រថយន្ត​ Land​ Cruiser​ ទំនើប​អត់​ពន្ធ​១​គ្រឿង​នេះ​ នាំ​ចូល​មក​យ៉ាង​រលូន​ធ្លាក់​ក្នុង​ដៃ​មេ​ប៉ូលិស​ប្រើប្រាស់​ ទើប​ចាប់​បាន​នៅ​កណ្តាល​ក្រុង​

​មន្ត្រី​គយ​ចល័ត​ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ចាប់​បាន​រថយន្ត​ទំនើប​ម៉ាក​ Land​ Cruiser​ 570​ ពណ៌​ខ្មៅ​ ស៊េរី​ឆ្នាំ​២០១៥​ អត់​បង់ពន្ធ​នាំ​ចូល​មួយ​គ្រឿង​ កាលពី​ថ្ងៃ​ទី​២២​ ខែតុលា​ ឆ្នាំ​២០១៥​ម្សិលមិញ​ នៅ​ត្រង់​ចំណុច​ផ្លូវ​លេខ​៩០​ សង្កាត់​បឹង​កេងកង​៣​ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​ បន្ទាប់​ពី​រថយន្ត​ស៊េរី​ទំនើប​អត់​បង់ពន្ធ​នេះ​ ត្រូវ​បាន​គេ​នាំ​ចូល​តាម​ច្រក​ទ្វារ​សម្បូរ​ដោយ​សមត្ថកិច្ច​ប្រចាំការ​យ៉ាង​រលូន​មក​ដល់​កណ្តាល​ក្រុង​ ។​

​សមត្ថកិច្ច​ចុះ​បង្ក្រាប​រថយន្ត​អត់​បង់ពន្ធ​ បាន​បង្ហើប​ប្រាប់​ឲ្យ​ដឹង​ថា​ រថយន្ត​ទំនើប​ម៉ាក​ Land​ Cruiser​ នេះ​ ចាប់​បាន​ពី​នាយ​នគរបាល​ជាតិ​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​ ឋានន្តរស័ក្តិ​នាយ​ឧត្តមសេនីយ៍​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ ។​ ការ​បង្ហើប​ប្រាប់​របស់​សមត្ថកិច្ច​បែប​នេះ​ គឺ​បាន​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ថា​ មិន​ខុស​ពី​ការ​អះអាង​របស់​មជ្ឈដ្ឋាន​ទូទៅ​នោះ​ទេ​ ដែល​ថា​ យានយន្ត​ល្មើស​គ្រប់​ប្រភេទ​តែង​ធ្លាក់​ទៅ​ក្នុង​ដៃ​ជន​អ្នកមាន​អំណាច​សព្វថ្ងៃ​ប្រើប្រាស់​ជា​ហូរហែ​ ខណៈ​អាជ្ញាធរគ្រប់ជាន់ថ្នាក់ ​រុំ​ព័ទ្ធ​ដោយ​អំពើ​ពុក​រលួយ​យ៉ាង​ក្រាស់ឃ្មឹក​ ។​

​មជ្ឈដ្ឋាន​អ្នក​ច្បាប់​ឯករាជ្យ​បាន​លើក​ឡើង​ថា​ ពាក់ព័ន្ធ​នឹង​ករណី​រថយន្ត​អត់​បង់ពន្ធ​នាំ​ចូល​ យក​មក​ប្រើប្រាស់​នៅ​កណ្តាល​រាជធានី​ភ្នំពេញ​ដូច្នេះ​ គប្បី​សមត្ថកិច្ច​បើក​ការ​ស៊ើបអង្កេត​ស្រាវជ្រាវ​អំពី​ប្រភព​ច្រក​ទ្វារ​ដែល​នាំ​ចូល​ ដើម្បី​ឈាន​ទៅ​បោសសម្អាត​អំពើ​ពុក​រលួយ​របស់​មន្ត្រី​ឈរជើង​ប្រចាំការ​តាម​ច្រក​ទ្វារ​នានា​ ឲ្យ​មាន​ប្រសិទ្ធភាព​ ពីព្រោះ​រថយន្ត​ល្មើស​ទាំងនោះ​មិនមែន​យក​ចេញពី​ហោប៉ៅ​ខោ​បាន​ ឬ​មិនមែន​ធ្លាក់​ពីលើ​មេឃ​មក​ទេ​ គឺ​សុទ្ធតែ​នាំ​ចូល​តាម​ច្រក​ទ្វារ​ដែល​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ប្រចាំការ​ទាំងអស់​ ៕​

រថយន្ត​ Land​ Cruiser​ ទំនើប​អត់​ពន្ធ​១​គ្រឿង​នេះ​ នាំ​ចូល​មក​យ៉ាង​រលូន​ធ្លាក់​ក្នុង​ដៃ​មេ​ប៉ូលិស​ប្រើប្រាស់​ ទើប​ចាប់​បាន​នៅ​កណ្តាល​ក្រុង​