លោក ញឹក ប៊ុនឆៃ ថាកិច្ចព្រមព្រៀង ទីក្រុងបារីសជា ថ្ងៃចាប់ផ្តើមប្រទេស លើពិភពលោក ផ្ដល់ជំនួយដល់ កម្ពុជាបន្តបន្ទាប់

ភ្នំពេញ៖ ស្របពេលកម្ពុជា ប្រារព្ធខួប២៤ឆ្នាំ នៃកិច្ចព្រមព្រៀង ទីក្រុងបារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ អនុប្រធានទី២ នៃគណបក្សហ្វ៊ុនស៊ិនប៉ិច លោក ញឹក ប៊ុនឆៃ បានថ្លែងដោយភាព ជឿជាក់ថា ប្រសិនបើគ្មាន ថ្ងៃ២៣តុលាទេ ប្រទេសនៅលើសកលលោក ទាំងមូលក៏មិនផ្ដល់ជំនួយ មកដល់កម្ពុជាដែរ។

លោក ញឹក ប៊ុនឆៃ នៅព្រឹកថ្ងៃទី ២៣ តុលានេះ បានផ្ដល់បទសម្ភាសន៍ ដល់ក្រុមអ្នកសារព័ត៌មាន នៅគេហដ្ឋាន របស់លោកថា ២៣ តុលា ជាថ្ងៃដែលមានតម្លៃបំផុតសម្រាប់កម្ពុជា កម្ពុជាមានសន្តិភាព ស្ថេរភាពនយោបាយគឺ ដោយសារតែថ្ងៃ២៣ តុលា ១៩៩១។

លោកបន្ថែមថា “ដោយសារកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ទើបបានអន្តរជាតិ អង្គការសហប្រជាជាតិ ហើយ បណ្ដាប្រទេសជាមិត្តទាំងអស់លើសកលលោក បានផ្ដល់ជំនួយមកដល់ប្រទេសកម្ពុជាយើង រហូតមកដល់សព្វថ្ងៃ និងបន្តទៅមុខទៀត ដែលធ្វើឲ្យប្រទេសកម្ពុជារបស់យើងមានការរីកចម្រើនជាបន្តបន្ទាប់ទៀត”។

គួរបញ្ជាក់ថា កិច្ចចរចាសន្តិភាពទីក្រុងប៉ារីស ថ្ងៃ២៣ តុលា ១៩៩១ត្រូវបានចុះហត្ថលេខា ដោយអង្គការសហ ប្រជាជាតិ ប្រមុខការទូត នៃប្រទេសចំនួន ១៩ និងប្រទេសកម្ពុជា ដែល មានភាគីជម្លោះខ្មែរទាំង ៤ក្រុម រួមមាន ក្រុមសម្តេចសីហនុនិយម ក្រុមអ្នកជាតិនិយមរបស់លោកតា សឺន សាន ក្រុមខ្មែរក្រហមរបស់ ប៉ុល ពត និងរដ្ឋ កម្ពុជា របស់សម្តេចទាំងពីរ សម្តេច ជា ស៊ីម និងសម្តេច ហ៊ុន សែន ដោយមានប្រទេសបារាំង និង ឥណ្ឌូនេស៊ី ជាសហប្រធាន៕

លោក ញឹក ប៊ុនឆៃ ថាកិច្ចព្រមព្រៀង ទីក្រុងបារីសជា ថ្ងៃចាប់ផ្តើមប្រទេស លើពិភពលោក ផ្ដល់ជំនួយដល់ កម្ពុជាបន្តបន្ទាប់