ចាប់ខ្លួន​៣​នាក់ ដកហូត​ថ្នាំ​ញៀន​១៣​កញ្ចប់​នៅ​ខេត្ត​ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ ៖ ជនសង្ស័យ​៣​នាក់​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​ព្រឹក​ថ្ងៃ​ទី​២៣ តុលា ២០១៥ នៅ​ចំណុច​គីឡូ​ចែក ស្ថិត​ក្នុងភូមិ​ទី​៣ ឃុំ​បំពាន់ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ដោយ​ដកហូត​បាន​ថ្នាំ​ញៀន​១៣​កញ្ចប់ ក្នុង​នោះ​មាន​ធំ​២​កញ្ចប់​ផង​ដែរ ។

ជនសង្ស័យ​ទាំង​៣​នាក់​ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​មាន ១-​ឈ្មោះ សា​រឿ​ន សុ​ជាតិ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ​, ២-​ឈ្មោះ ហ៊ុន សា​រឿ​ន ភេទ​ប្រុស អាយុ​៦៧​ឆ្នាំ និង​៣-​ឈ្មោះ យិ​ន ម៉ូ​លី​កា ភេទ​ស្រី អាយុ​២៣​ឆ្នាំ ។ ទាំង​៣​នាក់​រស់នៅ​ភូមិ​ទី​៣ ឃុំ​បំពាន់ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ។

លោក​វរសេនីយ៍ត្រី ហុង គឹ​ម​ហឿ​ន អធិការ​នគរបាល​ស្រុក​មេមត់ បានឱ្យ​ដឹង​ថា ក្រោយ​ពី​កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​ស្រុក​បាន​ស៊ើបអង្កេត​ដឹង​ថា នៅផ្ទះ​របស់​ឈ្មោះ សា​រឿ​ន សុ​ជាតិ ជា​មុខសញ្ញា​ចែកចាយ ជួញដូរ​ថ្នាំ​ញៀន​ដ៏​សកម្ម​នៅ​ក្នុង​ចំការ​កៅស៊ូ​ជា​ច្រើន​ខែ​មក​ហើយ ក៏​បាន​ប្រើ​វិធី​ញុះញង់​ទិញ​ថ្នាំ​ញៀន​ចំនួន​៤​កញ្ចប់ តម្លៃ​៤០​ដុល្លារ​នា​យប់​ថ្ងៃ​ទី​២២ តុលា ២០១៥ ស្រប​ពេល​ដែល​ប្រគល់​ទទួល​នោះ ក៏​ត្រូវ​បាន​ឃាត់ខ្លួន​តែ​ម្តង ។ លុះ​ព្រឹក​ឡើង ថ្ងៃ​ទី​២៣ តុលា រូប​លោក​បាន​សុំ​គោលការណ៍​ពី​លោក ហៀ​ង សុ​ភក្ត្រ ព្រះរាជអាជ្ញា​អម​សាលាដំបូង ដើម្បី​សុំ​ឆែកឆេរ​លំនៅ​ឋាន ។ ក្នុង​ពេល​ដែល​ឆែកឆេរ កម្លាំង​សមត្ថកិច្ច​បាន​រក​ឃើញ​ថ្នាំ​ញៀន​៧​កញ្ចប់​លាក់​នៅ​ពីក្រោម​កន្ទេល ចំណែក​២​កញ្ចប់​ទៀត​ត្រូវ​បាន​ម្ចាស់ផ្ទះ​បោះចោល​តាម​បង្អួច​មក​ខាងក្រៅ​ផ្ទះ​ដើម្បី​បំបាត់ភស្តុតាង តែ​ទោះជា​បែប​នេះ​ក្តី​សមត្ថកិច្ច​បាន​រក​ឃើញ ។ ព្រមទាំង​បាន​ឃាត់​មនុស្ស​២​នាក់​ទៀត​ក្នុង​នោះ ១-​ឈ្មោះ ហ៊ុន សា​រឿ​ន និង​២-​ឈ្មោះ យិ​ន ម៉ូ​លី​កា បញ្ជូន​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​មេមត់​ដើម្បី​សួរនាំ​រក​មេ​ខ្លោង​​ដែល​នៅ​ពីក្រោយ​ខ្នង​នោះ ។

លោក​វរសេនីយ៍ត្រី ហុង គឹ​ម​ហឿ​ន បញ្ជាក់​ថា វត្ថុ​តាង​ថ្នាំ​ញៀន​ដែល​ដកហូត​បាន​សរុប​ទាំងអស់​១៣​កញ្ចប់ ហើយ​រូប​លោក​នឹង​បន្ត​ស្រាវជ្រាវ​តាម​ចាប់​បក្ខពួក​មួយ​ចំនួន​ទៀត​យក​មក​ផ្ត​ន្ទ​ទោស​តាម​ច្បាប់ ហើយ​កន្លង​ទៅ​ថ្មី​ៗ​នេះ​រូប​លោក​ក៏​បាន​តាម​ចាប់​មេខ្លោង​ជួញដូរ​គ្រឿងញៀន​ដល់​ខេត្តក្រចេះ  ថែម​ទាំង​ដកហូត​បាន​ថ្នាំ​ញៀន​ជា​ច្រើន​កញ្ចប់ រួម​មាន​ទាំង​អាវុធ​ខ្លី​ផង​ដែរ ។

សូម​បញ្ជាក់​ថា ដោយ​អនុវត្ត​តាម​បញ្ជា​របស់​លោក​ឧត្តមសេនីយ៍ត្រី ម៉ៅ ពៅ ស្នងការ​នគរបាល​ខេត្ត ក៏​ដូច​ជា​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត កម្លាំង​សមត្ថកិច្ច​តាម​បណ្តាល​ស្រុក​-​ក្រុង​នៅ​ត្រើយ​ខាង​កើត​ទន្លេមេគង្គ​បាន​បើ​យុទ្ធនាការ​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ​ជា​ហូរហែ​លើ​ផ្លូវជាតិ​លេខ​៧ និង​ផ្លូវលំ​នានា​ផង​ដែរ ៕