លោក ថោ​ង ខុន ​ចូលរួម​បុណ្យ​ព្រះ​សព​ព្រះ​គ្រូ លឿង ហ៊ុំ ព្រះ​វិន័យធរ​គណ​ខេត្តកំពង់ធំ

ខេត្តកំពង់ធំ​ ៖ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក ថោ​ង ខុន រួម​ទាំង​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ខេត្តកំពង់ធំ នា​ថ្ងៃ​ទី​២៣ ​តុលា​ នេះ បាន​ចូលរួម​ក្នុង​ពិធីបុណ្យ​ព្រះ​សព​ព្រះ​គ្រូ លឿង ហ៊ុំ ព្រះ​វិន័យធរ​គណ​ខេត្តកំពង់ធំ ព្រះ​អនុគណ​ស្រុក​បារាយណ៍ និង​ជា​ព្រះ​គ្រូ​ចៅអធិការ​វត្ត​ព្រៃ​តា​ត្រាវ ដែល​បាន​ទទួល​អនិច្ចធម្ម កាលពី​ថ្ងៃ​ទី​១៩ ​តុលា ​២០១៥ ក្នុង​ជន្មាយុ៧៧​ព្រះ​វស្សា ដោយ​រោគា​ពា​ធ ។

​សូម​បញ្ជាក់​ថា ព្រះ​គ្រូ លឿង ហ៊ុំ ជា​បព្វជិត​មួយ​ព្រះ​អង្គ​ដ៏​ប្រពៃ ជា​ថ្នាក់ដឹកនាំ​ក្នុង​ព្រះពុទ្ធ​សាសនា​ដ៏​ជាទី​គោរព​បំផុត​ដែល​បាន​បូជាជីវិត​ចំពោះ​ព្រះពុទ្ធ​សាសនា និង​បាន​ដឹកនាំ​កសាង​សមិទ្ធផល​នានា​ទាំង​ផ្នែក​ពុទ្ធចក្រ និង​អាណាចក្រ ។ ការ​បាត់បង់​ព្រះ​គ្រូ​អនុ​គណ និង​ជា​ព្រះ​ចៅអធិការ​វត្ត​ព្រៃ​តា​ត្រាវ គឺជា​ការ​បាត់បង់​ធនធាន​ដ៏​សំខាន់ ​ក្នុង​ការ​ដឹកនាំ អប់រំ ប្រៀនប្រដៅ តាម​ព្រះធម៌​នៃ​ព្រះសម្មាសម្ពុទ្ធ ​សម្រាប់​​ចម្លង​ដល់​គ្រហស្ថ ពុទ្ធសាសនិក និង​ផ្តល់​នូវ​គំរូ​វីរភាព​ដល់​កុលបុត្រ កុលធីតា​ជំនាន់​ក្រោយ​រៀនសូត្រ​តាម​ ។

​លោក ថោ​ង ខុន រួម​ទាំង​ក្រុមការងារ​បាន​សម្តែង​​ការ​សោកស្តាយ​ និង​ចូលរួម​មរ​ណទុក្ខ​ដ៏​ក្រៀមក្រំចំពោះ​មរ​ណភាព​ព្រះ​គ្រូ លឿង ហ៊ុំ និង​បាន​ឧទ្ទិស​បួងសួង​ដល់​វិញ្ញាណ​ក្ខន្ធ​ព្រះ​អង្គ​បាន​ទៅ​សោយសុខ​ក្នុង​សុគតិភពគ្រប់​ៗ​ជាតិ​កុំបី​ឃ្លៀងឃ្លាត​ឡើយ ។ នា​ឱកាស​នោះ​ដែរ ​លោក​រដ្ឋមន្ត្រី​ ក៏​បាន​ចូលរួម​ជា​បច្ច័យ​ចំនួន​៥​លាន​រៀល និង​គ្រឿង​ឧបភោគបរិភោគ​មួយ​ចំនួន​ដល់​ពិធីបុណ្យ​ព្រះ​សព​ផង​ដែរ ។

​បន្ទាប់​មក​ លោក​រដ្ឋមន្ត្រី រួម​ទាំង​ក្រុមការងារ​ក៏​បាន​ចុះ​ទៅ​ជួប​សំណេះសំណាល​ជាមួយ​គណៈកម្មការ ​និង​កីឡាករ​ទូកង​ចំនួន​២ គឺ ​១-ទូកង​ឈ្មោះ ចតុ​លោក​តេ​ជោ​សែន​ជ័យ ស្ថិត​ក្នុង​វត្ត​ចតុ​លោក និង​២​-ទូកង ឈ្មោះ ធន​ស័ក​តេ​ជោ​សែន​ជ័យ​បារមី​វត្ត​បាណក ស្ថិត​ក្នុង​វត្ត​បាណក ដោយ​ពាំនាំ​​ថវិកា​មួយ​ចំនួន​ដើម្បី​ផ្តល់​ជូន​គណៈកម្មការ​ក្នុង​ការ​រៀបចំ​ជួសជុល​ និង​កែ​លម្អ​សោភ័ណ​ភាព​ទូក​ទាំង​២​ ព្រមទាំង​ផ្តល់​​កម្លាំងចិត្ត​ដល់​កីឡាករ​ទាំងអស់ ​ដើម្បី​ខិតខំ​អស់ពីកម្លាំងកាយ​ចិត្ត​ចូលរួម​ប្រកួតប្រជែង​ក្នុង​ពិធី​បុណ្យ​អុំ​ទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ នា​ពេល​ខាង​មុខ ឲ្យ​ទទួល​បាន​ជោគជ័យ ៕