សម្តេចតេជោ​ ហ៊ុន សែន​ នឹងអញ្ជើញ​ចាកចេញពីកម្ពុជា​ទៅទស្សនកិច្ចផ្លូវ​ការនៅបារំាង​នៅម៉ោង៧យប់ស្អែក

រាជធានីភ្នំពេញ ៖​ បើគ្មានអ្វីប្រែប្រួលនោះទេ ​តាមការអញ្ជើញរបស់​លោកហ្វ្រង់ស្វ័រ ហូឡង់ ​ប្រធានាធិបតីនៃ​សាធារណរដ្ឋបារំាង ​សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន និង ​គណៈប្រតិភូជាន់ខ្ពស់អមដំណើរ ​នឹងអញ្ជើញ​ចាកចេញពីប្រទេសកម្ពុជា​​ទៅ​បំពេញទស្សនកិច្ចផ្លូវការ​នៅសាធារណរដ្ឋបារំាង​ នៅម៉ោង៧យប់ថ្ងៃទី២៤ តុលា ២០១៥ ។​

បើតាមសេចក្តីជូន​ព័ត៌មានរបស់​ក្រសួងការបរទេស​និងសហប្រតិបត្តិការអន្តរជាតិ​របស់ប្រទេសកម្ពុជា​បានឲ្យដឹងថា ​ក្នុងដំណើរទស្សនកិច្ចពីថ្ងៃទី២៥ ​ដល់ថ្ងៃទី២៧ តុលា សម្តេចតេជោ​នាយករដ្ឋមន្រ្តីនឹងជួបចរចា​ជាផ្លូវការជាមួយលោក​ប្រធានាធិបតីបារំាង ​ហ្វ្រង់ស្វ័រ ហូឡង់​ និងជួបជាមួយលោក​ ឡូរ៉ង់ ហ្វាប៊ីយូស​ រដ្ឋមន្រ្តីការបរទេស​និង​ការ​អភិវឌ្ឍអន្តរជាតិបារំាង​ និងអញ្ជើញធ្វើជា​អធិបតីក្នុងពិធីចុះហត្ថលេខា​លើឯកសារមួយចំនួន​ដូចខាងក្រោម ៖

០១-អនុសញ្ញាស្តីពី​បត្យាប័នរវាង​រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃ​សាធារណរដ្ឋបារំាង។

០២-កិច្ចព្រមព្រៀង​ ស្តីពីការអនុវត្តគម្រោង​ផ្គត់ផ្គង់ទឹកស្អាត​នៅខេត្តសៀមរាប ។

០៣-កិច្ចព្រមព្រៀង​ ស្តីពីការសាងសង់​សាលាបណ្តុះបណ្តាលជាតិ​ជំនាញទេសចរណ៍​និងឧស្សាហកម្ម​សណ្ឋាគារនៅភ្នំពេញ និងខេត្តព្រះសីហនុ ។

០៤-កិច្ចព្រមព្រៀង ​ស្តីពីការតភ្ជាប់​និងចែកចាយបណ្តាញ​អគ្គិសនីថ្មីនៅ​ខេត្តកំពង់ចាម​ ក្រចេះ​ និងខេត្តកោះកុង ។

០៥-កិច្ចព្រមព្រៀង ​ស្តីពី​ការប្តូរបញ្ញើវត្ថុ​សិល្បៈ ។

០៦-កិច្ចព្រមព្រៀង​ ស្តីពីកម្មវិធីអភិវឌ្ឍន៍​វិស័យអប់រំ ​បណ្តុះបណ្តាលបច្ចេកទេស ​និងវិជ្ជាជីវៈ ។

សេចក្តីជូនព័ត៌មាន​ដដែលបានឲ្យដឹងទៀតថា​ ក្នុងដំណើរទស្សនកិច្ចផ្លូវការ​នៅក្នុងប្រទេសបារំាងនេះដែរ ​សម្តេចតេជោ ហ៊ុន សែន​ នឹងជួបសំណេះ​សំណាល​ជាមួយ​និស្សិត​ និងជនរួមជាតិកម្ពុជា​ពីគ្រប់ទីកន្លែងក្នុង​ប្រទេសបារំាង​នៅទីក្រុងប៉ារីសផងដែរ ៕