លោក កឹម សុខាថា​ការអនុវត្តតាមស្មារតីនៃ​កិច្ចព្រមព្រៀង​សន្តិភាពក្រុងប៉ារីស​នៅមានចំណុចខ្វះខាត

រាជធានីភ្នំពេញ​ ៖ ប្រធានស្តីទី​គណបក្សសង្គ្រោះជាតិ ​លោក កឹម សុខា ​បានសរសេរនៅ​លើបណ្តាញទំនាក់​ទំនងសង្គម(Facebook) Page​ ផ្លូវការរបស់លោក បង្ហោះនៅ​រសៀល​ថ្ងៃទី២៣ តុលា​ ២០១៥នេះ​មានខ្លឹមសារទំាងស្រុងថា ​"យើងទាំងអស់គ្នា​ជួបជុំគ្នាថ្ងៃនេះគឺ៖
១.យើងឲ្យតម្លៃលើ​ស្មារតីនៃកិច្ចព្រមព្រៀង​សន្ដិភាពទីក្រុងប៉ារីស​ ២៣ តុលា ១៩៩១
២.គោរពដល់វិញ្ញាញក្ខន្ធ ​អ្នកតស៊ូ​ ដែលបានពលីជីវិត​ដើម្បីបុព្វហេតុជាតិ
៣.យើងអរគុណ​ និងកោតសរសេរ​ចំពោះអ្នកនយោបាយខ្មែរគ្រប់ភាគី​ ដែលបានសម្រេចចិត្ត​បោះបង់សង្គ្រាម ​ចាប់យកការចរចារ ​ឈានដល់​ការព្រមព្រៀង និង
៤.យើងចង់​ឲ្យខ្មែរគ្រប់និន្នាការចងចាំថា ​បើគ្មានកិច្ចព្រមព្រៀង ​២៣ តុលា​ ១៩៩១នោះទេ ខ្មែរយើង៖
-នៅតែធ្វើ​សង្គ្រាមបង្ហូរ​ឈាមខ្មែរគ្នាឯង
-នៅតែស្ថិត​ក្រោមនឹមត្រួតត្រា​ និងការឈ្លានពាន​ របស់បរទេស
-នៅតែមិនទទួលស្គាល់​ នូវលទ្ធិប្រជាធិបតេយ្យ ​សិទ្ធិ សេរីភាព
-នៅតែមិនទទួលបាន​ នូវជំនួយហិរញ្ញវត្ថុ​ និងបច្ចេកទេស​ ពីប្រទេសជាមិត្ត​ និងអង្គការសហប្រជាជាតិ ​ដើម្បីអភិវឌ្ឍប្រទេស​ និងក៏គ្មានអ្នកវិនិយោគទុន មកវិនិយោគ​ផងដែរ។ល។ ​ក៏ប៉ុន្ដែជាទូទៅ​ ​តាមការសង្កេតឃើញថា​​ នៅមានចំណុចមួយចំនួនក្នុងស្មារតី​ ​នៃកិច្ចព្រមព្រៀងនេះ​ ​នៅមានការខ្វះខាត ​​ ក្នុងការអនុវត្តន៍នៅឡើយ។​ ឧទាហរណ៍ដូចជា៖ ​ការរៀប​ចំគ្រឹះប្រព័ន្ធប្រជាធិបតេយ្យ​ ការបោះឆ្នោត ​​មិនទាន់មានលក្ខណៈសេរី ​ត្រឹមត្រូវ និង​យុត្ដិធម៌ មិនទាន់មាន​តុល្យភាពអំណាច​ តុលាការ​​មិន​ឯករាជ្យ ​ការរំលោភសិទ្ធិ ​សេរីភាព របស់ប្រជាពលរដ្ឋ ​នៅតែស្ថិតក្នុងការតាមដាន​រិះគន់​ពីមជ្ឈដ្ឋានជាតិ និងអន្ដរជាតិដដែល។ល។

ដូច្នេះខ្ញុំ ​យល់ឃើញថា​ ដើម្បីកុំឲ្យសង្គ្រាមបង្ហូរ​ឈាមខ្មែរតទៅទៀត​ កុំឲ្យបរទេសឆ្លៀតឱកាស​ឈ្លានពានខ្មែរបានទៀត ​កុំឲ្យរបបកុម្មុយនីស្ដ​ផ្ដាច់ការគ្រប់គ្រងខ្មែរទៀត និងជាពិសេស ​ ដើម្បីឲ្យខ្មែរ​ចាកផុតពីទុក្ខវេទនា ក្រីក្រ ​អយុត្ដិធម៌ ​ឈឺចាប់តទៅទៀត ​អ្នកនយោបាយខ្មែរទាំងអស់ ​មិនត្រូវបោះបង់ នូវស្មារតីនៃកិច្ចព្រមព្រៀង​សន្ដិភាព​​ទីក្រុងប៉ារីសនោះទេ។
“ខ្មែរ ​ត្រូវឈប់ដង្ហើយ​រកសង្គ្រាមទៀតទៅ”
“ខ្មែរ ​ត្រូវឈប់ហៅ​បរទេសមកសម្លាប់ខ្មែរទៀត”
“ខ្មែរ ត្រូវរួបរួមគ្នាស្វែង​រកឯកភាពជាតិ ​ដែលជាគ្រឹះនៃស្ថិរភាព​ សន្ដិភាព ​និងការអភិវឌ្ឍន៍ ដើម្បីសេចក្ដីសុខ​ ចម្រើន ​សម្រាប់ប្រទេសជាតិ និងប្រជាពលរដ្ឋខ្មែរទាំងអស់គ្នា“
-------
ខួបលើកទី២៤​ នៃកិច្ចព្រមព្រៀងសន្ដិភាពទី​ក្រុងប៉ារីស ​ ដែលបានប្រារព្ធនៅទីស្នាក់ការ​គណបក្សសង្គ្រោះជាតិ​ខេត្តកំពង់ស្ពឺ ​នាព្រឹកថ្ងៃសុក្រ ទី២៣ ខែតុលា ឆ្នាំ២០១៥"៕