ឃាត់ខ្លួន​ជនបរទេស ២​នាក់ ពីបទ​រំលោភ និង​ចោរកម្ម​

សៀមរាប:  យោងតាម​តាម​ពាក្យបណ្ដឹង​របស់​ជនរ​ង​គ្រោះ​ឈ្មោះ ដេវីដ ស្កុ​ត​ឆ័​រ (David Scotcher)ភេទ​ប្រុស អាយុ ៦៦​ឆ្នាំ ជា​ជនជាតិ​អង់គ្លេស សញ្ជាតិ អង់គ្លេស មានមុខរបរជា​គ្រូបង្រៀន​ភាសា​អង់គ្លេស ស្នាក់នៅ​ភូមិ​ស្ទឹង​ថ្មី សង្កាត់​ស្វាយដង្គុំ ក្រុង​-ខេត្តសៀមរាប បាន​ឲ្យ​សម្ថ​កិច្ច​យើង​ដឹងថា មាន​ជនបរទេស ២​នាក់ បាន​ចូលមកបន្ទប់​ស្នាក់នៅ​របស់គេ ហើយ​បាន​ប្រើ​អំពើ​ហឹ​ង្សា និង​ដកហូតយកលិខិតឆ្លងដែន​មួយ និង​ម៉ាស៊ីនថតរូប​មួយ កាលពី​ថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០១៥​។​

​ក្រោយពី​បានទទួល​ពាក្យបណ្ដឹង​របស់​ជនរ​ង​គ្រោះ​រួចមក​កម្លាំង​ការិយាល័យ​នគរបាលអន្តោប្រវេសន៍ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ដឹកនាំ​លោកវរសេនីយ៍ឯក ចៅ ម៉ៅ​វីរៈ ស្នងការរង​នគរបាល​ខេត្ត​ក៏ដូចជា​លោក​វរសេនីយ៍ទោជា គឹម​សាន នា​ការិយាល័យ​នគរបាល​អន្តោប្រវេសន៍​ដោយ​បាការឯកភាព​​ពី​លោក កើត សុ​វណ្ណា​រ៉េត ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តសៀមរាបបាន​ចុះ​ធ្វើការ​ស្រាវជ្រាវ​និង​កំណត់​មុខសញ្ញា​ជនសង្ស័យ​ទាំង​២​នាក់​។​

​ជាក់ស្ដែង​នៅ​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០១៥ កម្លាំង​នគរបាល​របស់លោក​បាន​ធ្វើការឃាត់ខ្លួន​បាន​ជនសង្ស័យ​ទាំងពីរ​នាក់​នៅ​និង​កន្លែង​ស្នាក់នៅ​រួមមាន​ឈ្មោះEglitis Guido James ភេទ​ប្រុស អាយុ​៦៨​ឆ្នាំ ជនជាតិ អូស្ត្រាលី សញ្ជាតិ អូស្ត្រាលី កាន់លិខិតឆ្លងដែន​លេខ E4053650 ផ្ដល់នៅ​ថ្ងៃទី​២៩-០៣-២០១១ មុខរបរ​ចូលនិវត្តន៍ស្នាក់នៅ​ផ្ទះជួល​ភូមិ មណ្ឌល​៣ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប និង​ឈ្មោះBrett Michael Hastie ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ ជនជាតិ ញ៉ូ​ហ្សេ​ឡេ​ន សញ្ជាតិ ញ៉ូហ្សេ​ឡេ​ន កាន់​លិខិតឆ្លងដែន​លេខ​(​មិន​ច្បាស់​ពីព្រោះ​យកទៅ​បន្ត​វី​សា​នៅ​ភ្នំពេញ​)មុខរបរ​ម៉ៅការ​សំណង់ ស្នាក់នៅ​បន្ទប់​ជួល​ភូមិ​ស្លក្រាម សង្កាត់​ស្លក្រាម ក្រុងសៀមរាប​។​

​បច្ចុប្បន្ន​ជនសង្ស័យ​រួមទាំង​វត្ថុតាង​ត្រូវបាន​កម្លាំង​ការិយាល័យ​នគរបាលអន្តោប្រវេសន៍​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កសាង​សំណុំរឿង​បញ្ជូនទៅកាន​តុលាការ​ខេត្តសៀមរាប​ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់ ៕​