កិច្ចព្រមព្រៀង សន្តិភាព ២៣ តុលា ១៩៩១៖ CNRP នៅតែឲ្យតម្លៃ បរទេស ជាងខ្មែរគ្នាឯង

ភ្នំពេញ៖ បើទោះបីជាគណបក្សសង្រ្គោះជាតិ (CNRP) ដែលជាគណបក្សប្រឆាំងលេចធ្លោរមួយនៅកម្ពុជា បាន មើលឃើញពីគុណតម្លៃ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នាំឲ្យខ្មែរបញ្ចប់សង្រ្គាម មានសន្តិភាព និង មាន ការបង្រួបបង្រួមជាតិក្តី តែគណបក្សប្រឆាំងមួយនេះ នៅតែឲ្យគុណតម្លៃ នៃសមិទ្ធផលនេះទៅបរទេស ហើយ មើលមិនឃើញពីគុណតម្លៃរបស់ឥស្សរជនខ្មែរ ដែលខំប្រឹងប្រែងបើកផ្លូវចរចាជាច្រើនដំណាក់កាលមុនពេល ឈានដល់តុចរចានាទីក្រុងប៉ារីសនោះឡើយ។

កិច្ចព្រមព្រៀង សន្តិភាព ២៣ តុលា ១៩៩១៖ CNRP នៅតែឲ្យតម្លៃ បរទេស ជាងខ្មែរគ្នាឯង

វាច្បាស់ណាស់ថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ១៩៩១ ពិតជាមានការចូលរួមចំណែក និង ជ្រោមជ្រែងពីអង្គការសហប្រជាជាតិ ប្រទេសមហាអំណាច បូករួមបណ្តាប្រទេសសមាជិកអាស៊ានផងដែរ។ តែកិច្ច ព្រមព្រៀងនេះ ក៏ប្រហែលជានឹងគ្មានវត្តមាននោះឡើយ បើគ្មានការផ្តើមជំហានចេញពីប្រមុខដឹកនាំខ្មែរទាំង៤ភាគី រួមមាន ភាគីសីហនុនិយម មានសម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ជាប្រមុខ, អ្នកជាតិនិយម មាន សម្តេច បវរ សឺន សាន ជាប្រមុខ និងខ្មែរក្រហម ដែលជាចលនាត្រីភាគី ព្រមទាំងភាគីរដ្ឋាភិបាលខ្មែរ សម័យរដ្ឋកម្ពុជា របស់សម្តេចតេជោ ហ៊ុន សែន ទេនោះ ក៏ប្រហែលជាវត្តមាន នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសមួយនេះ ប្រហែលជាមិនអាចលេចចេញជារូបរៀងបាននោះឡើយ។

សំណេរកម្រាស់ចំនួន ៧ទំព័រ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ស្តីពីដំណើរការចរចាមុន ឈានដល់កិច្ចព្រមព្រៀងទីក្រុងប៉ារីសនេះ បានបញ្ជាក់យ៉ាងច្បាស់ណាស់ថា សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន បានបើកជំនួបចរចាគ្នាជាច្រើនដំណាក់កាលទាំងនៅប្រទេសឥណ្ឌូននេស៊ី និងប្រទេសថៃ ឈានដល់ការចេញសេចក្តីថ្លែងការណ៍រួមផ្សេងៗថែមទៀត មុននឹងដឹកដៃគ្នាទៅតុចរចានាទីក្រុង ប៉ារីស។ តឹកតាំងនេះ បានសរបង្ហាញឲ្យឃើញយ៉ាងប្រត្យក្សមិនអាចប្រកែកបានថា កិច្ចព្រមព្រៀងកើតចេញពីស្មា រតីរបស់ឥស្សរជនខ្មែរតម្កល់ផលប្រយោជន៍ជាតិខ្ពស់ ដើម្បីបញ្ចប់វិបត្តិ និងភ្លើងសង្រ្គាមនៅក្នុងប្រទេស ដែលបាន កើតមានយ៉ាងរ៉ាំរ៉ៃ និងអូសបន្លាយអស់ជាច្រើនទសវត្សរ៍នោះ។

តែផ្ទុយទៅវិញតម្លៃ នៃកិច្ចខិតខំប្រឹងប្រែងរបស់ឥស្សរជនខ្មែរ ត្រូវបានគណបក្សប្រឆាំង មើលរំលង ហើយមើល ឃើញពីគុណតម្លៃ ដ៏មហាសាលរបស់បរទេសទៅវិញ។ នៅក្នុងសេចក្តីថ្លែងការណ៍ពាក់ព័ន្ធទៅនឹងកិច្ចព្រមព្រៀង សន្តិភាពទីក្រុងប៉ារីសខួប ២៤ឆ្នាំ (២៣ តុលា ១៩៩១-២៣ តុលា ២០១៥) ដែលចេញផ្សាយនៅថ្ងៃទី២៣ ខែ តុលា ឆ្នាំ២០១៥នេះ គណបក្សសង្រ្គោះជាតិ បានមើលឃើញថា កិច្ចព្រមសន្តិភាព គឺជាបន្ទាត់ក្រិត្យមួយ ដែលនាំ មកនូវសន្តិភាព ការគោរពសិទ្ធិ លទ្ធិប្រជាធិបតេយ្យ ការបោះឆ្នោត ក៏ដូចជាការការពារបូរណភាពដែនដី និងអធិប តេយ្យជាតិ។

ជាការរំឭកដល់ខួប នៃកិច្ចព្រមព្រៀងនេះ គណបក្សសង្រ្គោះជាតិ បានសម្តែងការអរគុណ ដល់គុណូបការៈ របស់ អង្គការសហប្រជាជាតិ បណ្តាប្រទេសនានា បូករួមទាំងអ៊ុនតាក់ និងអង្គការអន្តរជាតិជាច្រើនផ្សេងទៀត។ គណ បក្សសង្រ្គោះជាតិ បានអះអាងវត្តមានបណ្តាប្រទេសទាំងអស់នេះហើយ ទើបជួយឲ្យកម្ពុជា បានបញ្ចប់សង្រ្គាម។

ក្រៅតែពីការំឭកនឹកគុណរបស់បរទេស និងទទូចឲ្យរាជរដ្ឋាភិបាល គោរពស្មារតី នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុង ប៉ារីសទៅ នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន គណបក្សសង្រ្គោះជាតិ មិនបានរំលឹកដល់កិច្ចខិតខំប្រឹងប្រែងរបស់ ឥស្សរជនខ្មែរណាមួយឡើយ។

សំណួរសួរថា តើបរទេសណា ឈឺឆ្អាលចំពោះជាតិសាសន៍ដទៃ ជាងជាតិសាសន៍របស់ពួកគេនោះ តើពួកគេនឹង រួមគ្នាយកភ្នែកសំឡឹងមើលភាពវេទនារបស់ខ្មែរទេ បើខ្មែរខ្លួនឯងក្នុងដំណាក់កាលនោះ មិនប្រឹងប្រែងទេនោះ?

ជាក់ស្តែងវត្តមានជនភៀសខ្លួនក្នុងបណ្តាប្រទេសមជ្ឈិមបូព៌ា ទៅកាន់តំបន់សហគមន៍អឺរ៉ុប គ្រាប្រទេសរបស់ពួកគេ មានសង្រ្គាម តែបែរជាសហគមន៍អឺរ៉ុបជាច្រើនបានរុញច្រាន ដាក់របងបន្លាលួសរារាំងពួកគេមិនឲ្យឆ្លងដែន និង មានការវាយដំយ៉ាងវេទនាជាទីបំផុត។ នេះសរឲ្យឃើញថា គ្មានបរទេសណា គិតពីប្រយោជន៍ជាតិសាសន៍ដទៃ ជាងប្រយោជន៍ជាតិសាសន៍របស់គេនោះឡើយ។

ក្រឡេកមកសង្រ្គាមស៊ីវិលរបស់កម្ពុជា ក្នុងទសវត្សរ៍ឆ្នាំ៨០ ក៏វាមានស្ថានភាពដូចគ្នានេះដែរ ការលូកចូលជ្រោម ជ្រែងពីបរទេស មិនអាចកើតមានឡើយ បើគ្រប់ភាគីជម្លោះរបស់មិនព្រមឲ្យពួកគេជួយទេនោះ។ ដូចនាយករដ្ឋ មន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានបញ្ជាក់ថា ប្រសិនបើសម្តេចមិនព្រមចូលរួមចរចាទេនោះ ក៏គ្មាននរ ណាអាចបង្ខំសម្តេចបាន ហើយកិច្ចព្រមព្រៀង ក៏មិនកើតមានដែរ។

តើហេតុអ្វីសេចក្តីថ្លែងការណ៍ របស់គណបក្សសង្រ្គោះជាតិ មិនរំលេចនូវគុណូបការៈរបស់ឥស្សរជនខ្មែរ? វាគ្មានអ្វីពិបាកឆ្លើយនោះទេ ការមិនរំលេចឡើងនូវគុណូបការៈរបស់ឥស្សរជនខ្មែរនាដំណាក់កាលនោះ ក៏ដោយ សារ ក្នុងដំណាក់កាលចរចានេះ មិនមានវត្តមានថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិណាមួយនោះឡើយ ដូច្នេះវា គ្មានទាញបានប្រយោជន៍ ឬ ប្រជាប្រិយភាពណាមួយពីការរំលឹកគុណូបការៈនេះឡើយ។

វាក៏មិនមែនជារឿងលំបាកយល់នោះដែរ ការពិតទៅសារធាតុរបស់ប្រជាជាតិខ្មែរ គឺមិនទម្លាប់ផ្តល់តម្លៃទៅលើ សមិទ្ធផលរបស់បុគ្គល ឬ អ្នកដែលសាងសមិទ្ធផលអ្វីនោះឡើយ ដែលខ្មែរតែហៅថា «ជាន់ពន្លិច ក្តិចត្រួយ»។ តែ បើជារឿងខុសឆ្គងវិញ គេនឹងស្តីបន្ទោសជេរតិះដៀលយ៉ាងជ្រះឆ្អេះ។

ដូច្នេះគណបក្សសង្រ្គោះជាតិ ក្នុងនាមជាបក្សប្រឆាំងនៅកម្ពុជា ក៏ដូចគ្នា គណបក្សនេះ មិនដែលទទួលស្គាល់ សមិទ្ធផលរបស់រាជរដ្ឋាភិបាលម្តងណានោះឡើយ ដូច្នេះការមិនទទួលស្គាល់នូវគុណូបការៈរបស់ឥស្សរជនក្នុង ដំណើរស្វែងរកសន្តិភាព វាមិនជារឿងថ្មីឡើយ សម្រាប់បក្សប្រឆាំងមួយនេះ។

ការហ៊ានទទួលនូវចំណុចទន់ខ្សោយ និង អាក្រក់របស់បក្សខ្លួន និង ការទទួលស្គាល់ចំណុចខ្លាំង ឬ ល្អរបស់បក្ស ដទៃ គឺជារឿងមួយ ដែលគណបក្សនយោបាយនៅកម្ពុជា មិនអាចធ្វើបានដូចបក្សនយោបាយនៅបណ្តាប្រទេស ដែលកំពុងដើរលើវិថី នៃលទ្ធិប្រជាធិបតេយ្យរឹងមាំ៕

កិច្ចព្រមព្រៀង សន្តិភាព ២៣ តុលា ១៩៩១៖ CNRP នៅតែឲ្យតម្លៃ បរទេស ជាងខ្មែរគ្នាឯង