វាយប្រហារ​អត្តឃាត​នៅ​ភាគ​និរតី​ប៉ា​គី​ស្ថាន​ស្លាប់​11​នាក់

បណ្តា​មន្ត្រី​ប៉ា​គី​ស្ថាន​គូសបញ្ជាក់​ថា មនុស្ស​យ៉ាងតិច​១១​នាក់​ស្លាប់ និង​២០​នាក់​ទៀត​រង​របួស កាលពី​យប់​ថ្ងៃ​ទី​២២ តុលា ក្នុង​ការ​វាយប្រហារ​អត្តឃាត​មួយ​ប្រឆាំង​នឹង​ព្រះ​វិហារ​អិុ​ស្លា​ម​មួយ​នៅ​ខេត្ត​បា​លូ​ជី​ស្ថាន​ភាគ​និរតី​ប៉ា​គី​ស្ថាន ។

លោក SAFRAZ BUGTI អ្នក​ទទួល ខុស​ត្រូវ​ខាង​មហាផ្ទៃ ខេត្ត​បា​លូ​ជី​ស្ថាន បញ្ជាក់​ថា ជន​អត្តឃាត​បាន​ធ្វើ​ឱ្យ​គ្រឿងផ្ទុះ​ដាក់​ជាប់​ខ្លួន​គេ​ផ្ទុះ​ត្រង់​ច្រកចូល​ព្រះ​វិហារ ខណៈ​មាន​ពិធី​សូត្រធម៌​បែប​សាសនា​នៅ​ខាងក្នុង​ព្រះ​វិហារ ស្ថិត​នៅ​តំបន់ BAAG ជាទី​ក្រុង​មួយ​មាន​ប្រជាជន​ច្រើន​ស្ថិត​នៅ​ចម្ងាយ​៣០០​គីឡូម៉ែត្រ ពី​ទីក្រុង​កេ​តា ទីប្រជុំជន​ខេត្ត ។ លោក​អះអាង​ថា មាន​មនុស្ស​២០០​នាក់​នៅ​ក្នុង​បន្ទប់​ពេល​ជន​អត្តឃាត​ចង់​លុក​ចូល​ក្នុង​ព្រះ​វិហារ ហើយ​ក៏​ចុច​គ្រាប់បែក​ឱ្យ​ផ្ទុះ​ត្រង់​ច្រកចូល​មក​ពី​វិធានការ​សន្តិសុខ​តឹង​រ៉ឹ​ង ។

លោក​បន្ត​ថា កង​យោធា និង​កងកម្លាំង​ប៉ូលិស​បាន​លើក​ទៅ​កាន់​កន្លែង​ផ្ទុះ ។

ពុំ​ទាន់​មាន​ក្រុម​ណាមួយ​ប្រកាស​ទទួលខុសត្រូវ​ចំពោះ​ការ​វាយប្រហារ​នេះ​នៅឡើយ ក៏​ប៉ុន្តែ​ប៉ូលិស​យល់​ថា វា​អាច​ជា​ការ​វាយប្រហារ​មួយ​សំដៅលើ​ពួក​ស៊ី​អីុត ៕