អ្នក​ដំណើរ​ជនជាតិ​ចិន៣​នាក់​ត្រូវ​បណ្ដេញ​ចុះ​ពី​លើ​យន្តហោះ​នៅ​សៀមរាប


អ្នក​ដំណើរ​ជនជាតិ​ចិន៣​នាក់​ត្រូវ​បណ្ដេញ​ចុះ​ពី​លើ​យន្តហោះ​នៅ​សៀមរាប

តាម​ការ​ចុះ​ផ្សាយ​លើ​សារព័ត៌មាន Shanghaiist របស់​ប្រទេស​ចិន​បាន​ឲ្យ​ដឹង​ថា ​អ្នក​ដំណើរ​ជនជាតិ​ចិន ៣​នាក់ ត្រូវ​បណ្ដេញ​ចុះ​ពី​ជើង​ហោះហើរ​មួយ​ក្នុង​ខេត្ត​សៀមរាប បន្ទាប់​ពី​មាន​ការ​ឈ្លោះ​ប្រកែក​គ្នា​បែក​ផ្សែង។

 

អ្នក​ដំណើរ​ជនជាតិ​ចិន៣​នាក់​ត្រូវ​បណ្ដេញ​ចុះ​ពី​លើ​យន្តហោះ​នៅ​សៀមរាប

 

តាម​ពិត​រឿង​នេះ​បាន​កើត​ឡើង​តាំង​ពី​យប់​ថ្ងៃ​ចន្ទ ប៉ុន្តែ​សារព័ត៌មាន​នានា​នៅ​ក្នុង​ប្រទេស​ចិន ទើប​ចុះ​ផ្សាយ​បន្ត​បន្ទាប់ ព្រោះ​បញ្ហា​នេះ​តែង​កើត​ឡើង​ញឹក​ញាប់​លើ​អ្នក​ដំណើរ​ជនជាតិ​ចិន។ បើ​តាម​ប្រភព​បាន​ឲ្យ​ដឹង​ថា អ្នក​ដំណើរ​ទាំង ៣​នាក់​កំពុង​ស្ថិត​លើ​ជើង​ហោះហើរ​មួយ​ក្នុង​ខេត្ត​សៀមរាប ត្រៀម​ឆ្ពោះ​ទៅ​ក្រុង Chengdu ខេត្ត​ស៊ីឈួន ប្រទេស​ចិន។

 

​​ជម្លោះ​បែក​ផ្សែង​បាន​កើត​ឡើង​មុន​ពេល​យន្តហោះ​រៀប​ចេញ​ដំណើរ បន្ទាប់​ពី​បុរស​វ័យ​ប្រមាណ ៦០​ឆ្នាំ​ម្នាក់​ខឹង​ស្ត្រី​ជា​ជនជាតិ​ចិន​ដូច​គ្នា ដែល​ព្យាយាម​ផ្អៀង​កៅអី​មក​ក្រោយ​ខ្លាំង​ពេក។ សកម្មភាព​នេះ​បាន​នាំ​ឲ្យ​មាន​ការ​ប៉ះ​ទង្គិច​ពាក្យ​សម្ដី​គ្នា រហូត​មាន​សាច់​ញាតិ​ផ្សេង​ទៀត​ចូល​រួម។

 

ភាគី​ទាំង​ពីរ​មិន​បាន​ស្ដាប់​តាម​ការ​សម្រប​សម្រួល​របស់​​ក្រុម​ការងារ​លើ​យន្តហោះ អ្នក​នាំ​ភ្ញៀវ​ទេសចរណ៍ ព្រម​ទាំង​អ្នក​ដំណើរ​ផ្សេង​ទៀត​ឡើយ។ ដោយសារ​ស្ថានភាព​កាន់​តែ​តឹង​តែង និង​ឈាន​ទៅ​រក​អំពើ​ហិង្សា ទើប​អាកាសយានិក​ជា​ជន​ជាតិ​បារាំង​បាន​ហៅ​មន្ត្រី​អន្តោប្រវេសន៍ ឲ្យ​​ជម្លៀស​គូ​ជម្លោះ​ទាំង​ពីរ ព្រម​ទាំង​ប្រពន្ធ​របស់​បុរស​ចំណាស់​ចេញ​ពី​យន្តហោះ។

 

ដោយសារ​ការ​បំពាន​លើ​សុវត្ថិភាព​ហោះហើរ​របស់​គូ​ជម្លោះ​ទាំង​ពីរ ធ្វើ​ឲ្យ​ជើង​ហោះ​ហើរ​ពី​ខេត្ត​សៀមរាប​នេះ​ពន្យារ​ពេល​រហូត​ដល់​ទៅ​មួយ​ម៉ោង។ ពួក​គេ​ទាំង​បី​នាក់ ត្រូវ​អនុញ្ញាត​ឲ្យ​ធ្វើ​ដំណើរ​ត្រលប់​ទៅ​កាន់​ប្រទេស​ចិន​វិញ តាម​ជើង​ហោះហើរ​ពីរ​ផ្សេង​គ្នា៕

 

ប្រែ​សម្រួល៖ គង់ វិសាល
ប្រភព៖ Shanghaiist