ្យអុំទូកនៅ​ខេត្តសៀមរាប

ខេត្តសៀមរាប ​៖ ​នៅ​រដ្ឋបាល​សាលាខេត្ត​សៀមរាប នា​រសៀល​ថ្ងៃ​ទី២២ ​តុលា ​២០១៥​ ម្សិលមិញ​នេះមាន​ធ្វើ​កិច្ចប្រជុំ​គណៈកម្មការ​រៀបចំ​ព្រះរាជ​ពិធីបុណ្យ​អ៊ុំ​ទូក បណ្តែតប្រទីប អកអំបុក សំពះ​ព្រះ​ខែ ក្រោម​ការ​ដឹក​នាំ​របស់​លោក ឃឹម ប៊ុ​ន​សុង អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប ដោយ​មានការ​ចូលរួម​ពី​សំណាក់លោក លោក​ជំទាវ គណៈ​អភិបាលខេត្ត និងអស់លោក លោកស្រី​ជា​ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព អាជ្ញាធរ​ក្រុង ស្រុក ផង​ដែរ ។ 

មាន​ប្រសាសន៍​បើក​កិច្ចប្រជុំ​នោះ លោក ឃឹម ប៊ុ​ន​សុង ក៏​បាន​លើក​ឡើងពី​ខ្លឹមសារ​នៃ​កិច្ចប្រជុំ​នា​ពេល​នោះ ដោយ​បាន​បញ្ជាក់​អំពី​ការ​រៀបចំ​ប្រារព្ធ​ធ្វើ​ពិធី​អបអរសាទរ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប អក អំបុក សំពះ​ព្រះ​ខែ ដែល​នឹង​ប្រព្រឹត្ត​ធ្វើ​ឡើង​តាម​បណ្តោយ​ដងស្ទឹង​ប្រវត្តិសាស្ត្រ​សៀមរាប ដោយ​មាន​រៀបចំ​នូវ​កម្មវិធី​កម្សាន្ត​ផ្សេង​ៗ ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំង​ក្នុង ក្រៅ​ខេត្ត ព្រមទាំង​ភ្ញៀវ​ទេសចរ​ បាន​ទស្សនាកម្សាន្ត អំពី​វប្បធម៌ ប្រពៃណីរបស់​ប្រជាពលរដ្ឋ​ខែ្ម​រ​យើងដែល​មាន​រយៈពេល​០២​ថ្ងៃ ។

​លោក​ក៏​បានឱ្យ​ដឹងផង​ដែរ​ថា ការ​រៀបចំ​ព្រះរាជ​ពិធីបុណ្យអុំ​ទូក បណ្តែតប្រទីប អកអំបុក សំពះ​ព្រះ​ខែ​នេះ គឺ​ធ្វើ​ឡើង​ដើម្បី​រំលឹក និង​គោរព​ដល់​វីរភាព​នៃ​បុព្វបុរស​ទាហាន​ជើងទឹក​ជំនាន់​ដើមដែល​បាន​ពលី​ជិ​វិតក្នុង​ការ​ធ្វើសឹក​សង្គ្រាម​តាម​ផ្លូវទឹកក្នុង​ការ​កម្ចាត់​ពួក​សត្រូវ​ឈ្លានពាន ហើយ​ទទួល​បាន​ជ័យ​ជំនះ​ជូន​ជាតិ​មាតុភូមិ​អង្គរ​នៃ​យើង​។​

លោក ឃឹម ប៊ុ​ន​សុង ក៏​បាន​បន្ត​ទៀត​ថា ការ​ជួបជុំ​គ្នា​នា​ឱកាស​នេះក៏ដើម្បី​ធ្វើការ​ពិភាក្សា​គ្នាក្នុង​ជួរ​គណៈកម្មការរៀបចំ​ពិធីបុណ្យអុំទូក ដើម្បី​ធ្វើការ​រៀបចំ​ក្រុង​សៀមរាប​យើងឲ្យ​មាន​សោ​ភ័ណ​ភាព​កាន់តែ​មានភាព​ស្រស់​ត្រកាល​ឡើងក្នុង​ឱកាស​ព្រះរាជ​ពិធីបុណ្យ អុំទូក បណ្តែតប្រទីប អកអំបុក សំពះ​ព្រះ​ខែ​ឆ្នាំ​២០១៥​នេះ ដែល​ជាក្រុង​គោលដៅ​របស់​ភ្ញៀវ​ទេសចរ​​លើ​ពិភពលោក ហើយ​ក៏​ជា​ការ​ទាក់ទាញ​នូវ​អារម្មណ៍​ភ្ញៀវ​ទេសចរ​​ជាតិ អន្តរជាតិ ចូល​មក​ទស្សនា​កម្សាន្ត​ឱ្យ​កាត់​តែ​ច្រើន​ផង​ដែរ ៕