គណ​:​សង្ឃ និង​ធម្មការ ក្រុង​ប៉ោយប៉ែត​៖ ជនខិលខូច ក្លែងខ្លួន​ជា​ព្រះសង្ឃ​ច្រើន តែ​ចាប់​ផ្សឹក​បាន​

បន្ទាយមានជ័យ: គណ​:​សង្ឃ និង​ធម្មការ ក្រុង​ប៉ោយប៉ែត ធុញទ្រាន់​នឹង​ជន​ខ្ជិលច្រអូស មិន​រកស៊ី បាន​ក្លែងខ្លួន​ជា​ព្រះសង្ឃ​ច្រើន​នាក់ ក្នុងនោះ មាន​ទៅ​ប្រព្រឹត្ត​នៅក្នុង​ទឹកដី​ថៃ​ទៀតផង តែ​បាន​ត្រូវ​ចាប់ខ្លួន​ផ្សឹក​បន្តបន្ទាប់​ដែរ​។​
 
​ជន​ក្លែងខ្លួន​ជា​ព្រះសង្ឃ បាន​លួច​ឆ្លងដែន ចូលទៅក្នុង​ទឹកដី​ថៃ ដើម្បី​ដើរ​បិណ្ឌបាត​រកលុយ​យកទៅ​ចែក​ជាមួយ​មេខ្យល់ ត្រូវ​កម្លាំង​សមត្ថកិច្ច​ថៃ​គណ​:​សង្ឃ​នៃ​អនុគណ និង​ធ្ម​ការ​ក្រុង​ចាប់​ផ្សឹក​នៅក្នុង​វត្ដ​ត្រាច​ក្រុង​ប៉ោយប៉ែត កាលពី​ថ្មី​នេះ បាន ៤​នាក់ ក្នុងចំណោម ៧​នាក់​។​
   
​ព្រះតេជព្រះគុណ​ព្រះនាម ប៊ុ​ក ចំរើន ព្រះ​អនុគណ​ក្រុង​ប៉ោយប៉ែត មាន​ថេរ​ដីកា​ឱ្យដឹង​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០១៥​ថា "​ជន​ខ្ជិល​ធ្វើការ​រកស៊ី និង​ខិលខូច​ជាច្រើន ចេះតែ​ក្លែងខ្លួន​ធ្វើ​ព្រះសង្ឃ​បន្តបន្ទាប់​។ មិនមែន​តែ​បុរស ៤​នាក់​ហ្នឹង​ទេ​។ គេ​ប្រព្រឹត្ត​ប្រាសចាក​វិន័យ​សង្ឃ​"​។

​ជា​បន្តបន្ទាប់​មកនេះ គណ​:​សង្ឃ និង​ធម្មការ បានទទួល និង​ចាប់​ផ្សឹក​ជន​ក្លែងខ្លួន​ជា​សង្ឃ​ក្លែងក្លាយ​នេះ គឺមាន​ចំនួន​៣​លើក មកហើយ​គឺ​:
១-​ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ​២០១៤ ចាប់​ផ្សឹក​បាន​ចំនួន​៩ នាក់​។​
២-​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០១៥ ចាប់​ផ្សឹក​បាន​ចំនួន​៥​នាក់​និង​
៣-​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៥ ចាប់​ផ្សឹក​បាន​៧​នាក់​។​ក្នុងនោះ​រត់​រួចខ្លួន​វិញ​៣​នាក់ ចាប់បាន​៤​នាក់ ។  
    
​ព្រះតេជព្រះគុណ ប៊ុ​ក ចំរើន មាន​សង្ឃដីកា​បន្ដទៀត​ថា សង្ឃ​ក្លែងក្លាយ​ខាងលើ​នោះ ភាគច្រើន គឺជា​អ្នកស្រុក​រស់នៅក្នុង​ខេត្ដ​កំពត ឯណោះ​ទេ​។ ពួកគេ​ខ្ជិល​ធ្វើការ​រកស៊ី តាម​កម្លាំង និង​សមត្ថភាព ហើយ​មក​បន្លំ និង​ធ្វើអោយ​ខូចខាត​ធ្ងន់ធ្ងរ​តម្លៃ​សាសនា ដោយ​យក​លេស​ថា បាន​ចាញ់បោក​មេខ្យល់​នាំទៅ​ធ្វើការ​ស៊ីឈ្នួល​នៅ​ប្រទេស​ថៃ​។ បន្ទាប់មក ក៏​ក្លែងបន្លំ​ខ្លួន ធ្វើជា​សង្ឃ​ដើរ​បិណ្ឌ​បាត្រ រកលុយ​កាក់ និង​អាហារ​នៅក្នុង​ទឹក​ប្រទេស​ថៃ ថែមទៀត​៕

គណ​:​សង្ឃ និង​ធម្មការ ក្រុង​ប៉ោយប៉ែត​៖ ជនខិលខូច ក្លែងខ្លួន​ជា​ព្រះសង្ឃ​ច្រើន តែ​ចាប់​ផ្សឹក​បាន​
  ក្លែងខ្លួន​ជាស​ង្ឃ​ខ្មែរ​៤​នាក់​ត្រូវ​គណ​:​សង្ឃ​និង​ធម្មការ​ចាប់​ផ្សឹក ឱ្យ​ត្រឡប់​ទៅ​ស្រុក​វិញ​