សង្គម​ស៊ីវិល​មួយ​ចំនួន​ថា​រដ្ឋាភិបាល​មិន​ទាន់​អនុវត្ត​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស​បាន​ទូលំទូលាយ

យុវជន សិស្ស​និស្សិត ព្រះសង្ឃ ពលរដ្ឋ​នៅ​តាម​បណ្ដាល​ខេត្ត​មួយ​ចំនួន រួមមាន​ខេត្ត​កំពង់ចាម បាត់ដំបង សៀមរាប និង​ខេត្ត​តាកែវ នាំ​គ្នា​ប្រារព្ធ​ខួប​លើក​ទី​២៤ នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ថ្ងៃ​ទី​២៣ តុលា ដែល​មាន​អ្នក​ចូល​រួម​ចន្លោះ​ពី ៥០​នាក់ ទៅ ១០០​នាក់ ទៅ​តាម​តំបន់​នីមួយៗ។ ការ​ប្រារព្ធ​ពិធី​នេះ​ឡើង ក្នុង​គោលបំណង​បង្កើន​ការ​យល់​ដឹង​ដល់​សាធារណជន និង​ជំរុញ​ឱ្យ​មាន​ការ​គោរព ឬ​អនុវត្ត​តាម​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ឱ្យ​បាន​ទូលំទូលាយ។

បណ្ដា​យុវជន ព្រះសង្ឃ ប្រមាណ ៦០​នាក់/អង្គ នាំ​គ្នា​រំឭក​ខួប​ថ្ងៃ​ទី​២៣ ខែ​តុលា នៅ​ទី​រួម​ខេត្ត​កំពង់ចាម ក្បែរ​ស្ពាន​គីហ្ស៊ូណា គឺ​ដើម្បី​រំលឹក​ថ្ងៃ​ប្រវត្តិសាស្ត្រ​មួយ​នេះ​ឱ្យ​ដក់​ជាប់​ក្នុង​សន្ដាន​ចិត្ត​ពលរដ្ឋ​ខ្មែរ​ទូទៅ ពីព្រោះ​ជា​ថ្ងៃ​មួយ​ដែល​នាំ​ឱ្យ​កម្ពុជា មាន​សុខ​សន្តិភាព​ពិត​ប្រាកដ។

និស្សិត​ឆ្នាំ​ទី​៣ ផ្នែក​នីតិសាស្ត្រ​នៃ​សាកលវិទ្យាល័យ​ន័រតុន និង​ជា​សមាជិក​ក្រុមប្រឹក្សា​កិច្ចការ​សាធារណៈ​កម្ពុជា លោក រម៉ាស់ ថៃ មាន​ប្រសាសន៍​ថា កន្លង​មក​ប្រជាពលរដ្ឋ ឬ​យុវជន ហាក់​មិន​សូវ​ចាប់​អារម្មណ៍​ថ្ងៃ​នេះ​ប៉ុន្មាន​ទេ មាន​ន័យ​ថា ការ​យល់​ដឹង​របស់​ពលរដ្ឋ​ជុំវិញ​ថ្ងៃ​ទី​២៣ ខែ​តុលា គឺ​មិន​ទាន់​បាន​ទូលំទូលាយ។

លោក​បន្ត​ទៀត​ថា គោលបំណង​ខាង​លោក​រៀបចំ​ព្រឹត្តិការណ៍​នេះ​ឡើង ដើម្បី​បង្កើន​ការ​យល់​ដឹង​ដល់​សាធារណជន​អំពី​ថ្ងៃ​ប្រវត្តិសាស្ត្រ​មួយ​នេះ៖ «គឺ​ជំរុញ​ការ​អនុវត្ត​កិច្ច​ព្រមព្រៀង​នេះ ឱ្យ​បាន​ទូលំទូលាយ​ដល់​សាធារណជន»

បន្ថែម​ពី​នេះ សាមណនិស្សិត​ថ្នាក់​អនុបណ្ឌិត​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា ព្រះតេជព្រះគុណ ធួ ធា មាន​ព្រះ​ថេរដីកា​ថា ថ្ងៃ​២៣ តុលា គឺ​ជា​ថ្ងៃ​ដែល​មាន​សារសំខាន់ នាំ​ឱ្យ​ប្រទេស​កម្ពុជា មាន​សន្តិភាព ឯកភាព​ជាតិ បូរណភាព​ទឹក​ដី​ពិត​ប្រាកដ ពោល​គឺ​ជា​ថ្ងៃ​បញ្ចប់​ជម្លោះ​នៅ​កម្ពុជា។ ព្រះអង្គ​បន្ត​ថា បើ​គ្មាន​ថ្ងៃ ២៣ តុលា ក៏​មិន​អាច​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា មាន​សុខ​សន្តិភាព​ដូច​សព្វថ្ងៃ​ដែរ៖ «ថ្ងៃ​៧ មករា គឺ​ជា​ថ្ងៃ​រំដោះ​ចេញ​ពី​របប​ខ្មែរ​ក្រហម ប៉ុន្តែ​សង្គ្រាម​មិន​ទាន់​ចប់​ទេ រហូត​ដល់​ទសវត្ស ៨០ ឆ្នាំ​៨៩ ទើប​វៀតណាម ចេញ​វិញ រហូត​ដល់​ឆ្នាំ​៩១ ទើប​ជា​ថ្ងៃ​ដ៏​វិសេសវិសាល»

​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ថ្ងៃ​ទី​២៣ តុលា ឆ្នាំ​១៩៩១ គឺ​ជា​ថ្ងៃ​ចុះ​ហត្ថលេខា​ពី​សំណាក់​មហា​អំណាច​ក្នុង​តំបន់ និង​ក្នុង​ពិភពលោក​ដើម្បី​បញ្ចប់​ជម្លោះ​នយោបាយ​យ៉ាង​ស៊ីសាច់ហុតឈាម​រវាង​ភាគី​ជម្លោះ​ទាំង ៤ នៅ​កម្ពុជា រួមមាន ភាគី​រដ្ឋ​កម្ពុជា ដឹកនាំ​ដោយ​លោក ហ៊ុន សែន ភាគី​របស់​ព្រះបាទ នរោត្តម សីហនុ ភាគី​របស់​ខ្មែរ​ក្រហម និង​ភាគី​របស់​លោក សឺន សាន។ កាល​ណោះ មាន​ប្រទេស​ចំនួន ២០ បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នេះ ដោយមាន​ប្រទេស​បារាំង និង​ប្រទេស​ឥណ្ឌូនេស៊ី ជា​សហប្រធាន។

ពលរដ្ឋ​មាន​វ័យ​ជាង ៦០​ឆ្នាំ រស់​នៅ​ក្រុង​កំពង់ចាម អ្នកស្រី សាត សុភាព អង្គុយ​លក់​ទឹក​សុទ្ធ​នៅ​ក្រោម​ដើម​ជ្រៃ​និយាយ​ថា ដ្បិតតែ​អ្នកស្រី​មិន​សូវ​យល់​ដឹង​ពី​ថ្ងៃ​នេះ​ក៏ដោយ ប៉ុន្តែ​ក្រោយពេល​ស្ដាប់​ឮ​ការ​ផ្សព្វផ្សាយ​របស់​ក្រុម​យុវជន អ្នកស្រី​យល់​ថា ថ្ងៃ​ទី​២៣ តុលា គឺ​ជា​ថ្ងៃ​សំខាន់​ដែល​នាំ​នាវា​កម្ពុជា ឱ្យ​ស្គាល់​សុខ​សន្តិភាព៖ «ចង់​បាន​សន្តិភាព អ៊ីចឹង​កុំ​ឱ្យ​មាន​អំពើ​ហិង្សា​អី»

ស្រដៀង​គ្នា​នេះ នៅ​ឯ​ខេត្ត​បាត់ដំបង​វិញ យុវជន សិស្ស និស្សិត ព្រះសង្ឃ ប្រមាណ ១០០​នាក់/អង្គ ក៏​បាន​នាំ​គ្នា​ប្រារព្ធ​ខួប​លើក​ទី​២៤ នៃ​កិច្ចព្រមព្រៀង​មួយ​នេះ​ដែរ ដោយ​អ្នក​ចូល​រួម​ត្រូវ​ជិះ​កង់​ផ្សព្វផ្សាយ​នៅ​បរិវេណ​ក្រុង​បាត់ដំបង។

ព្រះតេជព្រះគុណ​គង់​នៅ​វត្ត​ចង្ក្រានតាព្រហ្ម ស្ទឹងមានជ័យ ព្រះនាម អ៊ិន ពុទ្ធី មាន​ថេរដីកា​ថា មាន​ប្រជាពលរដ្ឋ​ប្រមាណ ៥០​ភាគរយ ចាប់​អារម្មណ៍​ចំពោះ​កិច្ចព្រមព្រៀង​នេះ ប៉ុន្តែ​ការ​យល់​ដឹង​ពួកគាត់​ហាក់​នៅ​មាន​កម្រិត។ ព្រះអង្គ​បន្ត​ថា មូល​ហេតុ​ដែល​ជ្រើសរើស​ទីតាំងនៅ​ខេត្ត​បាត់ដំបង ប្រារព្ធ​ពិធី​នេះ ដោយ​ខេត្ត​បាត់ដំបង គឺ​ជា​កន្លែង​បណ្ដុំ​សិស្ស​និស្សិត​បញ្ញវន្ត និង​ជា​ទឹក​ដី​ប្រវត្តិសាស្ត្រ ព្រមទាំង​ជា​តំបន់​សេដ្ឋកិច្ច​មួយ​យ៉ាង​សំខាន់​ផង។

ព្រះអង្គ​បញ្ជាក់​ថា កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ពិតជា​សំខាន់​ណាស់​សម្រាប់​ពលរដ្ឋ​ទាំង​អស់​ត្រូវ​ចងចាំ៖ «អ៊ីចឹង​ហើយ​ក្នុង​នាម​អាត្មា​ជា​ព្រះសង្ឃ​ខ្មែរ​មួយ​អង្គ ក៏​ដូចជា​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​មូល ពិសេស​មន្ត្រី​មាន​សមត្ថកិច្ច សុំ​ឱ្យ​គោរព​សន្ធិសញ្ញា​ទីក្រុង​ប៉ារីស​នេះ»

​ដោយឡែក​នៅ​តាម​បណ្ដា​ខេត្ត​ផ្សេង​ទៀត ការ​រៀបចំ​ប្រារព្ធ​ពិធី​នេះ​ឡើង​ក៏​មាន​លក្ខណៈ​ប្រហាក់ប្រហែល​គ្នា ដោយ​គ្រាន់តែ​កន្លែង​ខ្លះ​ធ្វើ​នៅ​ពេល​ព្រឹក និង​កន្លែង​ខ្លះ​ធ្វើ​នៅ​ពេល​រសៀល​ប៉ុណ្ណោះ។

​យ៉ាង​ណា មន្ត្រី​សម្របសម្រួល​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ (LICADHO) ខេត្ត​កំពង់ចាម លោក ប៊ូ វីរៈ មើល​ឃើញ​ថា រាជរដ្ឋាភិបាល​នៅ​មិន​ទាន់​អនុវត្ត​ស្មារតី​នៃ​កិច្ច​ព្រមព្រៀង​មួយ​នេះ​ឱ្យ​បាន​ប្រសើរ​នោះ​ទេ។

លោក​ថា មាន​ចំណុច​មួយ​ចំនួន ដូចជា​បញ្ហា​គោរព​សិទ្ធិមនុស្ស ការ​ផ្ទុះ​អំពើ​ហិង្សា​លើ​ប្រជាពលរដ្ឋ និង​អ្នក​តវ៉ា​ផ្សេងៗ ការ​ចាប់​សកម្មជន​ដីធ្លី និង​អ្នក​នយោបាយ​ដាក់​ពន្ធនាគារ​ជា​បន្តបន្ទាប់​ជាដើម៖ «វា​ចម្លែក​ត្រង់​ថា ក្រោយ​ពេល​បោះឆ្នោត​នៅ​ឆ្នាំ​១៩៩៣ គឺ​មាន​រដ្ឋាភិបាល​ពីរ អា​នេះ​ធ្វើ​ឱ្យ​កិច្ច​ព្រមព្រៀង​មាន​ភាព​រដិបរដុប ហើយ​មួយ​ទៀត ព្រឹត្តិការណ៍​ថ្ងៃ ៥-៦ (កក្កដា ១៩៩៧) នោះ រវាង​គណបក្ស​ឈ្នះ​ឆ្នោត​ទាំង​ពីរ»

​លោក​បន្ថែម​ថា ការ​អនុវត្ត​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ២៣ តុលា បាន​ត្រឹមត្រូវ​យ៉ាង​ណា​នោះ គឺ​អាស្រ័យ​លើ​រាជរដ្ឋាភិបាល​ខ្លួន​ឯង ពីព្រោះ​ជា​អ្នក​អនុវត្ត​ផ្ទាល់​ទៅ​លើ​កិច្ចព្រមព្រៀង​មួយ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។