ទឹម រដ្ឋា ប្រាប់​ពី​គន្លឹះ​ជោគជ័យ​លើ​អាជីព​តារា​ម៉ូ​ដែល​

Sanofi

​វ័យ ២៨ ឆ្នាំ កម្ពស់ ១,៧០ ម៉ែត្រ ទម្ងន់ ៥០ គីឡូក្រាម រាង​ស្រ​ឡូ​ន សាច់​ស្អាត​តាមបែប​កូនកាត់​ខ្មែរ​-​ចិន ទឹម រដ្ឋា គឺជា​តារា​មាន​ទីផ្សារ​សិល្បៈ​បានយូរ​ឆ្នាំ​គួរសម ទាំង​ការសម្តែង និង ការបង្ហាញ​ម៉ូដ ។ ជាក់ស្តែង​ចូលដល់​ឆ្នាំ ២០១៥ នេះ ថ្វីដ្បិតតែ ទឹម រដ្ឋា មាន​វ័យ​ជ្រេ​បន្តិច​ក្តី ប៉ុន្តែ​កេរ្តិ៍ឈ្មោះ​របស់​នាង​នៅតែ​ល្បី ហើយ​ភាពជោគជ័យ​នេះ​ត្រូវបាន​នាង​ប្រាប់ថា អាជីព​ជាតា​រា​ម៉ូ​ដែល និង សម្តែង មិនមែន​មានតែ​រូប​សម្រស់​ស្រស់ស្អាត និង មាន​ទេពកោសល្យ​ទើប​អាចឈរជើង​លើ​វិស័យនេះ​បានយូរ​ឆ្នាំ​នោះទេ គឺ​ទាមទារ​ឱ្យ​យើង​មាន​លំ​ហាត់ប្រាណ​តាម​វិធីសាស្ត្រ​ផ្សេងៗ ដើម្បី​ជួយ​ថែរក្សា​រាង​ឱ្យ​ស្រ​ឡូ​ន​ស្អាត​នោះ​ទើប​អាជីព​សិល្បៈ​ជោគជ័យ​បានយូរ​ឆ្នាំ ។​

​តារា​សម្តែង និង ម៉ូ​ដែល ទឹម រដ្ឋា អតីត​ជា​កញ្ញាឯក​ប្រចាំរាជធានី​ភ្នំពេញ ក្នុង​កម្មវិធី​ប្រឡងប្រជែង​ជ្រើសរើស​ស្រី​ស្រស់ ប្រុស​ស្អាត​ប្រចាំឆ្នាំ ២០០៥ របស់​ស្ថានីយទូរទស្សន៍ CTN ។ បន្ទាប់ពី​បានទទួល​សម្ពាយ​កិត្តិយស​ជា​ស្រី​ស្អាត​ប្រចាំរាជធានី​ភ្នំពេញ​ធ្វើជា​ដើមទុន​មក នាង​ក៏បាន​ឈាន​ជើង​ចូលប្រឡូក​អាជីព​សិល្បៈ​យ៉ាង​ពេញទំហឹង​នៅក្នុង​ឆ្នាំ​ដដែល​នោះ​ផងដែរ ។ ការយក​រូបរាងកាយ​មក​បង្ហាញ​បង្អួត​ភ្នែក​មហាជន​ដើម្បី​ប្រមូលយក​ពិន្ទុ​គាំទ្រ​នេះ ទឹម រដ្ឋា ក៏​ជា​តារា​សិល្បៈ​មួយ​ដួង​ដែល​បានទទួល​ជោគជ័យ​យ៉ាង​ឆាប់រហ័ស តាមរយៈ​ការបង្ហាញ​វត្តមាន​សម្តែង​ខ្សែភាពយន្ត​ខ្នាត​ធំ​ជាច្រើន​ដូចជា​រឿង «​ដងស្ទឹង​ទឹកភ្នែក​» «​ប្រពន្ធ​ខ្មោច​» «​រាម​កេ​រិ៍្ត » «​នគរ​ស្រីល្វោ​» «​អា​កុក​អា​ច្រវា​» ជា ដើម ។


ក្រៅពីនេះ​នាង​ក៏បាន​គ្រង​តំណែង​ជា​តួឯក​ថត​ខ្សែភាពយន្ត​ភាគ​ឱ្យ​ស្ថានីយ ទូរទស្សន៍ CTN ដូចជា​រឿង «​ភ័ព្វសំណាង​» « ផ្កា​ក្នុង​ផ្កា​» និង រឿង «​វិថី​តារា​» ផងដែរ ។ ជាមួយគ្នានេះ ក្រៅពី​អាជីព​សម្តែង ទឹម រដ្ឋា ក៏​ជា​តារា​ម៉ូ​ដែល ដែលមាន​រូប​សម្រស់​ស្រស់​សោភា និង ទេពកោសល្យ​ឆ្នើម​ប្រចាំ​នៅ​ក្រុម​បង្ហាញ​ម៉ូដ Cambodia Super Model ជា​ក្រុម​បង្ហាញ​ម៉ូដ​ដ៏​ល្បីឈ្មោះ​មួយ​នៅក្នុង​ប្រទេស​កម្ពុជា ដែល​បានទទួល​ចំណាប់អារម្មណ៍​ពី​មជ្ឈដ្ឋាន​ទស្សនិកជន​ទាំង​ក្នុង និង ក្រៅប្រទេស​ផងដែរ ។

ការបានទទួល​ពិន្ទុ​គាំទ្រ​ឈានមុខ​នេះ នៅពេល​ផ្តល់​បទ​សម្ភាស​ជាមួយ​«​ប្រជាប្រិយ​»​តារា​វ័យ ២៨ ឆ្នាំ រូបនេះ​ក៏បាន​បញ្ជាក់ប្រាប់​ពី​គន្លឹះ សំខាន់ៗ​នៃ​អាជីព​ម៉ូ​ដែល​របស់ខ្លួន​ថា បើតាម​បទពិសោធ​ដែល​នាង​ធ្លាប់បាន​ឆ្លងកាត់​នៅពេល​កន្លងមក​អាជីព​នេះ​វា​មិន​ខុសពី​ការសម្តែង​ប៉ុន្មាន​ទេ ព្រោះ​ក្រៅពី​មាន​ទេពកោសល្យ និង រូបរាងកាយ​មាន​កម្ពស់​ត្រូវ​តាម​ក្បួនខ្នាត​ហើយ ក៏​ទាមទារ​ឱ្យមាន​រូបសម្បត្តិ​ស្រស់ស្អាត​ផងដែរ ។ ចំណុច​នេះ​នាង​ចង់​បង្ហាញថា ក្រៅពី​រូបរាងកាយ​ស្រស់ស្អាត​ពី​ធម្មជាតិ​ហើយ ក៏​ទាមទារ​ឱ្យ​យើង ត្រូវ​ចេះ និង ខិតខំ​ឈ្វេងយល់​ពី​វិធីសាស្ត្រ​នៃ​ការថែរក្សា​សម្រស់​ផងដែរ ពីព្រោះ​បញ្ហា​នេះ​ជា​កត្តា​សំខាន់​មិនអាច​ធ្វេសប្រហែស​បានឡើយ ។


ដោយហេតុថា នៅពេល​សាច់​យើង​មិន​ស្អាត ឬក៏​រាងកាយ​មាន​ទម្ងន់​ហួសខ្នាត វា​នឹង​បាត់បង់​ការចាប់អារម្មណ៍​ពី​ទស្សនិកជន​មិន​ខាន ។ ហេតុនេះហើយ​សម្រស់ និង រាងកាយ គឺជា​តម្រូវការ​ចាំបាច់​សម្រាប់​តារា​ម៉ូ​ដែល ។​ ​ស្របពេល​ជាមួយគ្នានេះ ទឹម រដ្ឋា ក៏បាន​បង្ហាញ​ប្រាប់​ពី​វិធីសាស្ត្រ​ថែទាំ​សម្រស់​តាមបែប​ធម្មជាតិ ជា​បទពិសោធ​ជូន​ដល់​សិល្បករ​-​ការិនី​ស្រករ​ក្រោយ​ដែរ​ថា «​បើ​ប្អូនៗ​ដែល​ស្រឡាញ់​អាជីព​ជាតា​រា​បង្ហាញ​ម៉ូដ គួរ​ចាប់អារម្មណ៍​លើ​ការថែរក្សា​ស្បែក ដងខ្លួន មុខ ស្មា ចង្កេះ ក្បាលពោះ មិន​ថា​តាមបែប​ធម្មជាតិ ឬក៏​តាមបែប​វិទ្យាសាស្ត្រ​នោះទេ ពីព្រោះ​ចំណុច​ទាំងនេះ​វា​ជា​ផ្នែក​ដ៏​ចាំបាច់​ជួយ​ឱ្យ​ប្អូនៗ​ឈានទៅ​ចាប់បាន​ឱកាស​ជោគជ័យ​ក្នុង​រយៈពេល​ដ៏​ខ្លី​» ។

នាង​បន្តថា​«​ដំណោះស្រាយ​ដ៏​មានគុណ​ប្រយោជន៍​នេះ គឺ​តម្រូវឱ្យ​មានការ​ហាត់ប្រាណ​ជាប្រចាំ ដូចជា​ការ​ហែល​ទឹក វា​ជួយ​ឱ្យ​ស្មា​រីក​ធំ និង ជួយ​ឱ្យជើង​ស្រ​ឡូ​ន​ស្អាត រីឯ​ការ​រាំ ឬ​រត់ និង ការហាត់​ប្រាណ​នៅក្នុង​ក្លឹប តាម​ក្បួនខ្នាត​ត្រឹមត្រូវ វា​មិន​ត្រឹមតែ​ជួយ​ឱ្យ​យើង​ចៀស​ផុតពី​ជំងឺ​ធាត់​ប៉ុណ្ណោះ​ទេ ថែមទាំង​ជួយ​ឱ្យ​សាច់​ណែន​ស្អាត​មើលទៅ​មាន​សភាព​មាំមួន​ថែមទៀត​ផង ។ ដោយឡែក​ចំពោះ​ការប្រើប្រាស់​ផលិតផល​គ្រឿងសម្អាង យើង​មិនត្រូវ​ប្រើ​ដោយ​ខ្លួនឯង​គ្មាន​អ្នកជំនាញ​ណែនាំ​នោះទេ ពីព្រោះ​កាលណា​បើ​ប្រើ​ផលិតផល​មិនត្រូវ​នឹង​ស្បែក វា​អាច​បណ្តាលឱ្យ​ស្បែក​របស់​យើង​ខូច ។ បញ្ហា​នេះ​គឺជា​កត្តា​គ្រោះថ្នាក់​បំផុត​សម្រាប់​អាជីព​ជាតា​រា​ម៉ូ​ដែល​» ។​


ទន្ទឹមនឹង​ការបង្ហាញ​បទពិសោធ​ខាងលើនេះ ទឹម រដ្ឋា ក៏បាន​បញ្ជាក់ប្រាប់​ដែរ​ថា​មកដល់​បច្ចុប្បន្ននេះ បើ​និយាយ​ពី​អាជីព​តារា​ម៉ូ​ដែល នាង​ទទួលជោគជ័យ​ប្រមាណ​ជា ៩០ ភាគរយ រីឯ​អាជីព​សម្តែង​គឺ​នាង​បានទទួល​ជោគជ័យ​ប្រមាណ​ជា ៨០ ភាគរយ ។ ជាមួយគ្នានេះ​នាង​ក៏បាន​ណែនាំ​ឱ្យ​យុវតី​ជំនាន់​ក្រោយ ដែលមាន​រូប​សម្រស់​ស្រស់ស្អាត និង មាន​ទេពកោសល្យ​ផ្នែក​នេះ​គួរតែ​មានចិត្ត​ក្លាហាន​មក​ចុះឈ្មោះ​ចូលរួម​ប្រឡង​គ្រប់​កម្មវិធី​ជ្រើសរើស​តារា​សិល្បៈ ព្រោះ​ការងារ​នេះ​មិន​ត្រឹមតែ​ជួយ​នាំមក​នូវ​កេរ្តិ៍ ឈ្មោះ​កិត្តិយស​ប៉ុណ្ណោះ​ទេ ថែមទាំង​ជួយ​ឱ្យ​យើង​បានទទួល​ប្រាក់កាស​យ៉ាង​សមរម្យ ដើម្បី​ជួយ​ដល់​ក្រុមគ្រួសារ និង ជាការ​ចូលរួមចំណែក​លើកស្ទួយ​វិស័យ​សិល្បៈ​ផងដែរ ៕ ចន្ថា​

​ ​




Related