ក្រុង​សេ​អ៊ូ​ល​ត្រៀម​ជួប​គ្នា​ទ្វេភាគី​ជាមួយ​ក្រុង​ព្យុ​ង​យ៉ាង​ស្តី​ពី​បញ្ហា​នុយក្លេអ៊ែរ

យោង​តាម YONHAP ថា តំណាង​កូរ៉េ​ខាងត្បូង​ចូលរួម​ក្នុង​ការ​ចរចា​៦​ភាគី លោក HWANG JOON KOOK អះអាង​កាលពី​ថ្ងៃ​ទី​២៣ តុលា ថា ត្រៀម​ជួប​ជាមួយ​មន្ត្រី​កូរ៉េ​ខាងជើង​ទទួល​បន្ទុក​សំណុំរឿង​នុយក្លេអ៊ែរ ដោយ​គូសបញ្ជាក់​ពី​ភាព​ចាំបាច់​នៃ​កិច្ចប្រជុំ​អន្តរ​កូរ៉េ​មួយ ដើម្បី​ពិភាក្សា​ពី​បញ្ហា​នុយក្លេអ៊ែរ ។

ក្នុង​សន្និសីទ​អន្តរជាតិ​មួយ​ដែល​មាន​ប្រធានបទ «​បើក​ទំព័រ​ថ្មី ៈ តើ​ផ្នែក​ការទូត​កូរ៉េ​ស្ថិត​នៅ​ទីណា?​» រៀបចំ​ធ្វើ​ឡើង​ដោយ​វិទ្យាស្ថាន​កិច្ចការបរទេស និង​សន្តិសុខ​ជាតិ IFANS នា​ឱកាស​ខួប​លើក​ទី​៧០ នៃ​ការ​រំដោះ​ឧបទ្វីប​កូរ៉េ​ចូលរួម​ដោយ​អ្នកការទូត និង​អ្នក​ជំនាញការ​បរទេស​ជា​ច្រើន​រូប លោក HWANG JOON KOOK ថ្លែង​ថា យើង​មាន​ចេតនា​ជួប​ជាមួយ​មន្ត្រី​កូរ៉េ​ខាងជើង​មួយ​រូប​ទទួលខុសត្រូវ​ខាង​បញ្ហា​នុយក្លេអ៊ែរ ទោះជា​នៅ​ពេល​ណា ឬ​កន្លែង​ណា​ក្តី ។ លោក​បន្ត​ថា តាម​រយៈ​ការ​ជួប​គ្នា​ទ្វេភាគី​បែប​នេះ កូរ៉េ​ទាំង​២​នឹង​អាច​ជម្នះ​រាល់​ការ​ខ្វែងគំនិត​គ្នា ដែល​ហាក់ដូចជា​ពុំ​អាច​កត់​បន្ថយ ហើយ​ស្វែងរក​ការ​ព្រមព្រៀង​គ្នា​បន្តិច​ម្តង​ៗ ។

ដោយ​សរសើរ​ចំពោះ​ការ​ប្រព្រឹត្ត​ទៅ​ដោយ​ល្អ​នៃ​ការ​ជួបជុំ​សាច់ញាតិ​គ្រួសារ​ដែល​ព្រាត់​គ្នា លោក HWANG សម្តែង​នូវ​ក្តី​សង្ឃឹមថានឹង​ឃើញ​ការ​អនុវត្ត​ដោយ​ល្អ​ប្រសើរ​ទៀត​នៃ​កិច្ចព្រមព្រៀង​អន្តរ​កូរ៉េ ថ្ងៃ​ទី​២៥ សីហា ដែល​រួមចំណែក​កែ​លម្អ​ទំនាក់ទំនង​អន្តរ​កូរ៉េ ហើយ​បង្កើត​បរិយាកាស​ឆ្ពោះទៅ​រំសាយ​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ ។

ប្រមុខ​អ្នក​ចរចា​សំណុំរឿង​នុយក្លេអ៊ែរ​រូប​នេះ​យល់​ថា វិធានការ​ដំបូង​ដែល​កូរ៉េ​ខាងជើង​ត្រូវ​ចាត់ គឺ​បញ្ឈប់​បណ្តា​សកម្មភាព​នុយក្លេអ៊ែរ​នៅ​ប្លុក YONGBYON ។ យើង​ស្នើ​ដល់​កូរ៉េ​ខាងជើង​បង្ហាញ​គំនិត​យ៉ាង​ប្រាកដប្រជា​មួយ​នៃ​សភាពការណ៍​ក្នុងស្រុក និង​ក្រៅ​ស្រុក ហើយ​ចាប់ផ្តើម​ពិភាក្សា និង​ចរចា​ដោយ​ស្មោះស្ម័គ្រ​ជាមួយ​បណ្តា​ប្រទេស​ជា​សមាជិក​ក្រុម​ចរចា​៦​ភាគី ៕