ប្រទេស​ម៉ិចស៊ិក​រង​ការ​គំរាមកំហែង​ដោយ​ព្យុះ PATRICIA ជាម​ហា​ព្យុះ​កម្រិត​ទី​5

ពួក​អ្នក​ឧតុនិយម​រាយការណ៍​កាលពី​យប់​ថ្ងៃ​ទី​២២ តុលា ថា ព្យុះសង្ឃរា​ឈ្មោះ PATRICIA ស្ថិត​ក្នុង​ចំណាត់ថ្នាក់​ព្យុះ​កម្រិត​ទី​៥ ជាម​ហា​ព្យុះ​ខ្លាំង​បំផុត និង​បង្ក​គ្រោះ​មហន្តរាយ​ធ្ងន់ធ្ងរ​បាន​បោកបក់​មក​ដល់​ជិត​ឆ្នេរសមុទ្រ​ម៉ិចស៊ិក​ហើយ ។

យោង​តាម​មជ្ឈមណ្ឌល​ត្រួតពិនិត្យ​ខ្យល់ព្យុះ​អា​េ​ម​រិ​ក​មាន​មូលដ្ឋាន​នៅ​ក្រុង​ម៉ៃ​អា​មី​ថា ព្យុះ​នេះ​បច្ចុប្បន្ន​ស្ថិត​នៅ​ភាគ​និរតី​កំពង់​ផែ MANZANILLO ជាមួយ​កម្លាំង​ខ្យល់​ដល់​ល្បឿន​២៦០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង ។ ព្យុះ​នេះ​បោកបក់​ដល់​ឆ្នេរសមុទ្រ​ម៉ិចស៊ិក​នា​រសៀល​ថ្ងៃ​ទី​២៣ តុលា ឬ​នា​ពេល​ល្ងាច​ថ្ងៃ​នោះ​ក្នុង​រដ្ឋ JALISCO ជាប់​រដ្ឋ COLIMA ។ តំបន់​នេះ​មាន​ជា​ពិសេស​កំពង់​ផែ MANZANILLO ដ៏​សំខាន់​មួយ និង​ទីក្រុង​ទេសចរណ៍ PUERTO VALLATA ដែល​អាច​រង​ការ​ប៉ះពាល់​ដោយ​ផ្ទាល់ ។

មជ្ឈមណ្ឌល​ត្រួតពិនិត្យ​ខ្យល់ព្យុះ​ក្រុង​ម៉ៃ​អា​មី គូសបញ្ជាក់​ថា ព្យុះសង្ឃរា​នេះ​នឹង​ចុះ​ថយកម្លាំង​នា​ថ្ងៃ​ទី​២៣ តុលា ក៏​ប៉ុន្តែ​នៅ​តែ​មាន​គ្រោះថ្នាក់​ខ្លាំង​បំផុត អាច​បង្ក​គ្រោះ​មហន្តរាយ​ធំ ។

ហាង​ទំនិញ​ជា​ច្រើន​បាន​បិទទ្វារ រួច​ហើយ​នៅ MANZANILLO ចំណែក​ភ្លៀង​ចាប់ផ្តើម​ធ្លាក់​ខ្លាំង​លើ​ទីក្រុង​នោះ ៕