ជន​បទេស​២​នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ ពី​បទ​រំលោភ​លើ​លំនៅ​ដ្ឋា​ន និង​លួច​មាន​ស្ថាន​ទម្ងន់ទោស

ខេត្តសៀមរាប ៖ ជន​បទេស​២​នាក់​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​អន្តោប្រវេសន៍ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ធ្វើការ​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​៦​ល្ងាច ថ្ងៃ​ទី​២២ តុលា ២០១៥ នៅ​ការិយាល័យ​អន្តោប្រវេសន៍​ខេត្ត ដោយ​ចោទប្រកាន់​ពី​បទ​រំលោភ​លើ​លំនៅ​ដ្ឋា​ន និង​លួច​មាន​ស្ថាន​ទម្ងន់ទោស តាម​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះជា​ជនជាតិ​អង់គ្លេស​កាលពី​ថ្ងៃ​ទី​២៩ កញ្ញា ឆ្នាំ​២០១៥​កន្លង​ទៅ​នេះ ។

លោក ចៅ ម៉ៅ​វី​រៈ ស្នងការ​រង ទទួល​ការងារ​អន្តោប្រវេសន៍ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​ប្រាប់ «​កោះសន្តិភាព​» នៅ​រសៀល​ថ្ងៃ​ទី​២៣ តុលា ២០១៥ ថា ជនបរទេស​ទាំង​២​នាក់​ដែល​ត្រូវ​ឃាត់ខ្លួន​មានឈ្មោះ Eglitis Guido James ភេទ​ប្រុស អាយុ​៦៨​ឆ្នាំ ជា​ជនជាតិ​អូស្ត្រាលី កាន់​លិខិតឆ្លងដែន​លេខ E៤០៥៣៦៥០ ចុះ​ថ្ងៃ​ទី​២៩ មិ​នា ២០១១ ស្នាក់​នៅផ្ទះ​ជួល​ក្នុងភូមិ​មណ្ឌល​៣ សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប និង​ម្នាក់​ទៀត​មានឈ្មោះ Brett Michael Hastie ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ ជនជាតិ​ញ៉ូ​ហ្សេ​លែ​ន មានមុខ​របរ​ម៉ៅ​ការ​សំណង់ កាន់​លិខិតឆ្លងដែន​មិន​ច្បាស់លាស់​ព្រោះ​បាន​យក​ទៅ​បន្ត​វី​សា​នៅ​ភ្នំពេញ បច្ចុប្បន្ន​ស្នាក់​នៅ​បន្ទប់​ជួល​ក្នុងភូមិ​ស្ល​ក្រាម សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ព្រមទាំង​ដកហូត​បាន​ម៉ាស៊ីនថតរូប​១ និង​លិខិតឆ្លងដែន​១​ ។

លោក ចៅ ម៉ៅ​វី​រៈ បន្ត​ទៀត​ថា បន្ទាប់​ពី​មាន​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ​ឈ្មោះ ដេ​វី​ដ ស្កុ​ត​ឆ័​រ (David Scotcher) ភេទ​ប្រុស អាយុ​៦៦​ឆ្នាំ ជនជាតិ​អង់គ្លេស មុខរបរ​ជា​គ្រូបង្រៀន​ភាសា​អង់គ្លេស ដែល​មាន​ទីលំនៅ​ភូមិ​ស្ទឹង​ថ្មី សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប កម្លាំង​ជំនាញ​ក៏​បាន​កោះហៅ​ជនបរទេស​២​នាក់​យក​មក​សួរនាំ​នៅ​ក្នុង​ការិយាល័យ​អន្តោប្រវេសន៍​តាម​ពាក្យបណ្តឹង​រឿង​សម្លុត​គំរាម និង​ទះកំភ្លៀង​ជន​រង​គ្រោះ​ដល់​ក្នុងផ្ទះ រួច​ក៏​ឃាត់​ខ្លួន​តែ​ម្តង។

បច្ចុប្បន្ន​ជនសង្ស័យ​ជា​ជនបរទេស​ទាំង​២​នាក់​ត្រូវ​បាន​កម្លាំង​ជំនាញ​ការិយាល័យ​អន្តោប្រវេសន៍ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​កាលពី​ព្រឹក​ថ្ងៃ​ទី​២៣ តុលា ២០១៥ ដើម្បី​ចាត់ការ​តាម​ច្បាប់ ៕