សមត្ថកិច្ច​ស្រុក​អង្គរបុរី​ត្រូវ​ប្រជាពលរដ្ឋ​ចោទប្រកាន់ថា​កាង​ពីក្រោយ​បទល្មើស​នេសាទ​

​ប្រជាពលរដ្ឋ​ស្រុក​អង្គរបុរី ខេត្តតាកែវ​បាន​បញ្ជាក់ថា​បទល្មើស​នេសាទ​នៅក្នុង​អតីត​ឡូត៍​នេសាទ​ជាច្រើន​នៅក្នុង​ស្រុក​អង្គរបុរី​កំពុងតែ​កើតឡើង​យ៉ាង​អនាធិបតេយ្យ​ក្នុងពេល​បច្ចុប្បន្ននេះ ហើយ​ជនល្មើស​ភាគច្រើន​ជា​ជនជាតិ​យួន​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា​សមត្ថកិច្ច​គឺជា​អ្នកកាង​ពីក្រោយ​បទ​ល្មើ​នេសាទ ព្រោះ​ជនជាតិ​យួន​ជា​អ្នកនេសាទ​បាន​បង្ហើប​ថា​ពួកគេ​បាន​បង់លុយ​ទៅ​ឲ្យ​សមត្ថកិច្ច​រួចហើយ​ទើប​ពួកគេ​ហ៊ាន​ឆ្លងដែន​មក​បោះទីតាំង​នេសាទ​ក្នុង​ទឹកដី​ប្រទេស​កម្ពុជា​បាន​យ៉ាង​រលូន​ដូច្នេះ​។​

​លោក​ឧត្ដមសេនីយ៍ទោ អ៊ុក សំណាង ស្នងការ​នគរបាល​ខេត្តតាកែវ បាន​ឲ្យ​ដឹងថា ចំពោះ​ជនជាតិ​យួន​ដែល​មក​ស្នាក់នៅ ប្រព្រឹត្ត​បទល្មើស​នេសាទ នៅ​ចំណុច​ខាងលើ គឺ​លោក​បាន​បញ្ជា​កម្លាំង​ឲ្យ​ចុះទៅ​ស្រង់​ស្ថិតិ ដើម្បី​រាយការណ៍​ជូន​ថ្នាក់លើ​ហើយ ។ តែ​កា​រលើ​ឡើង​របស់​មន្ត្រីនគរបាល​ខាងលើនេះ​ត្រូវបាន​ប្រជាពលរដ្ឋ​ស្រុក​អង្គរបុរី​រិះគន់ថា​ជា​ការមិន​ទទួលខុសត្រូវ​ក្នុងតួនាទី ព្រោះ​ជនជាតិ​យួន​ចួ​ល​មក​នេសាទ​ខុសច្បាប់​នៅ​លើដី​ខ្មែរ បែរជា​មន្ត្រី​ជំនាញ​ខ្មែរ​បាន​ត្រឹម​ចុះ​ធ្វើ​ស្ថិតិ​ដែល​បញ្ហា​នេះ​បង្ហាញ​ឲ្យ​ឃើញ​ពី​ភាពទន់ខ្សោយ​ក្នុងការ​អនុវត្ត​ច្បាប់​កម្ពុជា ហើយក៏​ជាការ​លើកទឹកចិត្ត​ឲ្យ​ជនជាតិ​យួន​បន្ត​ហូរ​ចូលមក​ប្រព្រឹត្ត​បទល្មើស​ផ្សេងៗ​លើ​ទឹកដី​កម្ពុជា​ផងដែរ​។​

មន្ត្រីជលផល​ខេត្តតាកែវ​មួយរូប​បាន​បង្ហើប​ឲ្យ​ដឹងថា​ការដែល​គ្មាន​ចំណាត់ការ​ចំពោះ​បទល្មើស​នេសាទ​នៅ​ស្រុក​អង្គរបុរី គឺ​ដោយសារតែ​សមត្ថកិច្ច​ជំនាញ​ខ្មែរ​បានទទួល​ផលប្រយោជន៍​ពី​ក្រុម​អ្នកនេសាទ​ជនជាតិ​យួន ដូច្នេះ​ទើប​សមត្ថកិច្ច​ខ្មែរ​មិន​ហ៊ាន​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ក្នុងពេលដែល​ពួកគេ​ទទួលបាន​ផលប្រយោជន៍​រួមគ្នា​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា បើ​ការអនុវត្ត​ច្បាប់​ខ្មែរ​នៅតែ​គ្មាន​ប្រសិទ្ធភាព និង​ប្រាក់ខែ​សមត្ថកិច្ច​ខ្មែរ​មាន​កម្រិត​ទាប​ដូច​សព្វថ្ងៃនេះ គឺ​ការអនុវត្ត​ច្បាប់​ប្រឆាំង​បទល្មើស​ផ្សេងៗ​នឹង​នៅតែមាន​ការលំបាក​ដដែល​។​

ជាក់ស្តែង​លោក ឡេះ សូ​នី ជា​ទាហាន​ការពារ​ព្រំដែន​ច្រក​ថ្ម​បី​ដុំ​ក្នុងភូមិ​សាស្ត្រ​ស្រុក​អង្គរបុរី ខេត្តតាកែវ​ព្រលយ​ពាក្យ​ថា នៅ​ចំណុច​ខាងលើ គឺ​ពិត​ជាមាន​បទល្មើស​នេសាទ​ច្រើន​មែន ពិសេស​ជនជាតិ​យួន ហើយ​មាន​មនុស្ស​មួយចំនួន​ជា​អ្នកគ្រប់គ្រង​។ ចំពោះ​ប្រាក់​ដែល​ទទួលបាន​ពី​អ្នកនេសាទ​ជនជាតិ​យួន​មិន​ត្រូវបាន​មន្ត្រី​យោធា​ខាងលើ​បញ្ជាក់ថា​យកទៅ​ណា​នោះទេ តែ​គេ​សង្ស័យថា​អាច​ចែក​ភាគរយ​ជាមួយ​មន្ត្រី​ពាក់ព័ន្ធ​ដែល​មិនបាន​អើពើ​ចំពោះ​បទល្មើស​ខាងលើ​៕

Pic11