វេទិកាមិត្តអ្នកអាន ៖ សាលារាជធានី គួរបង្កើតទូកដរចម្លង អ្នកថ្មើរជើង ជ្រោយចង្វារ-ផ្សារចាស់ ឡើងវិញហើយ..!

ភ្នំពេញ ៖ មានមិត្តអ្នកអានមួយចំនួន រស់នៅតំបន់ចុងកោះជ្រោយចង្វារ បានផ្ដល់មតិតាមរយៈមជ្ឈមណ្ឌលព័ត៏មានដើមអម្ពិល ដោយសូមឲ្យសាលារាជធានីភ្នំពេញ គួរតែបង្កើតអោយមានទូកដរ សម្រាប់រត់ចម្លងអ្នកដំណើរថ្មើរជើងពីភ្នំពេញ ទៅជ្រោយចង្វារ និយាយរួមគឺពីត្រើយខាងកើតមកខាង លិចនៃទន្លេសាបដូចមុនឡើងវិញហើយដើម្បី សម្រួលដល់ពលរដ្ឋដែលមិនចង់ជិះម៉ូតូ ឬរថយន្ត ឆ្លងស្ពានវាងនាំយូរឬនាំស្ទះចរាចរជាដើម ហើយក៏អាចធ្វើឲ្យ កំណើនភ្ញៀវទេសចរណ៏ជាតិ និង អន្តរជាតិមកដើរលេងនៅខាងជ្រោយចង្វារ មានចំនួនកើនឡើងជាងមុនផងដែរ នៅពេលដែលសួនច្បារ សណ្ឋាគារនៅត្រើយខាងកើតបានរៀបចំ រួចរាល់និងស្អាតបាតអស់ហើយនោះ។

ពលរដ្ឋដែលរស់នៅម្ដុំជ្រោយចង្វារត្រើយខាងកើតជាច្រើន បានលើកឡើងថាកន្លងមកថ្វីត្បិត ស្ពាន ជ្រោយចង្វារមានសម្រាប់ឆ្លងមិនចាំបាច់ឆ្លងទូកដរ ដូចមុនទៀតក៏ពិតមែនតែទូកដរ សម្រាប់ចម្លង អ្នកថ្មើរជើងនៅជ្រោយចង្វារ-ផ្សារចាស់មិនត្រូវបានគេលប់បំបាត់ចោលនោះទេ ហើយអ្នកជ្រោយចង្វារ ក៏ដូចអ្នកភ្នំពេញដែលរស់នៅម្ដុំផ្សារចាស់ផ្សារកណ្ដាល និងកន្លែងផ្សេងៗទៀត ពេលពួកគាត់ចង់ឆ្លងទៅ មកដោយថ្មើរជើង ឬសិស្សសាលាជិះកង់ទៅរៀនជាដើម ពួកគាត់កម្រជិះឆ្លងស្ពានណាស់ណាមួយ បើជិះម៉ូតូឌុបគឺត្រូវការចំណាយលុយច្រើនដូចនេះពួកគាត់តែង តែជិះទូកដរឆ្លងដោយអស់ម្នាក់ ៥០០រៀលទៅ១០០០រៀលប៉ុណ្ណោះ ហើយពេលរសៀលឡើងអ្នកនៅ ខាងភ្នំពេញក៏ឧស្សាហ៏ឆ្លងដរ មកដើរកំសាន្តនៅត្រើយម្ខាងជ្រោយចង្វារ ដូចគ្នាដោយពេលនោះខាងជ្រោយចង្វារទូកដរគេ ដាក់ផែនៅ ចំណុចមុខវត្តពោធ៏សត្ថារ៉ាមហៅវត្តចាស់ និងនៅខាងភ្នំពេញគេដាក់នៅចំណុចមុខផ្សាររាត្រី ឬមុខ CDC ខាងជើងបារទន្លេសាបជាដើម។ ប៉ុន្តែចាប់តាំងពីសាលារាជធានីរៀបចំ កសាងច្រាំងទន្លេជ្រោយចង្វារ កាលណាមក ទូកដរខាងលើនេះត្រូវបានបិទចោល រហូតមក។បច្ចុប្បន្នក្រោយពីសណ្ឋាគារសុខា សួនច្បារ និងច្រាំងទន្លេនៅខាងជ្រោយចង្វារកសាងហើយ កាលណាមកគេឃើញសាលារាជធានី បានអនុញ្ញាតអោយមានទូកដររត់ឆ្លងពីចុងកោះ ជ្រោយចង្វារទៅកាន់ចំណុចដរអរិយក្សត្រ ក្រោយ សណ្ឋាគារកាំបូឌីយ៉ាណា តែមិនបានរត់ជាប់នោះទេគឺមួយថ្ងៃរត់តែ៤-៥ជើងទៅមកតែប៉ុណ្ណោះ ហើយ ការបើកអោយមានទូកដររត់នៅចុងកោះនោះក៏មិនសូវមាន មនុស្សជិះឆ្លងនោះដែរព្រោះវាមិនចំយុទ្ធ សាស្ត្រសម្រាប់អ្នកចង់ឆ្លងភាគច្រើន។

ដូច្នេះហើយអ្នកជ្រោយចង្វារសុំឲ្យសាលារាជធានី បង្កើតឲ្យមានដរទទឹងឆ្លងជ្រោយចង្វារទៅផ្សារចាស់ ឡើងវិញ សម្រាប់អ្នកដំណើរថ្មើរជើង ដើម្បីពួកគាត់ងាយស្រួលឆ្លងទៅផ្សារចាស់ ផ្សារកណ្ដាល និងកូន សិស្សឆ្លងទៅសាលារៀនជាដើម។ មិនតែប៉ុណ្ណោះការបង្កើតឲ្យមានដរឆ្លងឡើងវិញ ខាងលើនេះក៏បង្ក ភាពងាយស្រួលដល់ភ្ញៀវទេសចរណ៍ ជាតិអន្តរជាតិឆ្លងទៅមកដើរលេងកំសាន្ត ជាពិសេសពេលល្ងាច និងពេលយប់មានភាពងាយស្រួល ហើយការលក់ដូររបស់អ្នកជ្រោយចង្វារ ក៏មានជីវភាពធូរធារ តាម រយៈកំណើននៃភ្ញៀវទេសចរណ៍នេះផងដែរ។ ប៉ុន្តែរាល់កាណូតដរឆ្លងត្រូវតែធ្វើឲ្យមានសោភ័ណភាព ជាលក្ខណៈបំរើឲ្យវិស័យទេសចរ មិនសំខាន់គិតតែលើការធ្វើអាជីវកម្មរកផលចំណេញតែមួយមុខនោះ ទេ៕