ពលរដ្ឋ​នៅ​ស្ទឹងត្រែង​ចោទ​សន្តិសុខ​យាម​ក្រុមហ៊ុន អាន ម៉ារឌី បាញ់​គំរាម​អ្នក​ភូមិ

ពលរដ្ឋ​រស់​នៅ​ឃុំ​ស្រែគរ ស្រុក​សេសាន ខែត្រ​ស្ទឹងត្រែង ចោទ​សន្តិសុខ​យាម​ឲ្យ​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច អាន ម៉ារឌី ថា​ប្រើ​អាវុធ​បាញ់​គំរាម​អ្នក​ភូមិ។

ការ​ចោទ​ប្រកាន់​នេះ កើត​ឡើង​ស្រប​ពេល​ដែល​អ្នក​ភូមិ​ចំនួន ៤​នាក់ សុំ​ការ​អនុញ្ញាត​ពី​មេការ​ក្រុមហ៊ុន ដើម្បី​អារ​រលំ​ឈើ​ធ្វើ​សសរ​ផ្ទះ​នៅ​បរិវេណ​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន អាន ម៉ារឌី តែ​ត្រូវ​បាន​សន្តិសុខ​ក្រុមហ៊ុន​យក​អាវុធ​ខ្លី​បាញ់​គំរាម​ពួកគាត់។ ចំណែក​មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស​ចាត់​ទុក​ការ​គំរាម​បាញ់​សម្លាប់​នេះ ថា​ជា​ទង្វើ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ។

អ្នក​ភូមិ​ស្រែគរ នៅ​ថ្ងៃ​ទី​២៣ ខែ​តុលា អំពាវនាវ​ឲ្យ​រដ្ឋាភិបាល ឬ​មន្ត្រី​អង្គការ​មិនមែន​រដ្ឋាភិបាល​ចុះ​ស៊ើប​អង្កេត​ករណី​គំរាម​សម្លាប់​ដោយ​សន្តិសុខ​យាម​ឲ្យ​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច អាន ម៉ារឌី។ ការ​អំពាវនាវ​នេះ​ធ្វើ​ឡើង ស្រប​ពេល​អ្នក​ភូមិ​ចំនួន ៤​នាក់ រង​ការ​គំរាម​កាល​ពី​រសៀល​ថ្ងៃ​ទី​២០ ខែ​តុលា នៅ​ពេល​ពួកគាត់​នាំ​គោយន្ត​កន្ត្រៃ​មួយ​គ្រឿង ម៉ាស៊ីន​អារ​ឈើ​ស្វ័យប្រវត្តិ ១​គ្រឿង ចូល​ព្រៃ​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន អាន ម៉ារឌី ឋិត​នៅ​ទល់​មុខ​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច ស៊ីវ ហ្គិច មាន​ចម្ងាយ ៧​គីឡូម៉ែត្រ​ពី​ភូមិ​ស្រែគរ។

តំណាង​ពលរដ្ឋ​លោក ម៉ាក អ៊ុក រៀបរាប់​ថា អ្នក​ភូមិ​ចំនួន ៤​នាក់ សុំ​ការ​អនុញ្ញាត​ពី​មេការ​ក្រុមហ៊ុន​ដើម្បី​សុំ​អារ​ឈើ​ធ្វើ​សរសេរ​ផ្ទះ​ក្នុង​បរិវេណ​ដី​ក្រុមហ៊ុន ស្រាប់តែ​សន្តិសុខ​ក្រុមហ៊ុន​ចំនួន ៤​នាក់ ប្រដាប់​ដោយ​កាំភ្លើង​អាកា​ស្វ័យបត់​មួយ​ដើម និង​កាំភ្លើង​ខ្លី​ចំនួន​មួយ​ដើម​គំរាម​ទារ​ប្រាក់​ពួកគាត់​ចំនួន ២០​ម៉ឺន​រៀល​ដើម្បី​ជា​ថ្នូរ​នៃ​ការ​ដោះលែង។

លោក​បន្ត​ថា សន្តិសុខ​ក្រុមហ៊ុន​ម្នាក់​ក្នុង​ចំណោម ៤​នាក់ បាន​ស្ទុះ​វាយ​លោក និង​យក​កាំភ្លើង​ខ្លី​បាញ់​បញ្ឆិត​ក្បាល ព្រម​ទាំង​ប្រើ​ពាក្យ​ជេរ​ប្រមាថ​គម្រក់​គំរើយ បន្ទាប់​ពី​ពួកគេ​ពុំ​មាន​ប្រាក់​សម្រាប់​បង់​ឲ្យ​ពួកគេ៖ «ខ្ញុំ​អង្គុយ​នៅ​ក្រឡេថង ដល់​ពេល​គេ​ដើរ​មក​ដល់​ខ្ញុំ ទះ​ខ្ញុំ​មួយ​ដៃ​ផាំង។ ខ្ញុំ​កាន់​ពូថៅ​ជាប់ ដោយ​ខ្ញុំ​ខ្លាច​មក​ទះ​ខ្ញុំ​ទៀត។ រក​បាញ់​ខ្ញុំ។ ខ្ញុំ​ក៏​ដើរ​ចេញ គេ​ក៏​បាញ់​មុខ​ខ្ញុំ។ ខ្ញុំ​ក៏​ដើរ​ចេញ ហើយ​គេ​ដក​ហូត​យក​ម៉ាស៊ីន​ត្រង់ស៊ីន័រ​យក​ទៅ​មួយ»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​មេការ​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច ក្រុមហ៊ុន អាន ម៉ារឌី លោក ស្រី ដើម្បី​សុំ​ការ​បំភ្លឺ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​២៣ ខែ​តុលា ដោយ​ទូរស័ព្ទ​ពុំ​អាច​ទាក់ទង​បាន។

ទាក់ទង​ករណី​នេះ​ដែរ មេ​ឃុំ​ស្រែគរ លោក សៀក មេគង្គ ទទួល​ស្គាល់​ថា ការ​ចូល​ព្រៃ​កាប់​ឈើ​របស់​អ្នក​ភូមិ​ថា ជា​ករណី​ខុស​ច្បាប់​ក្តី។ ប៉ុន្តែ​លោក​កត់សម្គាល់​ថា ក្រុមហ៊ុន អាន ម៉ារឌី ពុំ​ឃើញ​មាន​ដាំ​ដំណាំ​អ្វី​ជា​ដុំកំភួន​ឡើយ បើ​ក្រៅ​ពី​មាន​រោង​អារ​ច្រៀក​ឈើ​ក្នុង​បរិវេណ​ក្រុមហ៊ុន​ជា​ច្រើន​ឆ្នាំ​កន្លង​មក។

លោក​ចាត់​ទុក​ថា ករណី​យក​អាវុធ​បាញ់​គំរាម​អ្នក​ភូមិ​ថា ជា​ទង្វើ​ល្មើសច្បាប់ ដូច្នេះ​អាជ្ញាធរ​ឃុំ​នឹង​ធ្វើ​របាយការណ៍​ដាក់​ជូន​អភិបាល​ស្រុក​ដើម្បី​ស៊ើប​អង្កេត​ករណី​នេះ៖ «ក្រសួង​ដែល​ផ្ដល់​អាជ្ញាប័ណ្ណ ថ្នាក់​ស្រុក ថ្នាក់​ខែត្រ​ក៏ដោយ ដែល​គ្រប់គ្រង​ក្រុមហ៊ុន​ហ្នឹង សូម​ឲ្យ​ពិនិត្យ​ក្រុមហ៊ុន​ហ្នឹង​ផង។ ចេះ​តែ​ធ្វើ​ផ្គរ​ធ្វើ​ភ្លៀង ជំរិត​ទារ​ប្រាក់​គេ វា​ខុស​ច្បាប់​ទាំង​ស្រុង​ហើយ»

អ្នក​ភូមិ​ស្រែគរ អះអាង​ថា សន្តិសុខ​ក្រុមហ៊ុន អាន ម៉ារឌី តែងតែ​ធ្វើទុក្ខបុកម្នេញ​ពលរដ្ឋ​ពេល​ប្រមូល​អនុផល​ព្រៃឈើ ឬ​អារ​ឈើ​ធ្វើ​លំនៅឋាន​ដោយ​ជំរិត​ទារ​ប្រាក់​ចាប់​ពី ២០​ម៉ឺន​រៀល ទៅ ២០០​ដុល្លារ ដើម្បី​ជា​ថ្នូរ​នៃ​ការ​ដោះលែង និង​ព្រមាន​រឹប​អូស​គោយន្ត និង​សម្ភារៈ​ទៅ​រដ្ឋបាល​ព្រៃឈើ ប្រសិន​ពុំ​មាន​ប្រាក់​បង់​ឲ្យ​ពួកគេ។

ករណី​នេះ​ដែរ មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​សមាគម​អាដហុក (ADHOC) ខែត្រ​ស្ទឹងត្រែង លោក ហូ សំអុល ចាត់​ទុក​ការ​បាញ់​គំរាម​សម្លាប់​អ្នក​ភូមិ​ថា ជា​ទង្វើ​ល្មើសច្បាប់​មាន​ស្ថាន​ទម្ងន់​ទោស និង​ជា​ករណី​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ។

លោក​ថា សមាគម​អាដហុក នឹង​ស៊ើប​អង្កេត​ករណី​នេះ​នឹង​សរសេរ​លិខិត​អន្តរាគមន៍​ទៅ​តំណាង​អយ្យការ និង​អាជ្ញាធរ​ពាក់ព័ន្ធ ដើម្បី​ស៊ើប​អង្កេត​ពី​ហេតុផល​ទាក់ទង​ករណី​នេះ។ លោក​បារម្ភ​ថា ប្រសិនបើ​ករណី​នេះ​មិន​ត្រូវ​បាន​អនុវត្ត​ច្បាប់​នោះ​ទេ អាច​ក្លាយ​ជា​ទម្លាប់​អាក្រក់​ដែល​ជះឥទ្ធិពល​អវិជ្ជមាន​ធ្ងន់ធ្ងរ​ដល់​ស្មារតី​ប្រជាពលរដ្ឋ៖ «បើ​គាត់​ជា​ប៉ូលិស គឺ​គាត់​ខុស​ហើយ បើ​គាត់​ជា​ទាហាន​ទៀត គាត់​ជា​ពលរដ្ឋ​សាមញ្ញ​ដែរ ប្រើ​អាវុធ វា​ខុស​ទៅ​នឹង​ច្បាប់។ ពលរដ្ឋ​គាត់​ខុស​ក៏ដោយ យើង​មាន​នីតិវិធី​តាម​ផ្លូវ​ច្បាប់។ ឧទាហរណ៍​ថា គាត់​សុំ​ចូល​កាប់​ឈើ យើង​មាន​នីតិវិធី​និយាយ»

សមាគម​អាដហុក កត់សម្គាល់​ថា គិត​ត្រឹម​ខែ​តុលា ឆ្នាំ​២០១៥ នេះ ករណី​គំរាម​សម្លាប់​ដោយ​សន្តិសុខ​ក្រុមហ៊ុន អាន ម៉ារឌី មាន​ចំនួន ៤​ករណី។ កាល​ពី​ឆ្នាំ​២០១៤ សន្តិសុខ​យាម​ឲ្យ​ក្រុមហ៊ុន អាន ម៉ារឌី បាន​ជំរិត​ទារ​ប្រាក់ និង​យក​កាំភ្លើង​គំរាម​សម្លាប់​អ្នក​ភូមិ​ដើម្បី​ជា​ថ្នូរ​នៃ​ការ​ដោះលែង​នៅ​ពេល​ដែល​ប្រជាពលរដ្ឋ​លួច​ចូល​ព្រៃ​កាប់​ឈើ​ក្នុង​ព្រៃ​បរិវេណ​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។