វឌ្ឍនាកា ជួយ​ឲ្យ​បឹង​កេត ​ឡើង​ទៅ​លេងពាន Toyota Mekong

ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង ចាន់ វឌ្ឍនាកា បាន​ក្លាយ​ជា​វីរៈ ក្នុង​ការ​សម្រេច​បំណង​ដ៏​ធំ​របស់​ក្រុម​បឹង​កេតអង្គរ គឺ​ការ​​ផ្តួល​ក្រុម​ភ្នំពេញ​ក្រោន ៤-២ កាល​ពី​ម្សិល​មិញ ដើម្បី​ជួយ​ឲ្យ​​បឹង​កេត ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​១ ក្នុង​វគ្គ​វិល​ជុំ​​ក្របខ័ណ្ឌ​មិត្ត​ហ្វូនខេមបូឌាន​លីក ឆ្នាំ​២០១៥ និង​​​ជា​ក្រុម​តំណាង​ឲ្យ​កម្ពុជា ត្រូវ​​ចូល​រួម​ការ​ប្រកួត​​ជម្រុះ​ពាន Toyota Mekong Club Championship 2015។

mm6-(1)

សម្រាប់​ការ​ប្រកួត​ប្រជែង​គ្នា​យ៉ាង​តាន​តឹង ​នៅ​កីឡដ្ឋាន​ស្តាត​ចាស់ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ម្សិល​មិញ​នោះ ​ចាន់ វឌ្ឍនាកា រកបាន​រហូត​ដល់​ទៅ​៣​គ្រាប់តែ​ម្នាក់​ឯង ដែល​២​គ្រាប់​ដំបូង​សម្រេច​បាន​នៅ​ក្នុង​តង់​ទី​១ និង​១​គ្រាប់​ទៀត​ធ្វើ​បាន​នៅ​នាទី​ទី​ ៧៣ ក្នុង​តង់​ទី​២ គឺ​បន្ទាប់​ពី​ខ្សែ​ប្រយុទ្ធ​ដែល​ជា​មិត្ត​រួម​ក្រុម ឃួន ឡាបូរ៉ាវី បាន​ស៊ុត​ចូល​​១​គ្រាប់​នៅនាទីទី៧០។

ចំណែក​ ២ ​គ្រាប់​របស់​ភ្នំពេញ​ក្រោន រក​បាន​ដោយ​ខ្សែ​ប្រយុទ្ធ Booyen Shane នៅនាទីទី​១៦ និង Bisan Goerge នៅ​ក្នុង​ម៉ោង​​បន្ថែម ៩០+៤។ អ្នក​គាំ​ទ្រ​ក្រុម​ភ្នំពេញ​ក្រោន មិន​សម្តែង​ចិត្ត​នោះ​ទេ ខណៈ​ក្រុម​របស់​ពួក​គេ​បាន​ចាញ់​យ៉ាង​ជូរ​ចត់​បែប​នេះ ដោយ​ពួក​គេ​បាន​នាំ​គ្នា​ដើរ​ចេញ​ពី​ទី​លាន នៅ​ពេល​ ចាន់ វឌ្ឍនាកា បាន​ស៊ុត​បញ្ចូល​ទី​១​គ្រាប់​ចុង​ក្រោយ ជួយ​ឲ្យ​បឹង​កេត ​នាំ​មុខ ៤-១ នៅនាទីទី​៧៣​នោះ។

mm6

ផ្ទុយ​ទៅ​វិញ​អ្នក​គាំ​ទ្រ​ និង​សមាជិក​ក្រុមបឹង​កេត​ទាំង​អស់ បាន​សម្តែង​ការ​សារទរ​ជាមួយ​ការ​ស្រែក​ហ៊ោ​កញ្ជ្រៀវ​យ៉ាង​សប្បាយ​រីក​រាយ ព្រោះ​ការ​ឈ្នះ​ភ្នំពេញ​ក្រោន ក្នុង​ការ​ប្រកួត​ដ៏​សំខាន់​នេះ បាន​​ផ្តល់​ឱកាស​ឲ្យ​បឹង​កេត ​ទៅ​ចូល​រួម​ការ​ប្រកួត​ជម្រុះ​ពាន Toyota Mekong Club Championship 2015 ក្នុង​ខែ​វិច្ឆិកា​ខាង​មុខ​នេះ ដោយ​បឹង​កេត ត្រូវ​ចេញ​ទៅ​ជួប​ក្រុម​លីក​កំពូល​របស់​ឡាវ នៅ​ថ្ងៃ​ទី​១ និង​​ត្រូវ​ស្វាគមន៍​ក្រុម​លីក​កំពូល​របស់​មីយ៉ាន់ម៉ា នៅកម្ពុជា នា​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា។

យ៉ាង​ណា​ក៏​ដោយ មុន​នឹង​ចូល​រួម​ការ​ប្រកួត​ពាន​នោះ បឹង​កេត ត្រូវ​ធ្វើ​ការ​ប្រកួត​ខ្វែង​​ចំនួន​២​ជើង​ទៀត គឺ​​នៅ​​​អាទិត្យ ចុងស​ប្តាហ៍នេះ និង​ថ្ងៃ​ពុធ​ទី​២៨ ខែតុលា ​ដោយ​បឹង​កេត ត្រូវ​ជួប​ក្រុម​ណាហ្គាវើល ព្រោះ​ការ​ប្រកួត​កាល​ពី​​ម្សិល​មិញ​​ ណាហ្គាវើល បាន​ចាញ់​ក្រុម​ម្ចាស់​ផ្ទះ​ស្វាយ​រៀង ៤-២ ធ្វើ​ឲ្យ​ពួក​គេ​បាន​ឈរ​ត្រឹម​ចំណាត់​ថ្នាក់​លេខ​៤។ ចំណែក​ក្រុម​ភ្នំពេញ​ក្រោន ក៏​ត្រូវ​ធ្វើ​ការ​ប្រកួត​ជាមួយ​ក្រុម​លេខ​៣​ខេមបូឌាន​ថាយហ្គឺរ ក្នុង​វគ្គ​ខ្វែង នា​ថ្ងៃ​អាទិត្យ​នេះ​ដែរ។

mm4(1)

ជាមួយកម្ម​វិធី​ប្រកួត​ដ៏មមា​ញឹក​នេះ​បាន​ធ្វើ​ឲ្យ​លោក បែ មករា អ្នក​ចាត់​ការ​ទូ​ទៅ​ក្រុមបឹង​កេតអង្គរ ​បង្ហាញ​ពី​ក្តី​បារម្ភ​ចំពោះការ​ចេញ​ទៅ​ប្រកួត​ជាមួយ​ក្រុម​លីក​កំពូល​របស់​ឡាវ នា​ថ្ងៃ​ទី​១ ខែវិច្ឆិកា ដោយ​លើក​បាន​បញ្ជាក់​ថា៖​«​យើង​ប្រហែល​ជា​មិន​អាច​ត្រៀមខ្លួន​បាន​ល្អ ដើម្បី​ចូល​រួម​ការ​ប្រកួត​ពាន Toyota Mekong នោះ​ទេ ព្រោះ​យើង​ត្រូវ​ធ្វើ​ការ​ប្រកួត​ខ្វែង​ក្នុង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ទៀត​ ដែល​ការ​ប្រកួត​នេះ​អាច​នឹង​ធ្វើ​ឲ្យកីឡាករ​របស់​យើង​មាន​របួស និង​បាក់​កម្លាំង​ផង​ដែរ ពិសេស​យើង​អត់​មាន​ពេល​ហ្វឹក​ហាត់​គ្រប់​គ្រាន់​ទៀត ហេតុ​នេះ​សហព័ន្ធ​កីឡាបាល់​ទាត់​កម្ពុជា គួរ​ពន្យារ​ពេល​ការ​ប្រកួត​ខ្វែង​នេះ​សិន មិន​អាច​ធ្វើ​ទៅ​បាន ព្រោះ​​បឹង​កេត ទៅ​ចូល​រួម​ការ​ប្រកួត Toyota Mekong តំណាង​ឲ្យ​កម្ពុជា»៕