លោក សួន សេរីរដ្ឋា៖ ការ​បោះ​បង្គោល​ព្រំដែន​នៅ​ស្វាយរៀង​ធ្វើ​ឲ្យ​ខ្មែរ​បាត់​ដី

ប្រធាន​គណបក្ស អំណាច​ខ្មែរ លោក សួន សេរីរដ្ឋា រក​ឃើញ​ថា ការ​បោះ​បង្គោល​ព្រំដែន​ថ្មី​នៅ​ឃុំ​ដូង ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​បាត់បង់​ដីស្រែ​ចំការ។

ការ​លើក​ឡើង​នេះ នៅ​បន្ទាប់​ពី​លោក​ចុះ​ទៅ​មើល​បង្គោល​ព្រំដែន​លេខ ១៣៨ និង ១៣៥ ព្រមទាំង​ជួប​ជាមួយ​ប្រជាពលរដ្ឋ​រងគ្រោះ​ពី​ការ​បាត់បង់​ដីធ្លី​នៅ​តាម​ព្រំដែន​ផ្ទាល់ នៅ​ថ្ងៃ​ទី​២៣ ខែ​តុលា។

លោក សួន សេរីរដ្ឋា៖ «យើង​បាន​ជួប​ជាមួយ​ប្រជាពលរដ្ឋ​ដែល​ជា​ម្ចាស់​ស្រែ ម្ចាស់​ដី ម្ចាស់​ភូមិ ដែល​បាន​រងគ្រោះ​ដោយសារ​តែ​ការ​បោះ​បង្គោល​ព្រំដែន​ថ្មី បាន​ចូល​ក្នុង​ដី​របស់​ពួកគាត់ ហើយ​ធ្វើ​ឲ្យ​ពួកគាត់​បាត់បង់​ដី បាត់បង់​ភូមិ ដែល​ជា​កេរដំណែល​ពី​ដូនតា​ច្រើន​ជំនាន់​ណាស់​មក​ហើយ។ ជាមួយ​គ្នា​នេះ ពួកគាត់​បាន​នាំ​យើង​ដើរ​ចង្អុល​អំពី​ទីតាំង​ព្រំ​ប្រទល់​ចាស់ ឬ​កន្លែង​បោះបង្គោល​ព្រំដែន​ចាស់ ហើយ​ឥឡូវ​នេះ​គេ​បោះ​ថ្មី គឺ​បាន​ចូល​មក។ ប្រជាពលរដ្ឋ​ព្រួយ​បារម្ភ​ដែរ​ថា ការ​រៀបចំ​បោះបង្គោល​ព្រំដែន​ផ្សេង​ទៀត​នោះ នឹង​អាច​អស់​ដីស្រែ​គាត់​ទៀត​ហើយ»

ក្រោយ​ចុះ​ពិនិត្យ​មើល​តំបន់​ផ្សេងៗ​នៅ​តាម​ព្រំដែន​ភាគ​ខាង​កើត​ហើយ​នោះ គណបក្ស​អំណាច​ខ្មែរ គ្រោង​នឹង​អញ្ជើញ​តំណាង​ស្ថានទូត​ប្រទេស​ហត្ថលេខី​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ចំនួន ១៨ ដែល​ប្រចាំ​កម្ពុជា ដើម្បី​ចុះ​ជួប​ឆ្លើយ​ឆ្លង​ជាមួយ​ប្រជាពលរដ្ឋ​រង​គ្រោះ នៅ​ឃុំ​ដូង ស្រុក​រមាសហែក ផ្ទាល់ នៅ​ថ្ងៃ​ទី​៣០ ខែ​តុលា។

​វិទ្យុ​អាស៊ីសេរី នៅ​មិន​ទាន់​អាច​សុំ​ការ​ឆ្លើយ​តប​ពី​គណៈកម្មាធិការ​ចម្រុះ​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន​បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី​២៣ ខែ​តុលា។

កន្លង​មក ប្រជាពលរដ្ឋ​នៅ​ឃុំ​ដូង អះអាង​ថា ដីស្រែ​របស់​ពួកគាត់​បាន​បាត់​បង់​អស់​ជា​ច្រើន​ហិកតារ បន្ទាប់​ពី​វៀតណាម បាន​ចូល​ទៅ​ឈូស​ឆាយ​បំផ្លាញ​ដំណាំ​អំពៅ និង​ដំឡូងមី កាល​ពី​ឆ្នាំ​១៩៩១ បើទោះ​បី​ជា​មាន​ការ​ប្រឆាំង​​យ៉ាង​ខ្លាំងក្លា​ពី​ប្រជាពលរដ្ឋ​ខ្មែរ​ម្ចាស់​ដី​ក៏ដោយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។