មាន​ជំងឺប្រចាំ​កាយព្យាបាល​មិន​ជា​បញ្ចប់ជីវិត​ដោយ​ចង.ក​សម្លាប់​ខ្លួន

ខេត្តកណ្ដាល ​៖ ​បុរស​ម្នាក់​ដោយសារ​តែមាន​​ជំងឺ​ប្រចាំ​កាយ​ព្យា​បាល​មិន​ជា​ និង​ជំពាក់​លុយគេ​ច្រើន គ្មាន​លទ្ធភាព​រក​សង​​គេ​​ក៏​បញ្ចប់​ជីវិត​ដោយ​ចង.ក​សម្លាប់​ខ្លួន ត្រូវ​បាន​គេ​ប្រទះ​ឃើញ​​នៅ​​ព្រៃ​​ក្រោយផ្ទះ​បង្ក​ការ​ភ្ញាក់​ផ្អើល​កាលពី​ម៉ោង​៩​យប់ថ្ងៃ​ទី​២២ តុលា​ នៅ​ចំណុចក្នុង​ព្រៃ​ថ្លុក​តា​អ៊ុយ ​ស្ថិត​ក្នុង​ភួ​មិ​ទួល​ទ្រា​ ឃុំ​ព្រែក​ក្មេង ស្រុក​ល្វាឯម ​។

មន្ត្រី​នគរបាល​ស្រុក​ល្វាឯម បាន​ឲ្យ​ដឹង​ថា ​បុរស​​ដែល​ចង​.ក​​ធ្វើ​អត្តឃាត​ខាង​លើ ​ឈ្មោះ សុខ ប៊ុ​ន​ធឿ​ន ​អាយុ​៥២​​ឆ្នាំ ​ជា​កសិករ ​​មាន​ទីលំនៅ​​​ភូមិ​ឃុំ​កើត​ហេតុ​ខាង​លើ ។​

មន្ត្រី​នគរបាល ​បាន​បន្ត​ថា ​អស់​រយៈពេល​ប្រហែលជា៣​​ឆ្នាំ​កន្លង​មក​ហើយ ក្នុង​គ្រួសារ​បុរស​​រង​គ្រោះ​ជំពាក់​លុយ​ធានា​គារ​​​មួយ និង​កន្លែងផ្សេង​ៗ​ទៀត​សរុប​ចំនួន​ប្រហែល
(​មួយ​ម៉ឺន​ដុល្លារ​) ​ដោយ​​បុរស​​រង​គ្រោះ​​​មិន​មានមុខ​របរ​អ្វី​ដែល​អាច​រក​សង​គេ​បាន និង​មាន​​ជំងឺ​​ប្រចាំ​កាយ​​ពិបាកចិត្ត​ពេក ​​តែងតែ​និយាយ​ប្រាប់​បងប្អូន ​និង​អ្នក​ជិតខាង​ថា​ «ខ្ញុំ​អាយុ​មិន​បាន​វែង​ទេ​ ពិបាកចិត្ត​​មាន​ជំងឺប្រចាំកាយ ​ណាមួយ​​ជំពាក់​លុយ​គេ​ច្រើន​ពេក» ​។

លុះ​មក​ដល់​ថ្ងៃ​កើតហេតុ​ វេលា​ម៉ោង​​​​២​រសៀល ​បុរស​​រង​គ្រោះ ក៏​បាន​ប្រាប់​កូនប្រុស​ឈ្មោះ ច​ន ផានិត ថា​ ឪពុកទៅ​ភូមិ​ព្រែក​តា​អុង ហើយ​ក៏​ទៅ​បាត់​រហូត​ដល់​វេលា​ម៉ោង​៤រសៀលថ្ងៃ​ដដែល ប្រពន្ធ​កូន​មិនឃើញ​​ត្រឡប់មក​ផ្ទះ​វិញ​ក៏​នាំ​គ្នា​ដើរ​រក​រហូត​ដល់​ម៉ោង​៩​យប់​​ទទួល​បាន​​​ដំណឹង​​ថា ​ជន​រង​គ្រោះ​យក​កង់​ទៅ​ផ្ញើគេនៅ​ភូមិ​ទួល​ទ្រា​ហើយ​ដើរ​ចុះ​ទៅ​ព្រៃ​ខាងក្រោយ​ផ្ទះ ។​ ក្រុម​គ្រួ​សារបាន​ដើរ​រក​​ក្នុង​ព្រៃ​​ក៏​​ឃើញ​ជន​រង​គ្រោះចង.ក​នឹង​ក្រ​មាជាប់​ដើម​រាំងស្លាប់​បាត់​ទៅ​ហើយ ​ក៏​នាំ​គ្នា​ស្រាយ​​យក​សព​មក​ផ្ទះ ​។

ករណី​​ខាង​លើ​នេះ ​នគរបាលបាន​បង្កើត​គណៈក​ម្ម​ការ​​ដើម្បី​ធ្វើ​កោសល្យវិច័យ​​​​ពិនិត្យសាក​​​សព ​​រួម​​មាន គ្រូ​ពេទ្យ​ឃុំ​ ក្រុមប្រឹក្សា​ឃុំ​ លោក​មេ​ភូមិ ក្រុម​គ្រួសារ​សព​ នគរ​បាល​ប៉ុស្តិ៍​/ស្រុក​ ​ជា​លទ្ធផល​​​​​បង្ហាញ​ឱ្យ​​ឃើញ​ថា ​បុរស​​រង​គ្រោះ​បាន​ចង.ក​​សម្លាប់​ខ្លួន​ពិត​ប្រា​កដ​មែន​ ហើយ​ក៏​​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕