កង​ទាហាន​ពិសេស​អា​​មេ​រិ​ក និង​កងកម្លាំង​ឃើ​ត​អីុ​រ៉ា​ក់​ធ្វើ​ប្រតិបត្តិការ​រំដោះ​ចំណាប់ខ្មាំង​70​នាក់

កង​ទាហាន​អា​មេ​រិ​ក និង​ពួក​យុទ្ធ​ជន​ឃើ​ត​អីុ​រ៉ា​ក់​កាលពី​ថ្ងៃ​ទី​២២ តុលា បាន​ធ្វើ​ប្រតិបត្តិការ​វាយលុក​មួយ​លើ​ពន្ធនាគារ​មួយ​កន្លែង​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​នៅ​ភាគ​ខាងជើង​អីុ​រ៉ា​ក់​ដោយ​រំដោះ​អ្នកទោស​ជិត​៧០​នាក់ ។ ប្រតិបត្តិការ​នោះ​បណ្តាល​ឱ្យ​ទាហាន​អា​មេ​រិ​ក​ម្នាក់​ស្លាប់ ដែល​នេះ​ជា​ទាហាន​អា​មេ​រិ​ក​ដំបូង​គេ​ស្លាប់​ក្នុង​ការ​ប្រយុទ្ធ​ចាប់តាំងពី​ការ​ចូល​រួម​​របស់​សហរដ្ឋ​អាមេ​រិ​ក​ប្រឆាំង​ក្រុម​រដ្ឋ​អិុ​ស្លា​ម​ពី​ឆ្នាំ​២០១៤​មក ។

នា​ព្រឹក​ព្រលឹម​ស្រាង​ៗ​ថ្ងៃ​ទី​២២ តុលា ពួក​យុទ្ធ​ជន​ឃើ​ត និង​កងកម្លាំង​ពិសេស​អា​មេ​រិ​កបាន​ធ្វើការ​វាយលុក​លើ​ពន្ធនាគារ​មួយ​របស់​ក្រុម​រដ្ឋ​អិុ​ស្លា​ម​នៅ​ជិត​ក្រុង HAWIJAH ភាគ​ខាងជើង​អីុ​រ៉ា​ក់ ។ អ្នកនាំពាក្យ​មន្ទីរ​ប៉ង់​តា​ហ្គោ​ន​និយាយ​ថា បានជា​យើង​ធ្វើ​ប្រតិបត្តិការ​នេះ ព្រោះតែ​មាន​គ្រោះថ្នាក់​បន្ទាន់​មួយ​នៃ​ការ​សម្លាប់​រង្គាល​បណ្តា​ចំណាប់ខ្មាំង​ឃុំ​ទុក​នៅ​ទីនោះ ។

អ្នកនាំពាក្យ​រូប​នេះ​បន្ត​ថា កងទ័ព​អា​មេ​រិ​ក​ដែល​មាន​បេសកកម្ម​ធ្វើ​ជាទី​ប្រឹក្សា និង​ជំនួយការ​ដល់​កងទ័ព​អីុ​រ៉ា​ក់បាន​ជួយ​ផ្តល់​បណ្តា​ឧទ្ធម្ភាគចក្រ​សម្រាប់​ដឹក​ទ័ព​ធ្វើការ​វាយ​លុក ។ កង​ទាហាន​អា​មេ​រិ​ក​ក៏​ចូលរួម​កម្លាំង​ជាមួយ​ពួក​យុទ្ធ​ជន​ឃើ​ត​អីុ​រ៉ា​ក់ ក្នុង​ពេល​វាយប្រហារ ។ ក្នុង​ការ​ចូលរួម​ប្រយុទ្ធ​នេះ ទាហាន​អា​មេ​រិ​ក​ម្នាក់​ត្រូវ​របួសធ្ងន់​ក្នុង​ពេល​បាញ់​តតាំង​គ្នា ហើយ​ក្រោយមក​ក៏​ស្លាប់ ។

យោង​តាម​មន្ទីរ​ប៉ង់​តា​ហ្គោ​ន​ថា ចំណាប់ខ្មាំង​ប្រមាណ​ជា​៧០​នាក់ ត្រូវ​បាន​រំដោះ​ក្នុង​ប្រតិបត្តិការ​នេះ ក្នុង​នោះ​មាន​សមាជិក​កងកម្លាំង​សន្តិសុខ​អីុ​រ៉ា​ក់​ជាង​២០​នាក់ ។

ចំណែក​ការិយាល័យ​របស់​ប្រមុខ​កង​ស៊ើបការណ៍​ឃើ​ត លោក MASROUR BARZANI និយាយ​ពី​ការ​រំដោះ​ចំណាប់ខ្មាំង​៦០​នាក់ ក្នុង​នោះ​ពុំ​មាន​សមាជិក​ពួក​ឃើ​តម្នាក់​ណា​ឡើយ ។ តែ​នេះ​ជា​ព័ត៌មាន​ដំបូង​ប៉ុណ្ណោះ ។

យោង​តាម​អ្នក​ទទួលខុសត្រូវ​ឃើ​ត​ថា យុទ្ធ​ជន​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ជាង​២០​នាក់​បាន​ត្រូវ​ស្លាប់​ក្នុង​ការ​វាយលុក​នេះ ។ ចំណែក​ពួក​ជី​ហា​ដ​៥ ឬ​៦​នាក់​ក៏​ត្រូវ​ចាប់ខ្លួន​ដែរ ។

អ្នក​ទទួលខុសត្រូវ​ម្នាក់​របស់​ក្រុមចម្រុះ​ប្រឆាំង​ពួក​ជី​ហា​ដ ដឹកនាំ​ដោយ​សហរដ្ឋ​អា​មេ​រិ​ក​រាយការណ៍​ថា ពួក​ជី​ហា​ដ​បាន​រៀបចំ​រណ្តៅ​រួម​នានា ហើយ​ពួក​នេះ​និយាយ​ប្រាប់​ពួក​អ្នកទោស​ថា ពួក​គេ​នឹង​ត្រូវ​ប្រហារជីវិត​នា​ថ្ងៃ​ទី​២២ តុលា បន្ទាប់​ពី​ពិធី​សូត្រធម៌​ពេល​ព្រឹក​រួច ។

ប្រជាជន​ក្រុង HAWIJAH គូសបញ្ជាក់​ប្រាប់ AFP ថា ឧទ្ធម្ភាគចក្រ​ធុន CHINOOK ជា​ច្រើន​គ្រឿង​បាន​ចូលរួម​ក្នុង​ការ​វាយឆ្មក់​នេះ ចំណែក​កង​យន្តហោះ​ទម្លាក់​គ្រាប់បែក​លើ​បា​រ៉ា​ស់ទាំង​ឡាយ​របស់​ក្រុម​រដ្ឋ​អិុស្លា​ម ។

សហរដ្ឋអាមេរិក​ដាក់​ពង្រាយ​ទាហាន​ប្រមាណ​ជា​៣.៥០០​នាក់​នៅ​អីុ​រ៉ា​ក់​ក្នុង​ក្រប​ខណ្ឌ​នៃ​ប្រតិបត្តិការ​ប្តេជ្ញា​ម៉ឺងម៉ាត់​ប្រឆាំង​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ។ អ្នកនាំពាក្យ​មន្ទីរ​ប៉ង់​តា​ហ្គោ​ន​អះអាង​ថា ភ្លើង​ខៀវ​សម្រាប់​ប្រតិបត្តិការ​នេះ​ផ្តល់​ឱ្យ​ដោយ​រដ្ឋមន្ត្រី​ការពារ​ប្រទេស លោក ASHTON CARTER ហើយ​ក៏​រាយការណ៍​ប្រាប់​ដល់​សេត​វិមាន​ដែរ ។ តាម​ពិត​សហរដ្ឋ​អាមេ​រិ​ក​ពុំ​មាន​បេសកកម្ម​ន​ប្រយុទ្ធ​នៅ​អីុ​រ៉ា​ក់​ឡើយ ។

ឧត្តមសេនីយ៍ AUSTIN មេបញ្ជាការ​កងទ័ព​អា​មេ​រិ​ក​នៅ​តំបន់​មជ្ឈិម​បូព៌ា​ក្នុង​សេចក្តី​ប្រកាស​មួយ​កាលពី​ថ្ងៃ​ទី​២២ តុលា ថ្លែង​ថា យើង​សូម​សរសើរ​ដល់​កង​ទាហាន​ដ៏​អង់អាច​ក្លាហាន​របស់​យើង​ដែល​បាន​ចូលរួម​ក្នុង​ប្រតិបត្តិការ​ប្រកបដោយ​ជោគជ័យ​នេះ ដែល​អាច​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស​ជា​ច្រើន​នាក់ ។ លោក​បន្ត​ថា យើង​ក៏៏​ចូលរួម​មរណទុក្ខ​ដែរ​ចំពោះ​ការ​ស្លាប់​របស់​ទាហាន​យើង​ម្នាក់​ពេល​ចូលរួម​ទ្រទ្រង់​ដល់​បណ្តា​មិត្ត​អីុ​រ៉ា​ក់​ក្នុង​ការ​ប្រយុទ្ធ​មួយ​ដ៏​លំបាក​បែប​នេះ ៕