ហ្គេ​ម​បាញ់​ត្រី​បើក​លេង​យ៉ាង​រលូន​នៅ​សង្កាត់​បឹង​សាឡា​ង ​ខណៈអាជ្ញាធរ​ខណ្ឌទួលគោក​បង្ក្រាប​ខ្លះ​អត់​ខ្លះ

រាជធានី​ភ្នំពេញ ៖ ហ្គេ​ម​បាញ់​ត្រី​កំពុង​តែ​រីក​ដុះដាល​ពេញបន្ទុក​នៅ​ក្នុង​ខណ្ឌទួលគោក ខណៈ​ពេល​ដែល​ខណ្ឌ​នានា​ត្រូវ​បាន​បង្ក្រាប​ជា​បន្តបន្ទាប់ ជាក់ស្តែង​ហ្គេ​ម​បាញ់​ត្រី​​ជា​ច្រើន​កន្លែង​កំពុង​តែ​បើក​លេង​យ៉ាង​រំភើយ​តាម​បណ្តោយ​ផ្លូវ​​លេខ​២៧១ ចំណុច​គល់​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ ស្ថិត​ក្នុង​សង្កាត់​បឹង​សាឡា​ង ពុំ​ត្រូវ​បាន​អាជ្ញាធរ​ខណ្ឌទួលគោក​ចុះ​បង្ក្រាប​ឡើយ ។ ក្រៅពី​នោះ​នៅ​មាន​ហ្គេ​ម​បាញ់​ត្រី​ផ្ទះ​លេខ​៤៥ ផ្លូវ​លេខ​១៤៦ សង្កាត់​ផ្សារ​ដេប៉ូ​ទី​២ ខណ្ឌទួលគោក បាន​បើក​លេង​យ៉ាង​រលូន​ផង​ដែរ ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ហ្គេ​ម​បាញ់​ត្រី​ទាំងនោះ​មាន​ម្ចាស់ ឈ្មោះ វា​ហា និង​ឈ្មោះ ហ៊​យ  បាន​បើក​លេង​ជា​យូរ​មក​ហើយ​ពុំដែល​ត្រូវ​បាន​អាជ្ញាធរ និង​សមត្ថកិច្ច​ខណ្ឌទួលគោក ចុះ​បង្ក្រាប​ឡើយ ទន្ទឹម​នោះ​ម្ចាស់​បាន​ដើរ​អួត​ប្រាប់​ក្រុម​អ្នកលេង​ថា​នាំ​គ្នា​មក​លេង​ទៅ​ផ្ទះ​របស់​គាត់​មក សមត្ថកិច្ច​មិន​ចាប់​ទេ ព្រោះ​គាត់​(​ម្ចាស់​)​រត់ការ​បង់ប្រាក់​ដល់​អធិការ​ខណ្ឌ និង​អភិបាល​ខណ្ឌទួលគោក​អស់ហើយ ។ ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ទៀត​ថា នៅ​ក្នុង​ខណ្ឌទួលគោក​ជា​សំបុក​ហ្គេ​ម​បាញ់​ត្រី ដែល​មាន​ច្រើន​ជាងគេ​ក្នុង​រាជធានី​ភ្នំពេញ ដែល​ក្នុង​នោះ​ថៅកែ​ហ្គេ​ម​បាញ់​ត្រី​ខ្លះ​ម្នាក់ឯង​មាន​រហូត​ជិត​២០​កន្លែង​ដែល​បាន​ដំណើរការ​ដោយ​អត់​ច្បាប់ និង​ដោយ​រលូន ពុំដែល​ត្រូវ​បាន​បង្ក្រាប​ឡើយ ព្រោះ​ម្នាក់​ៗ​សុទ្ធតែ​ត្រូវរ៉ូវ​គ្នា​ជាមួយ​អាជ្ញាធរ​អស់ហើយ មិនតែប៉ុណ្ណោះ​ថៅកែ​ហ្គេ​ម​បាញ់​ត្រី​ដ៏​មាន​អំណាច​ទាំងនោះ​ត្រូវ​បាន​គេ​ចោទប្រកាន់​ថា បាន​ប្រើ​អាជ្ញាធរ​ឲ្យ​ចុះ​បង្ក្រាប​ហ្គេ​ម​អ្នក​ដ៏​ទៃ​ដែល​នៅ​ក្បែរ​ខ្លួន​ទៀត​ផង ដូច​ជា​កាលពី​ល្ងាច​ថ្ងៃ​ទី​២២ តុលា ២០១៥ ផ្ទះ​ហ្គេ​ម​មួយ​កន្លែង​នៅ​តាម​ផ្លូវ​លេខ​២៥៥ កែង​ផ្លូវ​លេខ​២៧១ ក្នុង​សង្កាត់​បឹង​សាឡា​ង ត្រូវ​បាន​អាជ្ញាធរ​ខណ្ឌទួលគោក​ចុះ​បង្ក្រាប ខណៈ​ពេល​ដែល​ផ្ទះ​ហ្គេ​ម​២​កន្លែង​ទៀត​នៅ​ក្បែរ​គ្នា​នោះ​កំពុង​តែ​បើក​លេង​ដែរ តែ​អាជ្ញាធរ​បែរជា​ធ្វើ​មើល​មិនឃើញ​ទៅ​វិញ ៕