បុរស​ម្នាក់​ល្បី​ថា​ជំនិត​របស់​ក្រុម​ស្តាំ​និយម​ជ្រុល​ស៊ុ​យ​អែ​ត​ចាក់​សម្លាប់​មនុស្ស​2​នាក់

បុរស​បិទមុខ​ម្នាក់ និង​កាន់​ដាវ​មួយ​ដែល​សារព័ត៌មាន​ចាត់​ទុក​ថា ជា​មនុស្ស​ជំនិត​នៃ​ក្រុម​ស្តាំ​និយម​ជ្រុល​ស៊ុ​យ​អែ​ត​បាន​ចាក់​សម្លាប់​មនុស្ស​២​នាក់ និង​ធ្វើ​ឱ្យ​របួសធ្ងន់​មនុស្ស​២​នាក់​ទៀត កាលពី​ថ្ងៃ​ទី​២២ តុលា ក្នុង​សាលារៀន​ស៊ុ​យ​អែ​ត​មួយ​ដែល​សិស្សសាលា​នេះ​ជា​យុវជន​មក​ពី​ពួក​អន្តោប្រវេសន៍ មុន​ពេល​ត្រូវ​ប៉ូលិស​បាញ់​ស្លាប់ ។

ដោយ​ពាក់​ម៉ាស់​បិទមុខ​ដូច​តួអង្គ DARK VADOR ក្នុង​ខ្សែភាពយន្ត «​សង្គ្រាម​ផ្កាយ​» បុរស​នេះ​បាន​លុក​ចូល​ក្នុង​សាលារៀន ហើយ​វាយប្រហារ​លើ​មនុស្ស​ជា​ច្រើន​ទាំង​ក្មេង ទាំង​ចាស់​មិន​រើសមុខ ។

សោកនាដកម្ម​ដ៏​កម្រ​នេះ​នៅ​ស៊ុ​យ​អែ​ត​កើត​មាន​កាលពី​ព្រឹក​ថ្ងៃ​ទី​២២ តុលា នៅ TROLLHATTAN ជាទី​ក្រុង​ឧស្សាហកម្ម​មួយ និង​ក្នុង​សាលារៀន​មួយ​ដែល​មាន​សិស្ស​៤០០​នាក់ ភាគច្រើន​ជា​យុវជន​អន្តោប្រវេសន៍​ដែល​ទើប​ចូល​មក​ដល់​ប្រទេស​នេះ​។

ឃាតករ​ជា​យុវជន​អាយុ​២១​ឆ្នាំ​ម្នាក់​រស់នៅ​ក្រុង TROLLHATTAN តែ​ប៉ូលិស​ពុំ​លាតត្រដាង​ក្នុង​ពេល​ភ្លាម​ៗ​នូវ​អត្តសញ្ញាណ​របស់​គេ​ទេ ។

មូលហេតុ​នៃ​ការ​វាយប្រហារ​នេះ​ក៏​ពុំ​ទាន់​ដឹង​រហូត​ដល់​យប់​ថ្ងៃ​ទី​២២ តុលា ។ ទោះបី​យ៉ាងណា សារព័ត៌មាន​មួយ​ចំនួន​បាន​ផ្សាយ​រូបថត​យុវជន​ម្នាក់ ដែល​មានចិត្ត​ប្រទូស្ត​រ៉ា​យ​យ៉ាង​ខ្លាំង​ចំពោះ​អ៊ិ​ស្លា​ម និង​ពួក​អន្តោប្រវេសន៍ ។ នៅ​មុខ​សាលា បណ្តា​សិស្ស​នៃ​សាលា KROMAN នេះ​អាច​ប្រើ​ទូរស័ព្ទ​ថតរូប​ឃាតករ​​ដែល​ឈរ​មុខ​ពួក​គេ​មួយ​រយៈ​មុន​ពេល​ធ្វើ​សកម្មភាព ៕