អាមេរិក​មិន​ឆ្លើយ​តប​នឹង​ការ​រិះគន់​របស់​លោក ហ៊ុន សែន រឿង​គ្រប់គ្រង​អាវុធ

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​រិះគន់​សហរដ្ឋអាមេរិក​ថា បរាជ័យ​ក្នុង​ការ​គ្រប់គ្រង​អាវុធ​ក្នុង​ប្រទេស​របស់​ខ្លួន ដែល​បណ្ដាល​ឲ្យ​មាន​ការ​បាញ់​ប្រហារ​តាម​ទី​សាធារណៈ​សម្លាប់​ពលរដ្ឋ​ជា​បន្តបន្ទាប់។ យ៉ាង​ណា​ស្ថានទូត​សហរដ្ឋអាមេរិក ប្រចាំ​កម្ពុជា មិន​ឆ្លើយ​តប​ចំពោះ​ការ​លើក​ឡើង​របស់​លោក ហ៊ុន សែន នៅ​ពេល​នេះ​ឡើយ។

វា​មិនមែន​ជា​រឿង​ថ្មី​ទេ ដែល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន រិះគន់​ទៅ​លើ​សហរដ្ឋអាមេរិក។ ក្នុង​ពេល​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ស្ពាន​ជ្រោយចង្វារ​ទី​២ ដែល​ជា​ជំនួយ​របស់​ប្រទេស​ចិន កាល​ពី​ថ្ងៃ​ទី​២២ ខែ​តុលា លោក ហ៊ុន សែន ថ្លែង​ថា ប្រទេស​កម្ពុជា នៅ​មុន​ព្រឹត្តិការណ៍​រដ្ឋប្រហារ ឆ្នាំ​១៩៩៧ គឺ​មាន​អាវុធ​ច្រើន​ជាង​សហរដ្ឋអាមេរិក ទៅ​ទៀត។ លោក​ថា ការ​ប្រើប្រាស់​អាវុធ​មាន​ភាព​អនាធិបតេយ្យ​ស្ទើរ​គ្រប់​ទីកន្លែង រហូត​ដល់​មាន​អ្នក​ខ្លះ​ស្ពាយ​កាំភ្លើង ឬ​អាវុធ​បេ​៤០ ចូល​ហាង​ហូប​គុយទាវ​ក៏​មាន។

យ៉ាង​ណា​លោក​ថា ក្រោយ​ពី​លោក​បាន​ដាក់​ចេញ​នូវ​វិធានការ​គ្រប់គ្រង​អាវុធ​រួច​មក ការ​ប្រើប្រាស់​អាវុធ​អនាធិបតេយ្យ​បាន​ធ្លាក់​ចុះ ហើយ​អាវុធ​ជា​ច្រើន​ដើម​ក៏​ត្រូវ​បាន​រដ្ឋាភិបាល​កិន​កម្ទេច​ចោល។ នេះ​គឺ​ជា​ជោគជ័យ​ដែល​លោក ហ៊ុន សែន ថា សហរដ្ឋអាមេរិក​មិន​អាច​ធ្វើ​បាន​ដូច​កម្ពុជា នោះ​ទេ។

លោក ហ៊ុន សែន៖ «សហរដ្ឋអាមេរិក គឺ​ថ្នាក់​ដល់​ប្រធានាធិបតី​ឥឡូវ​ស្រក់​ទឹក​ភ្នែក​ហើយ ព្រោះ​ផ្ទះ​ណា​ក៏​មាន​កាំភ្លើង នរណា​ក៏​មាន​សិទ្ធិ​ទិញ​កាំភ្លើង ទីបំផុត​កាំភ្លើង​ហ្នឹង​បាញ់​ទៅ​តាម​សាលារៀន បាញ់​តាម​ហាង។ ប្រធានាធិបតី​ប្រឹង​ធ្វើ​ច្បាប់​ដើម្បី​គ្រប់គ្រង​អាវុធ កុំ​ឲ្យ​លក់​អាវុធ​ត​ទៅ​ទៀត គឺ​សភា​មិន​ព្រម​អនុម័ត ដូច្នេះ​នោះ​ហើយ​ជា​បញ្ហា»

លោក ហ៊ុន សែន បញ្ជាក់​បន្ថែម​ថា កម្ពុជា​ជោគជ័យ​ក្នុង​ការ​គ្រប់គ្រង​អាវុធ ដោយសារ​រដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​វិធានការ​រដ្ឋបាល និង​ការ​អប់រំ​ជាដើម។

គេ​នៅ​ចាំ​ថា កន្លង​មក​នៅ​ពេល​អតីត​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក ប្រចាំ​កម្ពុជា លោក វីល្លៀម ថត (William E. Todd) លើក​ឡើង​ពី​ការ​ផ្លាស់ប្ដូរ​នៅ​កម្ពុជា។ លោក ហ៊ុន សែន បាន​ថ្លែង​ឆ្លើយ​តប​ថា លោក​មិន​ត្រឹមតែ​យល់​អំពី​ការ​ផ្លាស់ប្ដូរ​នោះ​ទេ ប៉ុន្តែ​លោក​ថែម​ទាំង​អាច​ធ្វើ​ជា​គ្រូ​ប្រដៅ​ប្រធានាធិបតី​សហរដ្ឋអាមេរិក ពី​ការ​ផ្លាស់ប្ដូរ​ទៀត​ផង។ លោក​ថា បើ​លោក​មិន​យល់​ពី​ការ​ផ្លាស់ប្ដូរ​ទេ ម្ល៉េះ​លោក​មិន​អាច​កាន់​អំណាច​រហូត​ដល់ ៣០​ឆ្នាំ​បាន​ឡើយ។

​ចំពោះ​ការ​រិះគន់​របស់​លោក ហ៊ុន សែន ពី​អសមត្ថភាព​របស់​សហរដ្ឋអាមេរិក ក្នុង​គ្រប់គ្រង​អាវុធ​ពេល​នេះ មន្ត្រី​នាំ​ពាក្យ​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា លោក ជេ រ៉ាម៉ាន (Jay R. Raman) ឆ្លើយ​តប​តាម​សារ​អេឡិចត្រូនិក (email) នៅ​ថ្ងៃ​ទី​២៣ ខែ​តុលា ថា ស្ថានទូត​សហរដ្ឋអាមេរិក មិន​ធ្វើ​អត្ថាធិប្បាយ​ចំពោះ​ការ​លើក​ឡើង​របស់​លោក ហ៊ុន សែន នោះ​ទេ។

រដ្ឋធម្មនុញ្ញ​សហរដ្ឋអាមេរិក ដែល​ត្រូវ​បាន​គេ​តាក់តែង​ឡើង​តាំង​ពី​សហរដ្ឋអាមេរិក ទទួល​បាន​ឯករាជ្យ​នៅ​ឆ្នាំ​១៧៧៦ ចែង​ថា ពលរដ្ឋ​សហរដ្ឋអាមេរិក មាន​សិទ្ធិ​ក្នុង​ការ​រក្សា និង​កាន់កាប់​អាវុធ។ សិទ្ធិ​នេះ​ត្រូវ​បាន​រដ្ឋាភិបាល​សហរដ្ឋអាមេរិក គោរព​រហូត​មក​ទល់​សព្វថ្ងៃ។

ប្រធាន​អង្គការ​វេទិកា​អនាគត លោក អ៊ូ វីរៈ មាន​ប្រសាសន៍​ថា ការ​លើក​ឡើង​របស់​លោក ហ៊ុន សែន គឺ​ឆ្លុះ​បញ្ចាំង​ពី​ការពិត​នៅ​សហរដ្ឋអាមេរិក។ លោក​ថា សហរដ្ឋអាមេរិក​ពិត​ជា​បរាជ័យ​ក្នុង​រឿង​គ្រប់គ្រង​អាវុធ​នេះ​ប្រាកដ​មែន។ លោក អ៊ូ វីរៈ ថ្លែង​បន្ត​ថា ការ​បរាជ័យ​នេះ គឺ​ដោយសារ​សភា​សហរដ្ឋអាមេរិក ពិបាក​នឹង​រក​សំឡេង​គ្រប់គ្រាន់​ដើម្បី​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ និង​ដោយសារ​អ្នក​មាន​ដែល​រក​ស៊ី​ផលិត​អាវុធ​លូកដៃ​ចូល​ក្នុង​រឿង​នេះ។

លោក អ៊ូ វីរៈ៖ «រឿង​ប្រដាប់​អាវុធ​ក្លាយ​ទៅ​ជា​ឧបករណ៍​សម្លាប់​ជនជាតិ​អាមេរិក ច្រើន​មែន​ទែន ហើយ​នៅ​ក្នុង​តំបន់​ខ្លះ សហរដ្ឋអាមេរិក​មាន​គ្រោះថ្នាក់​ច្រើន​ជាង​ខ្មែរ​យើង។ នៅ​ស្រុក​ខ្មែរ​យើង ជា​ទូទៅ​ក្រៅ​ពី​រឿង​ចរាចរណ៍ តាម​ពិត​យើង​សុវត្ថិភាព​ជាង សុវត្ថិភាព​ពី​ចោរ​ប្លន់ សុវត្ថិភាព​ពី​ក្រុម​គ្រឿងញៀន សុវត្ថិភាព​ពី​ការ​សម្លាប់​គ្នា ដូចជា​ការ​សម្លាប់​នៅ​តាម​សាលា​អី​ហ្នឹង គឺ​កម្ពុជា មាន​សុវត្ថិភាព​ជាង»

លោក អ៊ូ វីរៈ យល់​ឃើញ​ថា ការ​លើក​ឡើង​របស់​លោក ហ៊ុន សែន ពេល​នេះ មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទំនាក់ទំនង​រវាង​កម្ពុជា-​សហរដ្ឋអាមេរិក នោះ​ទេ។ លោក​ថា កម្ពុជា និង​សហរដ្ឋអាមេរិក អាច​រិះគន់​គ្នា​ទៅ​វិញ​ទៅ​មក ឲ្យ​តែ​ការរិះគន់​នោះ​ត្រឹមត្រូវ។ យ៉ាង​ណា កន្លង​មក​គេ​សង្កេត​ឃើញ​ថា រដ្ឋាភិបាល​កម្ពុជា ពុំ​សូវ​ទទួល​យក​ការ​រិះគន់​ពី​សហរដ្ឋអាមេរិក និង​សហគមន៍​អន្តរជាតិ​ឡើយ ពិសេស​ការ​រិះគន់​ទាក់ទង​នឹង​ការ​រំលោភ​សិទ្ធិមនុស្ស​អំពើ​ពុករលួយ នីតិរដ្ឋ អំពើ​ហិង្សា ឬ​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​ជាដើម។ មួយ​វិញ​ទៀត របាយការណ៍​ជាច្រើន​របស់​អង្គការ​អន្តរជាតិ​ពាក់ព័ន្ធ​នឹង​រឿងរ៉ាវ​នៅ​កម្ពុជា ជា​ញឹកញយ ក៏​ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា ច្រើន​ចោល​ផង​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។