លោក ប៉រ រំភើបចិត្ត ដោយ​ខ្លួន​មិនចាំបាច់​ពឹង​ជំនួយ​ពី​គ្រូពេទ្យ​

Sanofi

​លោក ប៉រ ណៈ​ថា​វុ​ត (Por Nattawut) តួឯក​ប្រុស​ក្នុង​រឿង «​មាសទឹកប្រាំបួន​» (Tong Neu Gao) បានប្រកាស​ដំណឹង​ល្អ​ថា ខ្លួន​ពិតជា​រំភើបចិត្ត​យ៉ាងខ្លាំង ដោយ​ប្រពន្ធ​របស់លោក អ្នកនាង អេ ផន​ធីប (Ae Pornthip) កំពុង​តែមាន​ផ្ទៃពោះ​កូន​ទី ២ បាន ៣ ខែ​មកហើយ ដោយ​សម្រាប់​កូន​ទី ២ នេះ គឺជា​សមិទ្ធិផល​បាន​ពី​ស្នាដៃ​របស់លោក​សុទ្ធសាធ មិន​ដូច​កូន​ទីមួយ​គឺ​ត្រូវការ​ជំនួយ​ពី​គ្រូពេទ្យ​យ៉ាង​ពេញទំហឹង​។​


​ពេលនេះ​គឺ​គភ៌​មាន​អាយុ ៣ ខែ ហើយ​ពិនិត្យ​អេកូ​ឃើញថា កូន​លើក​នេះ​គួរតែ​ជា​កូនប្រុស តែ​គ្រូពេទ្យ​បាន​បញ្ជាក់ថា នៅ​មិនទាន់​ប្រាកដ​ទេ​ត្រូវ​រងចាំ ២ សប្តាហ៍​ទៀត ចាំ​ពិនិត្យឡើងវិញ​ម្តងទៀត​។ តាមពិតទៅ លោក ប៉រ ចង់ឱ្យ​កូន​ទី ២ ជា​កូនស្រី ព្រោះ​លោក​មានកូន​ប្រុស​ម្នាក់​ហើយ តែបើ​ទោះជា​កូនប្រុស​ក៏​មិន​ថ្វី ព្រោះ​មាន​អារម្មណ៍​ថា គេ​មក​ចាប់កំណើត​គឺជា​ការកំណត់​របស់​ទេវតា​។​


​អ្នកនាង អេ ផន​ធីប បាន​ប្រាប់ថា កូន​ទី ២ នេះ គឺ​បាន​ត្រៀមខ្លួន​រួចជាស្រេច ព្រោះ​ធ្លាប់មាន​បទពិសោធ​ជាមួយ​កូន​ដំបូង​រួចហើយ  ប៉ុន្តែ​អាការ​ចាញ់កូន​គឺ​នៅតែមាន​គ្រាន់តែ​ធ្វើទុក្ខ​ពេល​ដំបូង​ប្រហែល ១ ទៅ ២ សប្តាហ៍​ប៉ុណ្ណោះ មិន​ដូច​កូន​ទី ១ គឺ​ធ្វើទុក្ខ​ដល់​ទៅ ៥ ខែ​។​


​ទស្សនិកជន​ក៏​សូម​អបអរសាទរ​លោក ប៉រ ដែល​ជិត​មានកូន​ទី ២ ព្រោះ​ទម្រាំ​តែមាន​កូន​ទី ១ គឺ​លោក​ត្រូវ​ទៅ​ស្វែងរក​ជំនួយ​យ៉ាង​ពេញទំហឹង​ពី​ក្រុមគ្រូពេទ្យ តែ​សម្រាប់​លើក​នេះ គឺ​អ្វីៗ​បានមក​ដោយ​ធម្មជាតិ អាច​និយាយបានថា គឺ​ចេញពី​សមត្ថភាព​របស់​លោក​ទាំងស្រុង​៕ ខេ​រី​
(​ប្រភព​៖ ហ្គោ​ស​ស៊ី​ប ស្តារ​)


 

Related