ក្លិប​ឃ្លាំងមឿង​កីឡា គ្រោង​ប្តូរ​ឈ្មោះ​ទៅ​ជា​ក្លិប​ខេត្ត​ត្បូងឃ្មុំ​មាន​ឫទ្ធិ

រាជធានី​ភ្នំពេញ ៖ លោក សុខ វិជ័យ ជា​គ្រូបង្ហាត់​ដ៏​មានបទពិសោធន៍​មួយ​រូប​នៅ​ក្នុង​ក្លិប​ប្រដាល់​ឃ្លាំងមឿង​កីឡា បាន​ប្រាប់​ភ្នាក់ងារ​កោះសន្តិភាព​ឱ្យ​ដឹង​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា លោក​ចង់​ប្ដូរ​ឈ្មោះ​ក្លិប​ឃ្លាំងមឿង​កីឡា​របស់​លោក ទៅ​ជា​ក្លិប​ខេត្ត​ត្បូងឃ្មុំ​មាន​ឫទ្ធិ​វិញ ប៉ុន្តែ​នេះ​គ្រាន់តែ​ជា​គម្រោង​ប៉ុណ្ណោះ ឯ​ភាព​ជាក់ស្ដែង​យ៉ាងណា​នោះ​ទាល់តែ​ធ្វើ​ពាក្យ​ស្នើ​សំ​ុ​ទៅ​ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​កម្ពុជា​ជា​មុន​សិន ។

លោក​បញ្ជាក់​ថា មូលហេតុ​ដែល​លោក​មាន​គម្រោង​ចង់​ប្ដូរ​ឈ្មោះ​ក្លិប​បែប​នេះ ដោយសារ​តែ​រយៈពេល​ជាង​១០​ឆ្នាំ​មក​ហើយ អត់​មាន​អ្នក​ណា​អើពើ​ឬ​ផ្ដល់​ជំនួយ​ដល់​ក្លិប​លោក​បន្តិច​សោះ​។ លោក​ជ្រើស​យកឈ្មោះ​ថ្មី​នេះ​ដោយសារ​តែ​មាន​មន្ត្រី​ថ្នាក់​ខេត្ត​ត្បូងឃ្មុំ​មួយ​រូប​ចង់​ជួយ​ជ្រោមជ្រែង​ក្លិប​លោក ។

លោក​សុខ វិជ័យ គឺជា​អតីត​កីឡាករ​ប្រដាល់​មួយ​រូប​ដែល​ធ្លាប់​ប្រឡូក​នៅ​ក្នុង​វិស័យ​កីឡាប្រដាល់​ជា​ច្រើន​ឆ្នាំ​មក​ហើយ ។ ប៉ុន្តែ​ការ​ចាប់​យក​អាជីព​ជា​អ្នក​ប្រដាល់​នេះ​មិន​ធ្វើ​ឱ្យ​លោក​មានបាន​នោះ​ទេ ឱ្យ​តែ​ហូប​គ្រប់​សម្រាប់​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​នោះ​គឺ​ល្អ​ណាស់​ទៅ​ហើយ ។​ទោះជា​យ៉ាងណា​លោក​នៅ​តែ​ស្រឡាញ់​វិស័យ​កីឡា​មិន​បោះបង់​ចោល​ឡើយ មិនតែប៉ុណ្ណោះ​រហូត​មក​ទល់​នឹង​ពេល​នេះ លោក​ថែម​ទាំង​បាន​បណ្ដុះបណ្ដាល​កីឡាករ ចិញ្ចឹម​កីឡាករ​ដែល​ក្រីក្រ​ខ្វះ​ទីជម្រក​ជា​ច្រើន​នាក់​ទៀត​ផង ។ ការ​បើក​ក្លិប​ប្រដាល់​នេះ​គឺជា​ការ​រួមចំណែក​មួយ​យ៉ាង​សំខាន់​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ ជួយ​ដល់​យុវជន​ដែល​គ្មាន​ការងារ​ធ្វើ និង​យុវជន​ដែល​តែងតែ​ប្រព្រឹត្ត​អំពើ​មិនល្អ ឱ្យ​ងាក​មក​លេង​កីឡា​វិញ ។ កត្តា​ទាំងនេះ​គឺជា​ចំណុច​សំខាន់​ខ្លាំង​ណាស់​ដែល​រាជរដ្ឋាភិបាល​ក្រោម​ការ​ដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ចង់បាន ព្រោះថា​យុវជន​គឺជា​ទំពាំង​ស្នង​ឫស្សី យុវជន​គឺជា​សសរទ្រូង​ប្រទេស​ជាតិ ។ អ្នក​ណា​ក៏​ដឹង​ដែរ​ថា អ្នក​ស្រឡាញ់​កីឡា គឺ​គ្មាន​ធ្វើ​មាន​ធ្វើ​បាន​ដោយសារ​កីឡា​នោះ​ទេ ប៉ុន្តែ​ដោយសារ​តែ​លោក​ចង់​ថែរក្សា​កេរដំណែល​វប្បធម៌​ដូនតា​របស់​យើង​ឱ្យ​បាន​គង់វង្ស​ទុក​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ ទោះជា​លំបាក​យ៉ាងណា​ក៏​ចេះ​តែ​ទ្រាំ​ទៅ ។ លោក​ក៏​មិន​ខុស​ពី​គ្រូ​ចាស់​ៗ​មួយ​ចំនួន​ដែរ គឺ​សុទ្ធតែ​ស្រឡាញ់​កីឡា​ទាំងអស់​គ្នា និង​ចង់​រួមចំណែក​ថែរក្សា​និង​លើក​ស្ទួយ​វិស័យ​កីឡាប្រដាល់​ខ្មែរ​យើង​ឱ្យ​កាន់តែ​មានឈ្មោះ​បោះ​សំឡេង​នៅ​លើ​ឆាក​អន្តរជាតិ ។

ជាមួយ​គ្នា​នេះ លោក​សុខ វិជ័យ បាន​រិះគន់ថ្នាក់ដឹកនាំ​នៅ​ក្នុង​សហព័ន្ធ​មួយ​ចំនួន​ដែល​រស់​ដោយសារ​កីឡា បែរជា​មាន​ចរិតមិនល្អ និយាយ​បែប​មាក់ងាយ​ថា​«​អ្នក​បើក​ក្លិប​កីឡាប្រដាល់​សុទ្ធតែ​ជា​អ្នកក្រ​» ។ លោក​ថា បើ​ដឹង​ថា​គ្នា​ក្រ​ហើយ​ចាំបាច់​ថាឱ្យ​គ្នា​ធ្វើ​អី ព្រោះ​សម្ដី​បែប​នេះ​មិន​សមជា​អ្នកដឹកនាំ​វិស័យ​កីឡា​ឡើយ​។ ពាក្យចាស់​ពោល​ថា «​បើ​មិន​ជួយ​ចូក​ជួយ​ចែវ​ទេ កំ​ុ​យកជើងរាទឹក​» បើ​មិន​បាន​ជួយ​អ្វី​គ្នា​ទេ​គ្រាន់តែ​ប្រើ​សម្ដី​លើក​សរសើរ​មួយ​ម៉ាត់ គឺ​គ្នា​អរ​ណាស់​ទៅ​ហើយ ។ បច្ចុប្បន្ន លោក​ឧត្តមសេនីយ៍ឯក​តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​កម្ពុជា បាន​និង​កំពុង​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង ធ្វើ​យ៉ាងណា​ឱ្យ​វិស័យ​កីឡាប្រដាល់​មានការ​រីក​ចម្រើន ។ លោក​តែង​ណែនាំ​ដល់​មន្ត្រី​ថ្នាក់​ក្រោម ក៏​ដូច​ជា​តាម​បណ្ដា​ក្លិប​នានា ឱ្យ​ខិតខំ​យកចិត្តទុកដាក់​ក្នុង​ការ​បំផុស​ក្មេង​ជំនាន់​ក្រោយ​ឱ្យ​ចូលរួម​ហ្វឹកហាត់​ឱ្យ​បាន​ច្រើន សម្រាប់​ត្រៀម​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​កម្ពុជា​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ ។ ដូច្នេះ​យើង​ទាំងអស់​គ្នា មិន​ត្រូវធ្វើ​អ្វី​ឱ្យ​មានការ​រាំងស្ទះ​ដល់​ដំណើរការ​អភិវឌ្ឍ​វិស័យ​កីឡាប្រដាល់​នេះ​ឡើយ ៕