​អាជ្ញា​ធរ​ត្រៀម​បណ្តេញ​ប្រជា​ពលរដ្ឋ​១.៥៧៧គ្រួសារ​ទៀតរស់នៅផ្ទះបណ្តែតទឹកឱ្យមកនៅ​លើ​គោក

ខេត្តកំពង់ឆ្នាំង ​៖ ក្រោយ​ការ​​​រៀបចំ​បណ្តេញ​​ផ្ទះ​បណ្តែត​ទឹក​មុខ​ផ្សារ​ក្រោម ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ឆ្នាំង​ ក្រុងកំពង់ឆ្នាំង ​របស់​អាជ្ញាធរ​ខេត្ត រហូត​មកទល់​​ពេល​នេះ ទទួល​បាន​ល​ទ្ធ​ផល​​ជោគជ័យ​​ស្ទើរ​មួយ​រយ​​ភាគ​រយ​​ហើយនោះ អាជ្ញាធរ​ខេត្ត​ដឹកនាំ​​លោក​លោក​ចេ​ង ញ៉ា​ន់ អភិបាល​រង​ខេត្ត បាន​​បើក​កិច្ចប្រជុំ​មួយកាលពី​រសៀល​ថ្ងៃ​ទី​២១ ​តុលា ​២០១៥ នៅ​សាលាឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរ​ណ៏ ដើម្បី​ផ្សព្វ​ផ្សាយ​​​ផែនការ​របស់​គណៈ​អភិបាលខេត្ត​កំពង់​ឆ្នាំង ស្តី​ពី​ការ​ផ្លាស់​ប្ដូ​ទីតាំង​ផ្ទះ​​បណ្តែត​លើ​​ទឹក​របស់​ប្រជាពលរដ្ឋចំនួន​១.៥​៧៧​គ្រួសារ នៅ​ក្នុង​ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរណ៍​ ឱ្យ​មក​រស់នៅ​លើគោក​វិញ​ដែរ​។

​កិច្ចប្រជុំ​នេះ មានការ​ចូលរួម​ពី​មន្ទីរ​ដែនដី​នគ​រូប​​នី​យ​កម្ម​ខេត្ត​ មន្ទី​រសា​ធារ​ណៈ​ការ​ខេត្ត  លោក​អភិបាលស្រុក​បរិបូណ៌ សមត្ថកិច្ច ស្រុក លោក​មេឃុំ និង​ក្រុមប្រឹក្សា​ឃុំ​ឆ្នុកទ្រូផង​ដែរ ​។

លោក​ចេ​ង ញ៉ា​ន់  អភិបាលរង​ខេត្តបាន​បញ្ជាក់​ឱ្យ​​ដឹងថា អាជ្ញាធរ​ខេត្ត​បាន​​ធ្វើការ​សិក្សា​ជា​មួយ​អង្គភាព​​ពាក់ព័​ន្ធ​ក្នុង​ខេត្ត ដោយ​ឃ្វាល​​យក​​ដី​នៅ​ក្នុង​តំបន់​៣ នៅ​ចំណុច​ផ្លូវ​ចូល​វត្ត​កំពង់ព្រះ ស្ថិតនៅ​ក្នុង​ឃុំ​ឆ្នុកទ្រូ ដែល​មាន​ទំហំ​ទទឹង​​៦០០​ម៉ែ​ត្រ ​គុណ​នឹង​១០០០​ម៉ែត្រ សម្រាប់​រៀប​ចំ​ឱ្យ​​ប្រជា​ពលរដ្ឋ​ឡើង​ពី​ទឹក​មក​រស់នៅ​​ទី​នោះ ដោយ​ឱ្យ​​មន្ទីរ​សា​ធារណការ​​ខេត្ត ធ្វើការ​បូម​ប្រឡាយ​​ចាស់ ជាប់ ផ្លូវ​ជាតិ​៥២ ក្នុងភូមិ​ឆ្នុកទ្រូ មាន​​ទទឹង​​៦០​​ម៉ែត្រ បណ្ដោយ​​ជិត​​២០០០​ម៉ែ​ត្រ និង​ជម្រៅឱ្យ​​ស្មើនឹង​បាត​ទន្លេ  ហើយ​​យក​ដី​​ចាក់​​នៅ​ចំណុច​​ខាងលើ​ ​ឱ្យ​​មានកំ​ពស់​ពី​៤​ម៉ែ​ត្រឡើង​ទៅ សំរាប់​ធ្វើ​ផ្សារ​​១​កន្លែង និង​ពុះ​ធ្វើ​ជា​ដី​ឡូត៍​ក្នុង​១​ឡូត៍​ៗ មាន​ទំហំ​៨​ម៉ែត្រ ​គុណ​២០​ម៉ែត្រ សំរាប់​ចែក​ឱ្យ​​ប្រជាពលរដ្ឋ​រស់នៅ​ ។

លោក​អភិបាលរង​ខេត្ត​បាន​បន្តថា ប្រជាពលរដ្ឋ​ដែល​រស់នៅ​លើ​ទឹកទន្លេ​ក្នុង​ឃុំ​ឆ្នុកទ្រូ​មាន​ចំនួន​សរុប​១.៥៧៧​គ្រួសារ  ក្នុង​នោះ​មាន​ប្រជាពលរដ្ឋ​ខ្មែរ​៩០២​គ្រួសារ អ៊ិ​ស្លា​ម​៧២​គ្រួសារ  និង​វៀត​ណា​ម​៥៩៧​គ្រួសារ ​។

យោង​តាម​ផែនការ​ឆ្នាំ​២០១៥-២០១៩ គឺ​តម្រូវ​​ឱ្យ​​ប្រពល​រដ្ឋ​ដែល​មាន​ផ្ទះ​បណ្តែត​លើ​ទឹក​ទាំងអស់ ផ្លាស់​ប្តូរ​ទីតាំង​មក​នៅ​លើគោក ដែក​អាជ្ញាធរ​ខេត្ត​បាន​រៀបចំ​​ឱ្យ​ ដោយ​ម្ចាស់​ការ​ខ្លួនឯង និង​ឱ្យ​​អស់​ត្រឹម​ឆ្នាំ​២០១៩ ​។ 

លោកអភិបាលរង​ខេត្តកំពង់ឆ្នាំងបាន​សំណូមព​រ​ដល់​មន្ត្រី​រាជ​ស្រុក និង​ឃុំ ត្រូវ​ធ្វើការ​ផ្សព្វផ្សាយ​ផែនការ​នេះ​ដល់​បងប្អូន​ប្រជា​ពល​រដ្ឋ​ទាំងអស់​​ឱ្យ​បាន​យល់​ដឹង​គ្រប់​ៗ​គ្នា និង​ត្រូវ​ចូលរួម​​អនុវត្ត​ផែនការ​នេះឱ្យ​​បាន​​ជោគជ័យ​ ​ព្រោះ​ការ​រស់នៅ​លើ​ទឹក​កន្លង​មក ​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​​សុខភាព បរិស្ថាន​ទឹក​យ៉ាង​ធ្ងន់ធ្ងរ ដូច​ជា​ការ​លក់ដូរ​ប្រេង​ឥន្ទ​នៈបញ្ចូល​អា​គុយ ជួសជុល​ម៉ាស៊ីន សិប្បកម្ម​ទឹកកក  និង​ការ​​បន្ទោរ​បង់​ដាក់​ទន្លេ​ក្នុង​១​ថ្ងៃ​ៗរាប់​​សិប​​​តោន​ ៕