សង្ឃ​ប្រើ​ទូរស័ព្ទ​ មានទោស​ទេ?

ជ្រុងមួយនៃសាសនា ៖ បើ​ទោះជា​មិន​មាន​បញ្ញត្តិ​តាម​ផ្លូវ​វិន័យ តែបើ​ព្រះសង្ឃ​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​នេះ​ខុស​ទិស​ដៅ​នឹង​មានទោស ។ នេះ​សបញ្ជាក់់​ឲ្យ​ច្បាស់​ថា លោកសង្ឃ​អាច​ប្រើប្រាស់​ទូរស័ព្ទ​បាន មិន​ខុស​ទៅ​នឹង​ច្បាប់​ហាមឃាត់​ទេ ប្រសិនបើ​ការ​ប្រើប្រាស់​នោះ​ក្នុង​ចេតនា​អភិវឌ្ឍន៍​សាសនា​ឲ្យ​រុងរឿង​។ តែ​ប្រសិនបើ​ប្រើ​ខុស​ប្រាសចាក​ធម៌​វិន័យ គឺ​គ្រាន់តែ​ដើម្បីទំនាក់ទំនង​បោក​បញ្ឆោត​គេ​យក​លាភ ឬ​ពោល​ពាក្យ​ចែប៉ប្រែ​ក្នុង​ផ្លូវ​ផ្សេង​នឹង​មាន
ទោស ហើយ​ទោស​នោះ​ទៅ​តាម​ការ​ប្រព្រឹត្ត​ជាក់ស្តែង ។ បើ​ស្រាល​ត្រឹម​ធ្វើ​ឲ្យ​សីល​ពព្រុះពពាល តែបើ​ទោស​ធ្ងន់​នឹង​អាច​ឈាន​ដល់​ដាច់​ចាក​ភេទ​ជា​អ្នកបួស ។

ជឿ​ទេ​ថា លោកសង្ឃ​ប្រើ​ទូរស័ព្ទ​សុទ្ធតែ​ប្រព្រឹត្ត​ទៅ​ក្នុង​ផ្លូវ​សុចរិត ?
ធ្វើ​ម៉េច​នឹង​បានដឹង​ទៅ​កើត បើ​សុទ្ធតែ​ជា​បញ្ញា​បុថុជ្ជន​ដូច​គ្នា​នឹង! ការងារ​នេះ​ជា​អាថ៌​កំបាំង​របស់​សាមី​សង្ឃ តែ​គួរ​ចាំ​ថា រឿង​សុទ្ធ​មិន​សុទ្ធ ស្អាត​មិន​ស្អាត​មិនមែន​ជា​ជម្រើស​សម្រាប់អ្នក​ផ្សេង​ឡើយ គឺ​អាស្រ័យ​លើ​សាមីខ្លួន​ជា​អ្នក​អនុវត្ត​ផ្ទាល់​។ មាន​ន័យ​ថា បើ​ទោះជា​តាម​ផ្លូវ​វិន័យ​មិន​មាន​បញ្ញត្តិ​ពី​ការ​ដែល​ព្រះសង្ឃ​ប្រើប្រាស់​ទូរស័ព្ទ​គួរ​ឬ​មិន​គួរ​ក្តី តែបើ​ប្រើ​ខុស​នឹង​មានទោស ហើយ​ទោស​នោះ​ទៅ​តាម​កម្រិត​នៃ​ទ​ង្វើ​ជាក់ស្តែង​ទៀត គឺ​បើ​គ្រាន់តែ​ពោល​ពាក្យ​កុហក​បោកប្រាស​ឲ្យ​គេ​ខាតបង់​ពេលវេលា ឬ​ខាតបង់់​ប្រាក់​បន្តិចបន្តួច ឬ​ក៏​ទំនាក់ទំនង​ក្នុង​សម្ព័ន្ធមេត្រីភាព​តាម​ផ្លូវ​វាចា តែ​មិន​បាន​ធ្វើ​ឲ្យ​ភាគី​ស្រី្ត​ភេទ​នោះ​ខាតបង់​រូប​កាយ គ្រាន់តែ​ខូចចិត្ត​ខ្លះ​ៗ ទោស​នៃ​សាមី​សង្ឃ​អង្គ​នោះ​ក៏​មិន​ធ្ងន់​រហូត​ដាច់​ភេទ​ជា​បព្វជិត​ដែរ តែ​សីល​ពរ​លែងស្អាត​ទៀត​ហើយ ។

ផ្ទុយ​ទៅ​វិញ​ប្រសិនបើ​សង្ឃ​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​នេះ​ទៅ​ទំនាក់ទំនង​បញ្ចុះបញ្ចូល​ពោល​អួតខ្លួន​ដោយ​ប្រការ​ផ្សេង​ៗ​ដូច​ថា ខ្លួន​បាន​សម្រេច​វិជ្ជា​នេះ សម្រេច​វិជ្ជា​នោះ សម្រេច​ធម៌​នេះ សម្រេច​ធម៌​នោះ កែ​ច្នៃ​រក​វិធីសាស្ត្រ​បែប​ណា​ដើម្បី​ឲ្យ​គេ​ជឿជាក់​បូជា​លាភសក្ការៈ​ច្រើន​សន្ធិ​កមក​លើ​ខ្លួន តែ​តាម​ការ​ពិត​ភិក្ខុ ឬ​សាមណេរ​អង្គ​នោះ​អត់​ចេះ​អី​សោះ ។ សម្ដី​បែប​នេះ បើ​តាម​ផ្លូវ​វិន័យចោទ​ចូល​ក្នុង​អាបត្តិ​ធំ​មួយ​ក្នុង​ចំណោម​អាបត្តិ​ធ្ងន់​ៗ​ទាំង​បួន​គឺ ឧត្តរិមនុស្ស​ធម្ម ពោល​អួត​ធម៌ ឬ​វិជ្ជា​របស់​មនុស្ស​ក្រៃ​លែង ដែល​មិន​មាន​ក្នុង​ខ្លួន​ភិក្ខុ ឬ​សាមណេរអង្គ​នោះ​នឹង​ដាច់​ចាក​ភេទ​ជា​អ្នកបួស​ក្នុង​ខណៈនោះ ។

ចុះបើ​ភិក្ខុ ឬ​សាមណេរ​ដឹង​ថា ខ្លួន​ដាច់​ភេទ​ជា​អ្នកបួស​ហើយ តែ​មិន​ព្រម​ប្តូរ​សម្លៀក​បំពាក់​នៅ​គ្រងចីវរ​បន្ត​សម្ងំ​រស់នៅ​ដូច​អ្នកបួស​ដទៃ​ទៀត តើ​យ៉ា​ង​ម៉េ​ច​ទៅ​វិញ ?

វិន័យ​មិន​បាន​ប្រាប់​ថា អ្នកចេះ​វិន័យ ធ្វើ​ខុស​មានទោស ចំណែកឯ​អ្នក​មិន​ចេះវិន័យ​ធ្វើ​ខុស​មិន​មានទោស​នោះ​ក៏​ទេ​ដែរ ។ វិន័យ​បើកាលណា​អ្នកបួស​ធ្វើ​ខុស​កម្រិតណា ទោសទណ្ឌ​ប្រាកដជា​នឹង​មាន​កម្រិត​នោះ មិន​រើសមុខ​ថា​អ្នកចេះ ឬ​មិន​ចេះ អ្នកដឹង ឬ​មិនដឹង​នោះ​ឡើយ ។ កាលបើ​សាមីខ្លួន​ត្រូវ​អាបត្តិ​ថ្នាក់​កំពូល​ហើយ​មិន​ព្រម​សឹក​នោះ ប្រាកដជា​មាន​បាប​ធ្ងន់​បំផុត ។ តាម​ពុទ្ធ​ប្បញ្ញត្តិ​ចោទ​បុគ្គល​នោះ​ដូច​ជា​ចោរ ចាំ​ប្លម ចាំ​លួច​ដណ្តើម​យកលាភ​​របស់​សង្ឃ​​ដែល​លោក​មាន​សីល​បរិសុទ្ធ ឬ​បើ​អ្នក​ក្លែងភេទ​នេះ​ចូល​ធ្វើ​សង្ឃកម្ម​ទាំងឡាយមាន​ឧបោសថសីល​ជាដើម​ដែរ​នោះ ប្រហែលជា​ចុតិ​បដិសន្ធិ​នឹង​គេច​មិន​ផុត​ពី​អនន្តរិយកម្ម​ឡើយ ។

ពិត​ណាស់ សម័យ​សាកល​ភាវូបនីយកម្ម​អ្វី​ៗ​រីក​ចម្រើន​កប់​អាកាស​អស់​ទៅ​ហើយ ព្រះសង្ឃ​គួរ​ប្រើប្រាស់​បច្ចេកវិទ្យា​ដ៏​នើ​ប​នេះ​ហើយ តែ​កុំ​សម្ញែង​ពេក​ក្រែង​មិន​គប្បី​ដល់ភ្នែក​អ្នកផង​គេ​មើល​មក​មិន​សម ខ្លាចក្រែង​គេ​រិះគន់ គេ​ទិតៀន​វាយប្រហារ​ដោយ​សំដីមិន​ពីរោះ​ត្រង់​ឥរិយាបថ​មិន​គួរ​នេះ​ហើយ​គឺ​ខុស​វិន័យ​នេះ​បើ​ផ្អែក​ទៅ​លើ​អភិសមាចារ ។

មែនទែន​ទៅ ការ​ប្រើប្រាស់​ទូរស័ព្ទ​នេះ​មាន​ប្រយោជន៍​ច្រើន​ណាស់ បើ​សាមី​សង្ឃ​ប្រើប្រាស់​ឲ្យ​ត្រូវ​ទៅ​តាម​គន្លង​ធម៌​វិន័យ ដូច​ទំនាក់ទំនង​កា​ទូត​ដើម្បី​ប្រយោជន៍​សាសនា ឲ្យ​គេ​ស្គាល់​ពុទ្ធសាសនា​ជា​លក្ខណ​អន្តរជាតិ ទំនាក់ទំនង​បរិស័ទ​ជិត​ឆ្ងាយ​ពន្យល់​ណែនាំ​ពី​ធម៌​វិន័យ​ឲ្យ​គេ​បាន​យល់​កួចចិត្ត​ជ្រះថ្លា​ក៏​ងាយស្រួល ។ ដោយ​ហោច​សូ​ម្បី​ម្ចាស់​ទាន​រូប​ណា​គេ​ចង់​ធ្វើ​ពិធី​កម្មផ្សេង​ៗ ការ​និមន្ត​តាម​រយៈ​ទូរស័ព្ទ​នេះ​គឺជា​រឿង​ប្រសើរ​ពេក ចំណេញ​ពេលវេលា មិន
ចំណាយ​ថវិកា​ធ្វើ​ដំណើរ និង​បានជា​ការ​ដូច​គ្នា ។ ការ​ប្រើប្រាស់​ធុន​នេះ មិន​ត្រឹមតែ​ឲ្យ​សង្ឃ​រួចផុត​ទោស ថែម​ទាំង​ជួយ​ទល់​ទ្រ​សាសនា​ឲ្យ​រុងរឿង​ទៀត​ផង ។ ប៉ុន្តែ​ប្រយ័ត្ន​ប្រើប្រាស់​ក្នុង​ផ្លូវ​ទុច្ចរិត​ដូច​យា​៉​ង​ទំនាក់ទំនង​ចែប៉ប្រែ​ក្នុង​ផ្លូវ​សម្ព័ន្ធមេត្រី ក្នុង​កិច្ចកល​បោកប្រាស់​អ្នក​ដទៃ​ដើម្បី​ជា​ប្រយោជន៍​ខ្លួន​ឲ្យ​គេ​ដល់​នូវ​ក្តី​វិបត្តិ ឲ្យ​គេ​សៅហ្មង​ចិត្ត​គិត​មិន​គួរ​ដល់​ម្ចាស់​ទូរស័ព្ទ ដូច​រុញ​សាសនា​ឲ្យ​អន់​ថយ​ទៅ​វិញ​ទេ ។

គេ​សង្កេត​ឃើញ​ថា បច្ចុប្បន្ន​មាន​លោកសង្ឃ​មួយ​ភាគ​ធំ​មិន​បាន​អប់រំ​ចិត្ត​ឲ្យ​ស្ងប់រម្ងាប់​ទៅ​តាម​នាម​ជា​ឧត្តមភេទ​ទេ កំពុង​ច្របូកច្របល់​នឹង​ប្រព័ន្ធ​បច្ចេកវិទ្យា ។ ខ្លះ​បញ្ចេញ​កាយវិការ​តាមបណ្តាញ​ទំនាក់ទំនង​សង្គម បញ្ចេញ​វោហារសាស្ត្រ​ច្រងេងច្រងាង សំដែង​ឫកពា​មិន​សមរម្យ លោត​កញ្ជ្រោល​ទៅ​តាម​សម័យកាល ខុស​ពី​សង្គម​សង្ឃ​ជំនាន់​ដើម​ស្ពាយ​តែ​បាត្រ ត្រាច់ចរ​ក្នុង​ព្រៃរក​កន្លែង​ស្ងប់​ចម្រើន​មេត្តាភាវនា ។ ប៉ុន្តែ​ក៏​មាន​ព្រះសង្ឃ​ច្រើន​ណាស់​ដែល​លោក​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ត្រឹមត្រូវ​ប្រព្រឹត្ត​ទៅ​តាម​ផ្លូវធម៌​វិន័យ ទាញ​យក​ផលប្រយោជន៍​ដល់​អង្គការ​សង្ឃ ក៏​ដូច​សាសនា និង​អប់រំ​កាយវាចា ចិត្តបាន​ល្អ​ប្រពៃ គួរជាទី​ជ្រះថ្លា​នៃ​ពុទ្ធបរិស័ទ​បាន​ហើយ ៕

សង្ឃ​ប្រើ​ទូរស័ព្ទ​ មានទោស​ទេ?

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត