មហាសន្និបាត លើកទី១៣៣ របស់ IPU បិទបញ្ចប់ប្រកប ដោយផ្លែផ្កាល្អច្រើន

ភ្នំពេញ៖ មហាសន្និបាតលើក ទី១៣៣ របស់សហភាពអន្តរសភា ហៅកាត់ថា IPU បានបញ្ចប់ទៅប្រកបដោយ ផ្លែផ្កាល្អជាច្រើន ជាពិសេសការ ចាប់អារម្មណ៍ខ្លាំងទៅលើ ការពង្រឹងតួនាទីសមាជិកសភា ក្នុងការអនុវត្ត គោលការណ៍ នៃច្បាប់មនុស្សធម៌ អន្តរជាតិ និងអនុសញ្ញាអន្តរជាតិ ស្តីពីការការពារជនភៀសខ្លួន។

នេះជាការលើកឡើងរបស់លោក ហ៊ុន ម៉ានី សមាជិកគណៈកម្មការ កិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃវេទិកាសមាជិកសភា វ័យក្មេងតំណាងឲ្យតំបន់ អាស៊ី-ប៉ាស៊ីហ្វិករបស់ IPU ក្នុងសន្និសីទកាសែតនាបន្ទប់ VIP អាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ ក្រោយពី គណៈប្រតិភូកម្ពុជា ត្រឡបមកពីមហាសន្និបាត។

មហាសន្និបាតនេះ មានរយៈពេល ០៥ថ្ងែចាប់ពីថ្ងៃទី១៧-២១ តុលា ត្រូវបានរៀបចំនៅមជ្ឈមណ្ឌលសន្និសីទ អន្តរជាតិ ទីក្រុងហ្សឺណែវ ប្រទេសស្វីស ដែលមានសមាជិកសភាចូលរួមចំនួន៦៧០នាក់ ក្នុងនោះមានប្រធាន និងអនុប្រធានសភាចូលរួមចំនួន៩៤រូប មកពី១៣៥ប្រទេស។

លោក ហ៊ុន ម៉ានី បានថ្លែងថា មហាសន្និបាតនេះ បានអនុម័តលើសេចក្ដីសម្រេចស្ដីពីលទ្ធិប្រជាធិតេយ្យក្នុង យុគសម័យ ឌីជីថល , ការគម្រាមកំហែងដល់ភាពផ្ទាល់ខ្លួន , សេរីភាពបុគ្គល , សេចក្ដីសម្រេចតួនាទីសហភាព អន្តរភាពសភា សមាជិកសភា អង្គការអន្តរជាតិ , អង្គការក្នុងតំបន់ក្នុងការការពារ , ការគាំទ្រជាបន្ទាន់ទៅដល់ ជនទាំងឡាយ ដែលក្លាយខ្លួនជាជនភៀសខ្លួនដោយសារសង្រ្គាម ជម្លោះផ្ទៃក្នុង ស្ថានភាពសង្គម សេដ្ឋកិច្ច យោងតាម នៃច្បាប់មនុស្សធម៌អន្ដរជាតិ និងសន្ធិសញ្ញាអន្ដរជាតិ , ធ្វើការចំណាកស្រុកប្រកបដោយយុតិ្តធម៌ ភាពឆ្លាត វៃ និងមនុស្សធម៌។

ចំពោះករណីសិទ្ធិមនុស្សសម្រាប់សមាជិកសភាត្រូវបាន គណៈកម្មាធិការសិទ្ធិមនុស្សសម្រាប់សមាជិក សភា បានស្នើសុំ ទៅក្រុមប្រឹក្សាភិបាលអនុម័តសម្រេចទៅលើករណី មួយចំនួនកើតមាននៅ១៣ប្រទេស ក្នុង៥តំបន់ (អាហ្វ្រិក អាម៉េរិក អាស៊ី អឺរ៉ុប និងមជ្ឈឹមបូព៌ា)ក្នុងនោះមិនមែនការលើកឡើងចំពោះកម្ពុជានោះទេ។

សូមបញ្ជាក់ថា មហាសន្និបាតលើកទី១៣៤ របស់ IPU នឹងប្រព្រឹត្តនៅទីក្រុង LUSAKA ប្រទេស Zambia ចាប់ពីថ្ងៃ ទី១៩ -២៣ ខែមីនា ឆ្នាំ២០១៦>

មហាសន្និបាត លើកទី១៣៣ របស់ IPU បិទបញ្ចប់ប្រកប ដោយផ្លែផ្កាល្អច្រើន