​កម្លាំង​ចម្រុះ​ខេត្ត​មណ្ឌល​គិរី​ចុះបង្ក្រាប​សកម្ម​ភាព​រុក​រក​រ៉ែមាស​ខុស​ច្បាប់​នៅ​ចំណុច​អូរ​ងេះ ស្រុក​ពេជ្រាដា

ខេត្ត​មណ្ឌល​គិរី​ ៖ កម្លាំង​ចម្រុះ​ដែល​ដឹកនាំ​ដោយ​លោកស្រី អាយ​ស៊ី សុ​គ​ន្ឋា​រី អភិបាលរង​ខេត្ត និង​លោក​សូ សុវិទ្យា ព្រះរាជអាជ្ញា​រង​ខេត្ត បាន​ចុះ​ប្រតិបត្តិការ​​​​​បង្ក្រាប​សកម្មភាព​រុករក​រ៉ែ​មាស​ខុសច្បាប់​នៅ​ចំណុច​អូរ​ងេះ​ ស្ថិត​នៅ​ភូមិសាស្ត្រ​ឃុំ​ក្រង់​តេះ ស្រុក​ពេ​ជ្រា​ដា កាលពី​ម៉ោង​១១​ និង​៣០​នាទីព្រឹក ​ថ្ងៃ​ទី​២២ តុលា ២០១៥​។

យោង​តាម​ការ​ឆ្លើយ​បំភ្លឺ​ពី​ឈ្មោះ អ៊ុ​ង សុខ​ជា ភេទ​ប្រុស អាយុ​៥០​ឆ្នាំ ជនជាតិ​ខ្មែរ​ដែល​មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិដើម​ស្រល់ សង្កាត់​មនោ​រម្យ ក្រុង​សែន​មនោ​រម្យថា​ ការ​កកាយ​យក​រ៉ែ​នៅ​ក្នុង​ក្រុមហ៊ុន G-M-G​រូប​លោក​ចាប់ផ្តើម​មក​ធ្វើ​រ៉ែ​នៅ​ក្នុង​ដី​ក្រុមហ៊ុន​ប្រហែល​បាន​មួយ​ខែ​ហើយ ដោយ​រូបលោក​បាន​ទំនាក់ទំនង​ជាមួយ​លោក ស៊ី​ណា​ ជា​អ្នកគ្រប់គ្រង​នៅ​ក្នុង​ក្រុមហ៊ុន​រ៉ែ​នេះ​ ហើយ​នៅ​ក្នុង​ការ​ធ្វើ​រ៉ែ​មាន​កម្មករ​ចំនួន​៥​នាក់ ​​ក្នុង​មួយ​ថ្ងៃ​បាន​កំ​រ៉ៃ​៥០.០០០រៀល​។

ក្នុង​សកម្មភាព​ចុះ​បង្ក្រាប​នេះ​ក្រុម​កា​ងារ​ចម្រុះ​បាន​រឹបអូស​វត្ថុ​តាង​បាន​មួយ​ចំនួន ​រួម​មាន​គោ​យន្ដ​ចំនួន​០៣​គ្រឿង​ ត្បាល់កិន​សម្រាប់​បំបែក​លោហៈ ចំនួន​០១​គ្រឿង​ និង​មនុ​ស្ស​ចំនួន​៦នាក់ត្រូវ​បាន​ឃាត់​ខ្លូ​ន​ឲ្យ​ធ្វើ​កិច្ច​បញ្ឈប់​សកម្មភាព​ និង​ឲ្យ​វិល​ត្រលប់​ទៅ​ផ្ទះ​វិញ​ ។

​​វត្ថុ​តាង​នេះ​ត្រូវ​បាន​យក​មក​រក្សា​ទុក​នៅ​មន្ទី​រ៉ែ​ និង​ថាមពល​ខេត្ត ដើម្បី​កសាង​សុំ​ណុំរឿង​ប​ញ្ជួ​ន​ទៅ​តុលាការ​ចាត់​ទៅ​តាម​និ​តិ​វិធី​ច្បាប់​។

យោង​តាម​ឯកសារ​របស់​ក្រសួង​រ៉ែ ​និង​ថាមពល​បាន​ឱ្យ​ដឹង​ថា ​ក្រុមហ៊ុន​G-M-G​ខាងលើ​មិន​ទាន់​មាន​សិ​ទ្ធិ​ក្នុង​ការ​ជីក​យក​រ៉ែ​មាស​ទេ ​គឺ​គ្រាន់តែ​មាន​សិ​ទ្ធិក្នុង​ការ​សិក្សា​ស​មិ​ទ្ធផល​ល​ទ្ធភាព​សេដ្ឋកិច្ច​ជម្រក​រ៉ែ​លោហៈ​ និង​ផល​ប៉ះពាល់​បរិស្ថាននៅ​ក្នុង​ការ​ធ្វើ​អាជីវកម្ម​រ៉ែ​លោហៈ​នៅ​លើ​ផ្ទៃដី​ដែល​បាន​កំណត់​ តែ​ដោយ​មាន​សកម្មភាព​លួច​ជួល​ដី​តំបន់​សិក្សា​រក​រ៉ែ​ឲ្យ​ទៅ​អ្នក​ដទៃ​ដើម្បី​ជីក​លុង​រក​រ៉ែ​អនាធិបតេយ្យទើប​បានជា​អាជ្ញាធរ​ខេត្ត​ចុះ​ទៅ​បង្ក្រាប​យ៉ាង​ដូច្នេះ​។

ចំណែក​លោក ឌី ស៊ី​ណា ជា​អ្នកគ្រប់គ្រង​នៅ​ក្នុង​ក្រុមហ៊ុន​រ៉ែ​នោះ កោះសន្តិភាព​ពុំ​អាច​សុំ​ការ​បំភ្លឺ​បាន​ទេ កាល​ពីព្រឹក​ថ្ងៃ​ទី​២៣ តុលា នេះ៕