​គន្លឹះ​សុខភាព សម្រាប់​ម្តាយ និង​ទារក អំឡុង​ពេល​មាន​ផ្ទៃពោះ​

​គន្លឹះ​សុខភាព សម្រាប់​ម្តាយ និង​ទារក អំឡុង​ពេល​មាន​ផ្ទៃពោះ​

​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ ឲ្យបាន​ទៀងទាត់ យ៉ាងហោចណាស់ ឲ្យបាន ១០ ដង

​វា​គឺជា​រឿង​សំខាន់​បំផុត សម្រាប់​ម្តាយ​គ្រប់រូប ក្នុង​ការ​ទៅ​ពិនិត្យ​ផ្ទៃពោះ ជាមួយ​គ្រូពេទ្យ​ជំនាញ​។ ការ​ឧស្សាហ៍​ទៅ​ជួប​គ្រូពេទ្យ អាច​ធ្វើ​ឲ្យ​ប្រាកដថា អ្នក និង​ទារក​ក្នុង​ផ្ទៃពោះ ពិតជា​មាន​សុវត្ថិភាព ហើយ​ទារក​ក៏​លូតលាស់ តាម​ធម្មតា​ដែរ​។

​ប្រសិនបើ​សុខភាព​អ្នក​ធម្មតា ចូរ​ធ្វើការ​ណាត់ជួប​គ្រូពេទ្យ តាម​កាលវិភាគ ដូចខាងក្រោម ៖
-​    ​ជួប​គ្រូពេទ្យ​រៀងរាល់ខែ រហូត​ដល់​សប្តាហ៍​ទី ២៨ នៃ​ការ​មាន​ផ្ទៃពោះ​
-​    ​ជួប​គ្រូពេទ្យ​រៀង​រាល់​ពីរ​សប្តាហ៍ រហូត​ដល់​សប្តាហ៍​ទី ៣៦ នៃ​ការ​មាន​ផ្ទៃពោះ​
-​    ​ជួប​គ្រូពេទ្យ​រៀងរាល់សប្តាហ៍ (​ឬ​ញឹក​ជាង​នេះ បើ​គ្រូពេទ្យ​ណាត់​) រហូតដល់​អ្នក​សម្រាល​កូន​រួច​។​

​ធ្វើខ្លួន​ឲ្យ​សកម្ម​
​លំ​ហាត់ប្រាណ ពិត​ជា​សំខាន់​ណាស់ សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ ដើម្បី​ជួយ​កាត់បន្ថយ​ខ្លាញ់​ក្បាលពោះ ការ​ឈឺ​ចុកចាប់​សាច់ដុំ ការ​រមួល​ក្រ​ពើ និង​ការ​ចាញ់​កូន​។ ទោះបីជា​យ៉ាងណា អ្នក​ត្រូវ​ប្រាកដថា លំ​ហាត់ប្រាណ​របស់​អ្នក មិន​បាន​ប៉ះពាល់​ដល់​ទារក នៅក្នុង​ផ្ទៃ​ឡើយ ហើយ​ចូរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ថា​តើ លំ​ហាត់ប្រាណ​បែបណា ដែល​ល្អ​ចំពោះ​អ្នក​នោះ​។ គ្រូពេទ្យ​អាច​នឹង​ណែនាំ នូវ​ចលនា​ហាត់ប្រាណ​កម្រិត​ទាប ដូចជា ការ​ហែល​ទឹក ការ​ជិះ​កង់ ការហាត់​យូហ្កា​ជាដើម​។​

​គេង​ឲ្យបាន​គ្រប់គ្រាន់​
​អ្នក​មិន​ត្រឹមតែ​ញ៉ាំ ដើម្បី​មនុស្ស​ពីរ​នាក់​ទេ តែ​ត្រូវ​គេង​សម្រាប់​ពីរ​នាក់​ផង​ដែរ​។ ការ​គេ​ង​បាន​គ្រប់គ្រាន់ អាច​ជួយ​ឲ្យ​ទា​រកលូតលាស់​បានល្អ និង​ធ្វើឲ្យ​ស្រស់ស្រាយ​ក្នុង​អារម្មណ៍​។ ចូរ​សម្រាក​ឲ្យបាន ៨ ម៉ោង​ក្នុង​មួយ​យប់ និង​ឆ្លៀត​សម្រាក​ថែមទៀត នៅ​ពេល​ថ្ងៃ​។ ម្យ៉ាងទៀត អ្នក​គួរតែ​កំណត់​ម៉ោង​គេង ឲ្យបាន​ទៀងទាត់​។​ ​ការ​គេង​ផ្អៀង​ទៅ​ខាងឆ្វេង មាន​ផល​ល្អ ចំពោះ​អ្នក និង​កូន ពីព្រោះ​វា​អាច​កាត់បន្ថយ សម្ពាធ​ពី​ខ្នង​របស់​អ្នក និង​ការពារ​ជំងឺ​ប៉ោងសរសៃឈាម​នៅ​ជើង​។​ ​ការ​ងើប​ដើរ​បន្តិច (៥ ទៅ ១០ នាទី​) នៅពេល​យប់ អាច​ជួយ​កាត់បន្ថយ​ការ​ចាញ់កូន​បាន​។​

​ចំណាំ ៖ កុំ​ប្រើ​ថ្នាំ​ងងុយគេង អំឡុង​ពេល​មាន​ផ្ទៃពោះ​។​

​ទទួលទាន​វីតាមីន និង​អាហារ​បំប៉ន​បន្ថែម​
​ទោះបីជា​ពេល​ខ្លះ ថ្នាំ​ទាំង​នេះ ធ្វើឲ្យ​អ្នក​ពិបាក​ក្នុង​ខ្លួន ឬ​បាត់បង់​សម្រស់​បន្តិ​ចក្តី ប៉ុន្តែ វា​ពិត​ជា​សំខាន់​ណាស់ សម្រាប់​ទារក​ក្នុង​ផ្ទៃពោះ ដើម្បី​កាត់បន្ថយ​បញ្ហា​កំណើត​នានា​។ ចូរ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ ថា​តើ​ថ្នាំ​ប្រភេទ​ណាខ្លះ ដែល​អ្នក​គួរ​ទទួល​ទាន ប៉ុន្តែ អ្នក​គួរ​ចង​ចាំ​ថា អ្នក​ត្រូវ​ទទួល​ទាន​បន្ថែម​នូវ ៖
•​    ​អាស៊ីតហ្វូលិ​ក ចន្លោះ​ពី ៤០០ ទៅ ៦០០ មីក្រូ​ក្រាម​
•​    ​ជាតិ​ដែក ៣០ មី​លី​ក្រាម​
•​    ​កាល់ស្យូម ១២០០ មី​លី​ក្រាម​
•​    ​DHA (​ប្រភេទ​នៃ​ខ្លាញ់​អូ​មេហ្កា​បី​) ២០០ មី​លី​ក្រាម​។​

​តាមដាន​ទម្ងន់​ខ្លួនឯង​
​វា​ពិតជា​ត្រឹមត្រូវ​ណាស់ ដែល​អ្នក​គួរតែ​ឡើង​ទម្ងន់ អំឡុង​ពេល​មាន​ផ្ទៃពោះ ប៉ុន្តែ ការឡើង​ទម្ងន់​ខ្លាំងពេក អាច​ជះឥទ្ធិពល​អាក្រក់ទៅលើ​អ្នក និង​កូន​បាន​។ ដើម្បី​កំណត់​ថា អ្នក​គួរ​ឡើង​ទម្ងន់​ប៉ុណ្ណា​នោះ អ្នក​គួរតែ​វាស់ BMI ខ្លួនឯង​។​
•​    ​ស្ត្រី​ស្ទើរ​គី​ឡូ (BMI តិចជាង ១៨.៥) គួរតែ​ឡើង ១២ ទៅ ១៤ គី​ឡូ​
•​    ​ស្ត្រី​មាន​ទម្ងន់​ល្អ (BMI ពី ១៨,៥ ទៅ ២៤,៩) គួរតែ​ឡើង ១២ ទៅ ១៦​គី​ឡូ​
•​    ​ស្ត្រី​ធាត់ (BMI ពី ២៥ ទៅ ២៩,៩) គួរតែ​ឡើង ៧ ទៅ ១២ គី​ឡូ​
•​    ​ស្ត្រី​ធាត់​លើស​ទម្ងន់ (BMI ខ្ពស់ជាង ៣០) គួរតែ​ឡើង ៥ ទៅ ៩ គី​ឡូ​៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី23  តុលា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។