បញ្ញា សិទ្ធ ត្រៀម​ដឹក​ដៃ​ស្រី​ស្អាត ប៊េនី យ៉ាំ​ង ទៅ​អូស្ត្រាលី​

Sanofi

ថ្វីត្បិតតែ​ធ្លាប់​បរាជ័យ​ក្នុងការ​រត់ការ​ចេញទៅ​សម្តែង​នៅ​សហរដ្ឋ​អា​មេ​រិ​ក​ជាច្រើន លើក​ច្រើនសារ​ក្តី តែ​មិន​បានធ្វើ​ឲ្យ​បុរស​រូប​សង្ហារ បញ្ញា សិទ្ធ អស់សង្ឃឹម​នោះទេ លោក​នៅតែ​បន្ត​រត់ការ​ដើម្បី​ចេញទៅ​សម្តែង​នៅ​ទីនោះ​ជា​បន្តទៀត ។


ទោះបីជា ពេលនេះ បញ្ញា សិទ្ធ ពុំទាន់​ទទួលបាន​ទិ​ដ្ឋ​ការ​ចេញទៅ​សម្តែង​នៅ​អា​មេរិ​ក​ក្តី តែ​ពេលនេះ លោក​ទទួលបាន​ទិ​ដ្ឋ​ការ​ចេញទៅ​សម្តែង​នៅ​ប្រទេស​អូស្ត្រាលី ជាមួយ​ស្រី​ស្អាត ប៊េ​នី យុាំ​ង បើតាម​គម្រោង​អ្នក​ទាំងពីរ​ត្រៀម​ដឹក​ដៃ​គ្នា ចេញទៅ​ថ្ងៃទី​២៧​ខែតុលា​ឆ្នាំ ២០១៥ នា​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ ។​ពេលទៅដល់​ប្រទេស​នេះ ភ្លាម​អ្នក​ទាំងពីរ​ត្រៀម​នឹង​ចេញ​សម្តែង​នៅ​ថ្ងៃទី​៣១​ខែតុលា ឆ្នាំ​២០១៥​ភ្លាមៗ​ដែរ។

បញ្ញា សិទ្ធ ពិតជា​រីករាយ​ខ្លាំងណាស់ នៅពេលដែល​ទទួលបាន​ទិ​ដ្ឋ​ការ​ចេញទៅ​សម្តែង​នៅ​ប្រទេស​អូស្ត្រាលី លោក​បាន​ត្រៀមខ្លួន​រួចជាស្រេច​ដើម្បី​សម្តែង​ជូន​បង ប្អូន​ទស្សនិកជន​ខ្មែរ​នៅ​ប្រទេស​អូស្ត្រាលី ទស្សនា​និង​រាំលេង​កំសាន្ត ។ ដោយសារតែ គម្រោង​ចេញទៅ​សម្តែង​នៅ​ប្រទេស អូស្ត្រាលី បានធ្វើ​ឲ្យ​បុរស​រូប​សង្ហារ បញ្ញា សិទ្ធ ផ្អាក​មិន​ថត​រឿង​មួយចំនួន ពីព្រោះ​ពុំមាន​ពេលវេលា​គ្រប់គ្រាន់ តែ​ភាគច្រើន​គឺ​លោក ថត​ខារ៉ាអូខេ​ឲ្យ​ផលិតកម្ម សាន់​ដេ ។

​បញ្ញា សិទ្ធ បាន​ឲ្យ​ដឹងថា នេះ​ជា​លើកទីមួយ​ហើយ ដែល​លោក​ចេញទៅ​សម្តែង នៅ​ប្រទេស​អូស្ត្រាលី លោក​សង្ឃឹមថា ការសម្តែង​នៅ​ទីនោះ​នឹង​ទទួលបាន​ការគាំទ្រ​ច្រើន​ពី​សំណាក់​ទស្សនិកជន​។ ត្រឹមតែ​ប៉ុន្មាន​ថ្ងៃ​នៃ​ការប្រកាស​លក់​សំបុត្រ​ចូលរួម​រាំលេង កំសាន្ត​ជាមួយ​សិល្បករ សិល្បការី​នី​ខ្មែរ​ទៅ​ពី​ប្រទេស​កម្ពុជា សំបុត្រ​ចំនួន​បួន​ពាន់​សន្លឹក​ត្រូវ បាន​កក់​អស់ ដូច្នេះ​បង្ហាញ​ឲ្យ​ឃើញថា បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ទីនោះ ពិតជា ស្រលាញ់​គាំទ្រ​អ្នកសិល្បៈ​ខ្មែរ​យើង​ខ្លាំងណាស់ ។​
​បញ្ញា សិទ្ធ បាន​បន្តទៀតថា លោក​ត្រូវ​ចេញទៅ​សម្តែង​ជាមួយ ប៊េ​នី យ៉ាំ​ង ម៉ា​រ៉ានី និង​ពិធីករ​នៅ CTN បើតាម​គម្រោង លោក​ត្រូវ​សម្តែង​នៅ​ទីនោះ រយៈពេល​មួយខែ លោក​ត្រូវ​ត្រឡប់មកវិញ តាម​ពេលវេលា​ដែល​បាន​កំណត់ទុក​។ ពីព្រោះ​លោក​បាន​ចុះ កុងត្រា​ថត​រឿង​ឲ្យ​ទូរទស្សន៍ CTN ផង និង​ត្រូវ​ចូល​ច្រៀង​នៅក្នុង​ផលិតកម្ម​ថ្មី​មួយទៀត ។​

​ដោយឡែក​សម្រាប់ ស្រី​ស្អាត ប៊េនី យុាំ​ង វិញ ក៏បាន​ត្រៀមខ្លួន​រួចជាស្រេច​ដើម្បី​ចេញទៅ​សម្តែង ជូន​បងប្អូន​ទស្សនិកជន បាន​ទស្សនា ថ្វីត្បិតតែ​នាង​មិនមែនជា​តារាចម្រៀង​អាជីព​ដែល មានឈ្មោះ​ល្បីល្បាញ តែ​នាង​បាន​ព្យាយាម​ហ្វឹ​ត​ហាត់​បទ​ចម្រៀង​និង​ការសម្តែង​ជា ច្រើន​ដើម្បី​សម្តែង​ជូន​បងប្អូន​ខ្មែរ​នៅ​ទីនោះ ទស្សនា ។

​ទស្សនិកជន​ជាច្រើន​នៅក្នុង​ប្រទេស​អូស្ត្រាលី កំពុង​រងចាំ​វត្តមាន​ស្រី​ស្អាត ប៊េ​នី យ៉ាំ​ង គ្រប់ៗ​គ្នា ពីព្រោះ​ពួកគាត់​ធ្លាប់តែ​ឃើញ​សម្រស់​នាង​តាម​កញ្ចក់​ទូរទស្សន៍ ក៏ដូចជា​នៅតាម​ទស្សនា​វ​ដ្តី ដល់ពេល​ជួប​ផ្ទាល់ តើ​ស្រស់ស្អាត​យ៉ាងណាដែរ​? ។

​ជា​ចុងក្រោយ បញ្ញា សិទ្ធ បាន​បន្ថែមថា នៅក្នុង​ខែមីនា ឆ្នាំ​២០១៦ លោក​ត្រៀម​ឯកសារ ចូល​ទូត​អាមេរិក​សារជាថ្មី​ដើម្បី​សុំ​ទិដ្ឋាការ​ចេញទៅ​សម្តែង​នៅ​សហរដ្ឋ​អា​មេ​រិ​ក ប៉ុន្តែ​លទ្ធផល​យ៉ាងណា​នោះ លោក​នៅ​ពុំទាន់​ដឹង​នៅឡើយ​ទេ ។ អា​លី​ណា

​      

Related